លោក អ៊ួ តារា៖ សហព័ន្ធគុនល្បុក្កតោ មិនឆ្អែនឆ្អន់ក្នុងការស្វែងរកធនធានមានទេពកោសល្យ
កីឡាជាតិ
លោក អ៊ួ តារា៖ សហព័ន្ធគុនល្បុក្កតោ មិនឆ្អែនឆ្អន់ក្នុងការស្វែងរកធនធានមានទេពកោសល្យ
16, Jan 2021 , 2:59 pm        
រូបភាព
(Front) លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
(Front) លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានឹងចាត់មន្ត្រីជំនាញឲ្យសម្លឹងរកធនធានមានសមត្ថភាពពីការប្រកួតជើងឯកថ្នាក់ជាតិដែលធ្វើឡើងនៅអំឡុងខែមករា នេះ ដើម្បីបញ្ចូលក្នុងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិថ្នាល។ លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធអះអាងថា ជារៀងរាល់ឆ្នាំសហព័ន្ធតែងតែចម្រាញ់បានធនធានមានទេពកោសល្យពី៤ទៅ៥នាក់ពីការប្រកួតនេះ ដើម្បីដាក់ឲ្យប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។ 

 
អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលោក អ៊ួ តារា បានបង្ហាញពីគោលបំណងសំខាន់ៗរបស់សហព័ន្ធចំពោះការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២២-២៤ មករា ឆ្នាំ២០២១។ ជាមួយគ្នានេះ លោក បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រកួតនេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់កីឡាករក្នុងដំណើរឈានទៅជោគជ័យក្នុងការប្រកួតនានា។ 
 
សម្រាប់លោក អ៊ួ តារា ទោះបីវាជាការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ តែវាជាឱកាសមួយដល់ល្អសម្រាប់កីឡាករក្នុងការបង្ហាញសមត្ថភាព និងសម្រាប់សហព័ន្ធក្នុងការស្វែងរកធនធានមានសមត្ថភាព ដើម្បីត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។ ពីមួយឆ្នាំទៅមួយ សហព័ន្ធ តែងតែទទួលបានកីឡាករវ័យមានទេពកោសល្យពី៤ទៅ៥នាក់ ដើម្បីដាក់បញ្ចូលឲ្យប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិថ្នាល។ 
 

 
ជាក់ស្តែងនៅឆ្នាំនេះ សហព័ន្ធ នឹងចាត់មន្ត្រីជំនាញឲ្យតាមដាន និងស្វែងរកកីឡាករមានទេពកោសល្យពីការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីពិចារណាបន្ថែមចំនួនកីឡាករក្នុងក្រុមជម្រើសជាតិថ្នាល និងឈុតធំ។ កីឡាករកីឡាការិនីមានសមត្ថភាព និងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ នឹងមានឱកាសខ្ពស់ក្នុងការក្លាយជាកីឡាករជម្រើសជាតិ។ 
 
«សម្រាប់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាអត់ឆ្អែតឆ្អន់ក្នុងការស្វែងរកអ្នកមានសមត្ថភាព ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចក្លាយជាកីឡាករកីឡាការិនីជម្រើសជាតិនោះទេ។ ជារៀងរាល់ឆ្នាំទាំងមន្ត្រី និងមន្ត្រីបច្ចេកទេសរបស់យើងតែងតែតាមមើលពីទេពកោសល្យរបស់កីឡាករកីឡាការិនីយើង ព្រោះមនុស្សថ្មីៗ និងអ្នកមានទេពកោសល្យគាត់លេចឡើងរាល់ៗឆ្នាំ»។ នេះជាការលើកឡើងរបស់លោក អ៊ួ តារា ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មី កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២១។ 
 
អគ្គលេខាធិការរូបនេះ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកវិធីសាស្ត្រ ដើម្បីបន្ថែមចំនួនកីឡាករឲ្យកាន់តែច្រើនក្នុងក្រុមជម្រើសជាតិថ្នាល។ លោកបង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា៖«ទោះចំនួនកីឡាករជម្រើសជាតិថ្នាល វាស្ថិតក្នុងចំនួនកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា ក៏ប៉ុន្តែក្នុងលក្ខខណ្ឌប្រសិនបើ ក្រោយការប្រកួតយើងមានកីឡាករកីឡាការិនីល្អបន្ថែមទៀត យើងនឹងរកពិធីប្រមូលបន្ថែមទៀត ដើម្បីធ្វើជាធនធានកីឡាកររបស់សហព័ន្ធ»។ 
 
ក្រៅពីចម្រាញ់រកធនធានជម្រើសជាតិ និងស៊ីហ្គេម ការប្រកួតជើងឯកថ្នាក់ជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងបានបង្ហាញសមត្ថភាព ដែលពួកគេបានហ្វឹកហាត់កន្លងមក ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពកីឡាករ ដើម្បីឈានទៅត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការលើកទឹកចិត្តកីឡាករ និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងកីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ មកពីក្លិបផ្សេងៗគ្នាឲ្យកាន់តែប្រសើរ ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំនេះដែរ។ 
 
