ប្រយ័ត្ន​! អាហារ​អ្វីខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​?
ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អាហារ​អ្វីខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​?
18, Jan 2021 , 6:59 pm        
រូបភាព
​តម្រងនោម គឺជា​សរីរាង្គ​ចាំបាច់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ដើរតួនាទី​សំខាន់ៗ​ជាច្រើន​។ តម្រងនោម​ជួយ​កម្ចាត់​ជាតិពុល​កាកសំណល់​តាមរយៈ​ទឹកនោម​, ច្រោះ​ឈាម រក្សា​តុល្យភាព​នៃ​ជាតិ​រ៉ែ ការផលិត​អ័រម៉ូន និង​ការរក្សា​តុល្យភាព​នៃ​សារធាតុ​រាវ​។ កត្តា​ច្រើនណាស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ដែល​មិនអាច​គ្រប់គ្រង​បានជា​មូលហេតុ​ទូទៅ​បំផុត​។ ទោះជា​យ៉ាងណា​តាមរយៈ​ការកម្រិត ឬ​ចៀសវាង​ទទួលទាន​អាហារ​មួយចំនួន​អាចជួយ​កាត់បន្ថយ​ការប្រមូលផ្ដុំ​នូវ​កាកសំណល់​ក្នុង​ឈាម ជួយ​បង្កើន​ភាពប្រសើរឡើង​នៃ​សុខភាព​តម្រងនោម និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. សាច់​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើនពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិនអាច​រក្សា​កម្រិត pH ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។ របប​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ចេញពី​សាច់សត្វ​ខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​ដោយ​សាច់​ជម្រុញ​ការផលិត​អាស៊ីត​អ៊ុយ​រិ​ក​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​។​
 
២. អំបិល ឬ​អាហារ​ប្រៃ​
 
​របប​អាហារ​មាន​សុខ​ភាពល្អ​មួយ គឺមាន​ផ្ទុក​សូ​ដ្យូ​ម ឬ​អំបិល​មិន​លើសពី ២៣០០ មី​លី​ក្រាម ឬ​ប្រហែល ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើនពេក តម្រងនោម​ត្រូវ​ទទួលបន្ទុក​ខ្លាំង​ជាង​ធម្មតា​ដើម្បី​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​។ ជា​លទ្ធផល​យូរ​ទៅ​តម្រងនោម​នឹង​ចាប់ផ្ដើម​ចុះខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​បង្ក​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Oxalate
 
​ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​កាល់ស្យូម Oxalate​។ ការកាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate រួមមាន​សូកូឡា គ្រាប់​ធញ្ញជាតិ មើម​ឆៃថាវ មើមត្រាវ និង​ផលិតផល​សណ្តែក​ជាដើម គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ជៀសផុត​ពី​បញ្ហា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ អ្នក​មិនចាំបាច់​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate ទាំងស្រុង​តែម្ដង​ឡើយ គ្រាន់តែ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម​។​
 
៤. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​រួមមាន​បឺ​រ ឈី​ស ទឹកដោះគោ និង​យ៉ា​អួរ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​បង្កើន​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម​។ ជា​លទ្ធផល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ សម្រាប់​អ្នក​ដែល​កំពុងមាន​ជំងឺ​តម្រងនោម​ស្រាប់ ចូរ​កាត់បន្ថយ​ការ​ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ បឺ​រ គឺជា​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់ saturated ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ជំងឺ​បេះដូង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​តម្រងនោម​។​
 
