កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់ ជំរុញ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ចំណាយពេល ចូលរួម​កិច្ចប្រជុំ​របស់ CAMSOC
19, Jan 2021 , 10:59 pm        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងក្នុងសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធការអប់រំសង្គម, រូបពី Cambodia SEA Games 2023
សម្តេច ទៀ បាញ់ ថ្លែងក្នុងសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធការអប់រំសង្គម, រូបពី Cambodia SEA Games 2023
ដោយ:
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) បន្ត​ដាស់តឿន​ដល់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​បំផុស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅតាម​មូលដ្ឋាន​របស់ខ្លួន​។ ជាមួយគ្នានេះ សម្តេច ជំរុញ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ គួរ​ចំណាយ​មក​ចូលរួម​កិច្ចប្រជុំ​របស់ CAMSOC ដើម្បី​ទទួលបាន​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​។

 
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សម្តេច ទៀ បាញ់ ប្រធាន CAMSOC ចាត់ទុក​អភិបាល​រាជធានី​-​ខេត្ត​ជា​បុគ្គល​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ព្រោះ ពួកគេ ជា​មនុស្ស​មាន​ឥទ្ធិពល និង​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​ខ្លួន​គ្រប់គ្រង​។ 
 
​សម្តេច ជំរុញ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​បង្កើន​ការយកចិត្ត​ទុក​ដា​ក់រួ​ម​ចំណែក​ជួយ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ខ្លួន​តាំងនៅ ឲ្យ​យល់​ពី​គុណ​តម្លៃ និង​អត្ថប្រយោជន៍​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ ជាពិសេស​ជួយ​ណែនាំ និង​អប់រំ​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ថែរក្សា​បរិស្ថាន និង​បោះបង់​ទម្លាប់​មិនល្អ​ជាដើម​។ 
 

 
​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី​រូបនេះ បាន​ក្រើន​រំ​ឮ​ក​ដល់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ចូលរួម​ជាមួយ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជាពិសេស​គួរ​ចំណាយពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​និង​ដាក់​ទិសដៅ​អនុវត្ត​ប្រចាំត្រីមាស​របស់ CAMSOC​។ 
 
«​ខ្ញុំ​យល់​ណាស់​រាជធានី​ខេត្ត គឺមាន​ការងារ​ច្រើនណាស់​ដែល​ត្រូវធ្វើ តែ​ច្រើន​ប៉ុន្មាន​ក៏ដោយ សូម​យកចិត្តទុកដាក់ បើតាម​បញ្ជា​ផ្ទៃក្នុង គឺ​គណៈកម្មការ​យើង គឺ​ត្រូវ​ប្រជុំ​មួយ​ត្រីមាស​ម្តង​។ បើ​មាន​រៀបចំ​កិច្ចប្រជុំ​សូម​ប្រាប់​ឲ្យ​បាន​មុខ​បន្តិច ដើម្បី​ឲ្យ​ខាង​ខេត្ត​រៀបចំ​កម្មវិធី ដើម្បី​បាន​ចូលរួម​ស្តាប់​ទាំងអស់គ្នា​»​។ សម្តេច ទៀ បាញ់ ថ្លែង​បែបនេះ​នា​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២១ និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​យុទ្ធនា​ការអប់រំ​សង្គម កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។ 
 
​ទន្ទឹមនឹងនេះ សម្តេច អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អបអរ និង​គាំទ្រ​គ្រប់​សកម្មភាព​ក្នុង​ដំណើរ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ សម្តេច រំពឹងថា ក្រសួង ស្ថា​ប័​ន្ធ និង​ភាគី​ពាក់ព័ន្ធ​គ្រប់​បណ្តា​ខេត្ត​ទាំងអស់ នឹង​បន្ត​សហការ និង​ជួយ​ជ្រោមជ្រែង​ជាមួយ CAMSOC រហូត​បេសកកម្ម​បញ្ចប់​ដោយ​ជោគជ័យ​។ 
 
​ទាំង​សម្តេច ទៀ បាញ់ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បានចាត់ទុក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជា​ឱកាស​របស់​កម្ពុជា ក្នុងការ​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សក្តានុពល​ទេសចរណ៍ និង​សេដ្ឋកិច្ច​ជាដើម​។ ជាពិសេស វា​ជា​ឱកាស​ក្នុង​ការកែប្រែ​ទម្លាប់​មិនល្អ​ក្នុង​មួយចំនួន​របស់​ប្រជាពលរដ្ឋ និង​សកម្មភាព​អបាយមុខ​ក្នុងសង្គម​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ CAMSOC បាន​មានប្រសាសន៍ថា ឆ្នាំ​២០២១ ជា​ឆ្នាំ ដែល​គណៈកម្មការ​ជំនាញ​ទាំង​អស់នៃ CAMSOC អនុវត្ត​ការងារ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពោល​គឺជា​ឆ្នាំ​ចាប់ផ្តើម​ស៊ី​ហ្គេម (Games Operation Times)​។ សម្រាប់ លោក ឆ្នាំ​២០២១ ជា​ឆ្នាំ​កំណត់​ភាព​ជ័យ​ក្នុង​ដំណើរការ​រៀបចំ​ការងា​រ​ឆ្ពោះ​ស៊ី​ហ្គេម​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​។ 
 


 
​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​សន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១ និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​យុទ្ធនា​ការអប់រំ​សង្គម​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដូច​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា ២០២១​ជា​ឆ្នាំ​ដ៏​សំខាន់​ក្នុងការ​ធានា​ឲ្យ​មាន​ភាពជាក់លាក់​ថា ឆ្នាំ​២០២២ និង ២០២៣ នឹង​ទទួលបាន​ជោគជ័យ ទាល់តែ​ឆ្នាំ​២០២១ នេះ ចាប់ផ្តើម​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​សិន​។ ឆ្នាំ​២០២១ គឺ​ធ្វើយ៉ាងណា​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ និង​គណៈកម្មការ​ជំនាញ​ទាំងអស់​ធ្វើការ​ងារ​ឲ្យ​បាន​៧០​ទៅ​៨០​ភាគរយ​»​។   
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើ​ការងារ​រៀបចំ​ផ្សេងៗ​ក្នុង​ឆ្នាំ​២០២១ មិនបាន​រួចរាល់​ដូច​ការគ្រោងទុក​ទេ កម្ពុជា​អាច​នឹង​ជួប​ការលំបាក​នៅ​ឆ្នាំ​២០២២ និង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ឆ្នាំ​២០២៣៕ 
 
 
 

Tag:
 សម្តេច ទៀ បាញ់​
  វ៉ា​ត់ ចំរើន​
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com