COVID-19
អន្តរជាតិ
ឥណ្ឌា​៖ មនុស្ស​៥​នាក់​ស្លាប់​ក្នុង​ភ្លើង​ឆេះ​រោងចក្រ​ឱសថ​ដ៏​ធំ តែ​មិន​រំខាន​ផលិតកម្ម​វ៉ាក់សាំង​កូ​វីដ​-១៩ ឡើយ
22, Jan 2021 , 2:48 pm        
រូបភាព
ភ្លើងឆេះអាគារមួយ នៅក្នុងវិទ្យាស្ថានSerum ឥណ្ឌា។ រូបភាព៖ Reuters
ភ្លើងឆេះអាគារមួយ នៅក្នុងវិទ្យាស្ថានSerum ឥណ្ឌា។ រូបភាព៖ Reuters
​​មនុស្ស​យ៉ាងហោចណាស់ ៥​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​អគ្គិភ័យ​នៅក្នុង​វិទ្យាស្ថាន Serum របស់​ឥណ្ឌា​ដែល​រោង​ចង​ក្រ​ផលិត​វ៉ាក់សាំង​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ យ៉ាងណាមិញ អគ្គិភ័យ​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការផលិត​វ៉ាក់សាំង​ឡើយ​។



 
​នៅ​ថ្ងៃទី​២១ ខែមករា អគ្គិភ័យ​បានកើត​ឡើង​នៅក្នុង​អាគារ​មួយ ដែល​ស្ថិតនៅក្រោម​ការសាងសង់ ក្នុង​វិទ្យាស្ថាន Serum​។ មនុស្ស​ចំនួន ៤​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​អគ្គិភ័យ ខណៈ​មនុស្ស​ចំនួន ៥​នាក់ បាន​ស្លាប់​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ក្រុមហ៊ុន​នេះ បញ្ជាក់ថា អគ្គិភ័យ មិនបាន​បង្កឱ្យមាន​កា​រ​ប៉ះពាល់​ដល់​ផលិតកម្ម​នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។ 
 
​ឲ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ដល់​អ្នក​បាត់បង់​ជីវិត និង​ជូនពរ​ឱ្យ​អ្នករងរបួស​ឆាប់​ជាសះស្បើយ​។ ក្រៅពី​នាយករដ្ឋមន្ត្រី ប្រធាន​ប្រតិបត្តិ​វិទ្យាស្ថាន Serum ក៏បាន​ចូលរួម​រំលែក​ទុក្ខ​អ្នកស្លាប់​ផងដែរ​។ 
 
​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ក្រុង Pune រដ្ឋ Maharashtra អ្នកស្លាប់​ទាំង ៥​រូបនេះ ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន Suvidha Engineers ដែលជា​ក្រុមហ៊ុន​បំពាក់​ម៉ាស៊ីនត្រជាក់​ឱ្យ​ក្រុមហ៊ុន​ឱសថ​នេះ​។ ចំណែក​មូលហេតុ ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ និង​ទំហំ​នៃ​ការ​ខូ​ត​ខាត អាជ្ញាធរ មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ខណៈ​ប៉ូលិស កំពុង​ប្រមូល​ព័ត៌មាន​លម្អិត​។​
 
​វិទ្យាស្ថាន Serum គឺជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំជាងគេ​របស់​ពិភពលោក​។ ក្រុមហ៊ុន បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន AstraZeneca ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​១​ពាន់​លាន​ដូ​ស​។ ក្រុមហ៊ុន​អាច​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ត្រូវ​បានដាក់​យីហោ​ថា «COVISHIELD» បាន​៥០​លាន​ដូ​ស ក្នុង​មួយខែៗ​។ ក្នុង​បរិបទ​កូ​វីដ​-១៩ ប្រទេស​ជាច្រើន បាន​ពឹង​ផ្អែកលើ​វិទ្យាស្ថាន​មួយ​នេះ ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដើម្បី​ចាក់ឱ្យ​ប្រជាជន​របស់ខ្លួន​។ 
 
​ក្រុមហ៊ុន​នេះ និង AstraZeneca បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្មវិធី COVAX ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធមិត្ត​វ៉ាក់សាំង ប្រមាណ ៤០០​លាន​ដូ​ស​។ ទន្ទឹមនេះ ឥណ្ឌា បានចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង ក្រោម​ការផ្តល់​ជា​ជំនួយ​ទៅឱ្យ​ប្រទេសជិតខាង ដូចជា​ប៊ូ​តង់ ម៉ា​ល់​ឌី បង់​ក្លា​ដែ​ស នេ​ប៉ាល់ មី​យ៉ាន់​ម៉ា និង​សី​ស្ហែ​ល​។ 
 
​បន្ថែម​ពីលើ​នេះ ក្រោម​ការផលិត​របស់​វិទ្យាស្ថាន​Serum ឥណ្ឌា​នៅ​ថ្ងៃទី​២២ ខែមករា បានចាប់ផ្តើម​នាំចេញ​បែប​ពាណិជ្ជកម្ម​លើ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជា​លើកដំបូង​ទៅ​ប្រេ​ស៊ី​ល និង​ម៉ា​រ៉ុ​ក​៕

Tag:
 ឥណ្ឌា​
  វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com