៥. អាហារ​កំប៉ុង​
 
​អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ព្រោះ​អំបិល​ត្រូវបាន​បន្ថែម​ជា​សារធាតុ​ការពារ​ដើម្បី​បង្កើន​អាយុកាល​នៃ​អាហារ​ប្រភេទ​នេះ ឬ​រក្សាទុក​បានយូរ​។ ហើយក៏​ព្រោះតែ​បរិមាណ​ខ្ពស់​នៃ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ក្នុង​ទំនិញ​កំប៉ុង វា​ត្រូវបាន​គេ​ណែ​នាំឱ្យ​អ្នក​ដែលមាន​ជំងឺ​តម្រងនោម​កម្រិត ឬ​ជៀសវាង​ការទទួល​ទាន​។ ការ​ជ្រើស​យក​ប្រភេទ​នៃ​អាហារ​កំប៉ុង​ដែលមាន​ស្លាក​បញ្ចាក់​ប្រាប់ថា “​គ្មាន​អំបិល​បន្ថែម​” ឬ​សូ​ដ្យូ​ម​ទាប គឺ​ការប្រសើរ​បំផុត​។ ការលាង​សម្អាត​និង​បង្ហូរទឹក​នៃ​អាហារ​កំប៉ុង​ដូចជា​ស្ពៃ​កំប៉ុង ត្រី​ធូ​ណា​កំប៉ុង និង​សណ្ដែក​កំប៉ុង​អាច​កាត់បន្ថយ​ជាតិ​សូ​ដ្យូ​ម​បាន​ពី ៣៣ ដល់ ៨០ ភាគរយ​អាស្រ័យ​លើ​ផលិតផល​នោះ​។​
 
៦. ស្ករស​
 
​ការទទួល​ទាន​ស្ករស ឬ​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់​ច្រើន​ពេល​រួមចំណែក​បង្ក​ភាពធាត់​ជ្រុល​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ជំងឺ​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ហើយ​ជំងឺ​ទាំងពីរ​នេះ​ជា​កត្តា​នាំឱ្យ​កើតមាន​ជំងឺ​តម្រងនោម​។ ដូច្នេះ​ដើម្បី​ជៀសវាង​ធ្វើឱ្យ​តម្រងនោម​ឆាប់​ខូច ចូរ​កម្រិត​ការទទួល​ទាន​ជាតិ​ស្ករ​របស់​អ្នក​។​
 
​អ្នក​ក៏​ចាំបាច់​គួរ​ចៀសវាង​ទម្លាប់​ទាំងនេះ​ផងដែរ ៖
១. ការជក់បារី​
 
​ទម្លាប់​នេះ​មិន​ត្រឹមតែ​បង្កបញ្ហា​ដល់​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​! នេះ​ក៏​ព្រោះតែ​ការជក់បារី​អាច​បង្ក​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​បណ្ដាលអោយ​មានការ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​តម្រងនោម​។​
 
២. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​មិនខានឡើយ​។​
 
៣. ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល​យូរ​
 
​ទម្លាប់​នៃ​ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​សឹងតែ​ជាប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម​។ ហើយ​អ្នក​ក៏​មិនគួរ​ទទួលទាន​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​បំបាត់​ការឈឺចាប់​តិចតួច​ឡើយ​។ ការទទួល​ទាន​ថ្នាំ​នេះ​ជាប្រចាំ​អាច​បណ្ដាលឱ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ហើយ​វា​ក៏បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​លើ​មុខងារ​នៃ​តម្រងនោម​ផងដែរ​។​
 
៤. ការ​ទប់​នោម​យូរ​
 
​ការ​ទប់​នោម​យូរ គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទប់​នោម នោះ​ទឹកនោម​នឹងត្រូវ​ស្ថិតនៅក្នុង​ផ្លោក​នោម​យូរ ហើយ​បាក់តេរី​ចាប់ផ្ដើម​លូតលាស់​កាន់តែ​លឿន​។ នៅ​ទីបំផុត​វា​អាច​បណ្ដាលឱ្យ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ការឆ្លង​មេរោគ​ក្នុង​តំរងនោម និង​អាកា​រៈ​នោម​ទាស់​។​
 
៥. ការ​ទទួលទាន​ទឹកបាន​តិច​
 
​តម្រងនោម ក៏​ដូច​ទៅនឹង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ កង្វះ​ជាតិ​ទឹក​អាច​នាំអោយមាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ថា​តើ​អ្នក​អាច​ដឹងបាន​ថា​ខ្លួនឯង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ឬ​នៅ​បែបណា​ទៅ​? ងាយ​ណាស់ ប្រសិនបើ​អ្នកទទួល​ទាន​ទឹកបាន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នកនឹង​មាន​ពណ៌​លឿង​ស្រាល ហើយ​ទឹកនោម​ដែលមាន​ពណ៌​ដិត​ណាមួយ​នោះ​អាចជា​រោគសញ្ញា​នៃ​បញ្ហា​ខូច​តម្រងនោម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com