ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ល្អ​សម្រាប់​ស្ត្រី​?
21, Jan 2021 , 6:59 pm        
រូបភាព
​ចំពោះ​ស្ត្រី​ដែល​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​គួរ​ដឹងថា​តើ​ការ​ជាសះស្បើយ​នៃ​សាច់ដុំ​កំឡុងពេល​ហ្វឹកហាត់ គឺ​សំខាន់​កម្រិតណា​? ខណៈដែល​វា​ជួយ​ការពារ​ការឡើង​តឹង​និង​របួស​នៅពេល​លើក​វត្ថុ​ធ្ងន់ៗ​។​ ​នេះ​មានន័យថា​ពួកគេ​ចាំបាច់​គួរ​ស្វែងរក​ប្រ​ភ​ទ​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ដែល​អាចជួយ​ព​ន្លឿ​ន​ភាពជា​សះស្បើយ​និង​ជួសជុល​ឡើងវិញ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺថា​មិនមែន​ស្ត្រី​គ្រប់រូប​សុទ្ធតែ​ទទួលបាន​នូវ​ជាតិ​រ៉ៃ​គ្រប់គ្រាន់​ក្នុង​រាងកាយ​របស់​ពួកគេ​ឡើយ​ដែលជា​ហេតុនាំឱ្យ​ឆាប់​អស់កម្លាំង ចង្អោរ​ចង់​ក្អួត និង​ឈឺចាប់​សាច់ដុំ​។ យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា ស្ត្រី​គួរ​ទទួលបាន​ជាតិ​ដែក​ក្នុង​រាងកាយ​ប្រមាណ ១៨ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ទើប​ប្រសើរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ល្អ​សម្រាប់​ស្ត្រី ៖

 
១. ស្ពៃ​ពួយ​ឡេង (Spinach)
 
​ការទទួល​ទាន​ស្ពៃ​ពួយ​ឡេង​ដែល​ចម្អិន​ឆ្អិន​មួយ​ពែង​មានន័យថា​រាងកាយ​អាច​ទទួលបាន​ជាតិ​ដែក​ដល់​ទៅ ៦.៤៣​គីឡូក្រាម​។ បន្លែ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A, កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​ផងដែរ​។ វីតាមីន​និង​ជាតិ​រ៉ែ​ទាំងនេះ​ចាំបាច់​សម្រាប់​ពង្រឹង​និង​ជួសជុល​សាច់ដុំ​។​
 
២. ថ្លើម​សត្វ​
 
​ថ្លើម​គោ​មាន​ផ្ទុក​ជាតិ​ដែក​ដល់​ទៅ ៥​មី​លី​ក្រាម​ក្នុង​មួយ​បន្ទះ​។ អ្នក​ក៏​អាច​ជ្រើសរើស​ទទួលទាន​ថ្លើម​ជ្រូក​ដែលមាន​ខ្លាញ់​តិចជាង​ថ្លើម​គោ ប៉ុន្តែ​មាន​ផ្ទុក​វីតាមីន C និង​ជាតិ​ដែក​ខ្ពស់ជាង​។ ទោះជា​យ៉ាង​អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​ថ្លើម​ក្នុង​កម្រិត​មធ្យម ដើម្បី​ចៀសវាង​បញ្ហា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់​។​
 
៣. សាច់គោ​
 
​សាច់គោ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផងដែរ​។ អ្នក​អាច​ទទួលបាន​ជាតិ​ដែក​ដល់​ទៅ ៥.២៤​មី​លី​ក្រាម​ពី​សាច់គោ​ប្រមាណ ៨៥​ក្រាម​។ ក្រៅពី​ជាតិ​ដែក សាច់គោ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ជួសជុល​និង​ពង្រឹង​សាច់ដុំ ជាពិសេស​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​។  ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេងៗ​។ ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​ផ្ដល់អោយ​រាងកាយ​នូវ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និង​វីតាមីន B12 ផងដែរ​។​
 
៤. អយ​ស្ទ័​រ​
 
​អយ​ស្ទ័​រ​ដែលមាន​ទំហំ​តូច​ដល់​ទំហំ​កណ្ដាល​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ដែក​ពី ៣ ទៅ ៥ មី​លី​ក្រាម​។ ប្រសិនបើ​មិន​ចូលចិត្ត​ទទួលទាន​អាហារ​សមុទ្រ​នេះ​អ្នក​អាច​ជ្រើសរើស​ញ៊ាំ​មឹក ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន​ជំនួស​វិញ​។​
 
៥. ប៉េងប៉ោះ​
 
​ប្រភព​ផ្សេងទៀត​នៃ​ជាតិ​ដែក​ដែល​អ្នក​ងាយស្រួល​រកបាន គឺ​ប៉េងប៉ោះ​។ ត្រឹម​មួយ​ពែង​នៃ​បន្លែ​ពណ៌​ក្រហម​នេះ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ដែក​ប្រមាណ ៣.៣៩​មី​លី​ក្រាម​។ ប៉េងប៉ោះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​ផងដែរ​។​
 
៦. ដំឡូងបារាំង​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ដំឡូងបារាំង​ក៏មាន​ផ្ទុក​ជាតិ​ដែក​ដែរ​? ដំឡូងបារាំង​តូច​មួយ​មាន​ផ្ទុក​ជាតិ​ដែក​ប្រមាណ ២.៧​មី​លី​ក្រាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com