ដើម្បីឲ្យការប្រកួតកាន់តែមានភាពស្វិតស្វាញ និងទាក់ទាញជាងមុន នៅឆ្នាំនេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសម្រេចកែប្រែបទបញ្ជាការប្រកួត ទម្រង់នៃការដាក់ពិន្ទុ និងការផ្លាស់ប្តូរវិញ្ញាសាប្រកួតមួយចំនួនជាដើម។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺសហព័ន្ធនឹងរៀបចំទីលានប្រកួតថ្មី ដោយបែងចែកទីលានប្រកួតសម្រាប់វិញ្ញាសាប្រយុទ្ធ និងសម្តែងដាច់ពីគ្នា។ 
 
លោក អ៊ួ តារា បង្ហាញពីគោលបំណងនៃការរឹតបណ្តឹងបទបញ្ជាការប្រកួតយ៉ាងដូច្នេះថា៖«កាលណាការដាក់ពិន្ទុយើងកាន់តែតឹង កីឡាករកាន់តែប្រឹង គាត់អត់ខ្ជះខ្ជាយចលនា និងទម្រង់របស់គាត់។ យើងរឹតបទបញ្ជាបច្ចេកទេស ដើម្បីគោលដៅធំ គឺឲ្យកីឡាករយើងមានកម្រិតសមត្ថភាពខ្ពស់ឲ្យស្មើកីឡាករកីឡាការិនីបរទេស កាលណាយើងបន្ធូរ គាត់ធូរទៅតាមនឹងដែរ»។ 
 
លោកបន្ថែមថា ការកែប្រែនេះមិនមែនមានន័យថា ការអនុវត្តន៍កន្លងមកខុសនោះទេ ពោលគឺការធ្វើបែបនេះ ក្នុងគោលបំណងដើម្បីឲ្យការប្រកួតកាន់តែមានភាពស្វិតស្វាញ និងទាក់ទាញជាងមុន។ ម្យ៉ាងទៀត ដើម្បីឲ្យមានសមាមាត្ររវាងបទបញ្ជាការប្រកួតជាមួយសមត្ថភាពកីឡាករ និងមន្ត្រីអាជ្ញាកណ្តាលចៅក្រម ដែលមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ 
 
សម្រាប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា។ ប៉ុន្តែនៅឆ្នាំនេះ សហព័ន្ធ ទទួលបានការឧបត្ថម្ភពីលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិនូវថវិកាចំនួន១៦,៨៥០ដល្លារ បន្ថែមទៀតក្នុងការរៀបចំការប្រកួត។ 
 

 លោក អ៊ួ​ តារា (ស្តាំ)ទទួលថវិកាឧបត្ថម្ភពីលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ

លោកស្រី នួន ស៊ុន្ទរី បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរ។ លោកស្រី រំពឹងថា ការចូលរួមរបស់ខ្លួននឹងក្លាយជាគំរូ និងជាដែកឆក់ក្នុងការទាក់ទាញអ្នកមានទ្រព្យធនផ្សេងៗទៀត ឲ្យចូលរួមជួយឧបត្ថម្ភកីឡាវប្បធម៌ ប្រពៃណីមួយនេះ កាន់តែច្រើនថែមទៀត។ 
 
«សម្រាប់នាងខ្ញុំអារម្មណ៍ពិតគឺស្រឡាញ់ល្បុក្កតោខ្លាំងមែនទែន ហើយថ្ងៃនេះមានន័យថា បំណងប្រាថ្នារបស់ខ្ញុំបានសម្រេចដូចបំណងហើយ ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខ លើការប្រកួតកីឡាគុនល្បុក្កតោថ្នាក់ជាតិ។ សម្រស់ធម្មជាតិកំពុងតែសិក្សាលើការឧបត្ថម្ភកីឡាគុនល្បុក្កតោជាបន្តបន្ទាប់។ ហើយសង្ឃឹមថា សម្រស់ធម្មជាតិនឹងមានវត្តមានជាមួយល្បុក្កតោជារៀងរហូត»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី នួន ស៊ុន្ទរី។ 
 

 លោក វ៉ាត់ ចំរើន (ឆ្វេង) និងលោក ច័ន្ទ សារុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ
 
ទាំងលោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធសុទ្ធតែបានបង្ហាញអារម្មណ៍រំភើបរីករាយ និងចាត់ទុកការឧបត្ថម្ភនេះជាការរួមចំណែកមួយដ៏ធំធេង និងជាចំណុចចាប់ផ្តើមក្នុងការជំរុញឲ្យវិស័យកីឡាគុនល្បុក្កតោកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ លោកទាំងពីររំពឹងថា ក្រុមហ៊ុននេះនឹងបន្តជួយកីឡាគុនល្បុក្កតោបន្ថែមទៀតក្នុងការឈានទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
ជាមួយគ្នានេះ លោក ច័ន្ទ សារុន ជំរុញឲ្យកីឡាករកីឡាការិនីខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយឈរលើការគោរពបទបញ្ជាការប្រកួតឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។ ជាពិសេស លោក ជំរុញឲ្យមន្ត្រីអាជ្ញាកណ្តាលចៅក្រមកាត់ក្តីឲ្យបានត្រឹមត្រូវ កុំប្រកាន់បក្សពួក និងផ្អែកលើបទបញ្ជានៃការដាក់ពិន្ទុ។ 
 

 លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពជា

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ នៅអគារដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតនេះមានកីឡាករកីឡាការិនីជាង១៩០នាក់មកពី២៤ក្លិបសមាគមចូលរួម៕  
 

Tag:
 គុនល្បុក្កតោ
  អ៊ួ តារា
  ជើងឯកថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com