COVID-19
អន្តរជាតិ
កូវីដ-១៩ នៅមួយឆ្នាំបន្ទាប់ពីការបិទក្រុងវូហាន
23, Jan 2021 , 11:59 am        
រូបភាព
ទីក្រុងវូហានស្ថិតក្នុងស្ថានភាពបិទទាំងស្រុង។ រូបភាព៖ AFP
ទីក្រុងវូហានស្ថិតក្នុងស្ថានភាពបិទទាំងស្រុង។ រូបភាព៖ AFP
ថ្ងៃទី២៣ ខែមករា កាលមួយឆ្នាំមុន អាជ្ញាធរចិន បានបិទក្រុងវូហានទាំងស្រុង ដើម្បីទប់ស្កាត់វីរុសប្រភេទថ្មីស្ថិតក្នុងអម្បូរកូរ៉ូណាវីរុស តែមិនទាន់មានអត្តសញ្ញាណជាក់លាក់។ វីរុសថ្មីឆ្លងពីមនុស្សទៅមនុស្ស និងបណ្ដាលស្លាប់។ ពេលនោះ ប្រជាជនទាំងអស់ មិនត្រូវអនុញ្ញាតឲ្យចាកចេញពីក្រុងឡើយ ខណៈពេលមធ្យោបាយធ្វើដំណើរសាធារណៈមានជើងយន្តហោះ រថយន្តក្រុង រថភ្លើងជាដើមត្រូវផ្អាក។ វិធានការនៅដំណាក់កាលដំបូង បានចាត់វិធានការយឺតពេល ដោយកូវីដ-១៩ បានរាតត្បាតនៅចិន មកបណ្តាប្រទេសអាស៊ីអាគ្នេណ៍ តំបន់អឺរ៉ុប អាមេរិក និងតំបន់ផ្សេងរួចទៅហើយ។

 
នៅចុងឆ្នាំ២០១៩ កូរ៉ូណាវីរុស បានលេចឡើងនៅក្នុងទីក្រុងវូហាន។ អាជ្ញាធរក្រុង បានរាយការណ៍ករណីឆ្លងជាបន្តបន្ទាប់ ដែលមានប្រភពចេញពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែង។ ស្របពេលបុណ្យចូលឆ្នាំចិនជិតចូលមកដល់ ករណីឆ្លងនិងស្លាប់បានកើនជាបន្តបន្ទាប់។ ដើម្បីទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេស នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ អាជ្ញាធរចិន បានប្រកាសបិទក្រុងទាំងមូល ដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយសាធារណៈណាមួយចេញ ឬចូលក្រុងឡើយ។ 
 
វូហាន កាលនោះបានប្រែពីទីក្រុងដ៏មមាញឹក ទៅជាទីក្រុងខ្មោច ដោយសារតែប្រជាជនទាំងអស់ ត្រូវសំងំនៅក្នុងផ្ទះ។ បញ្ហាជាច្រើននៅក្នុងទីក្រុងវូហាន និងតំបន់ផ្សេងៗបានលេចឡើយ ដូចជាបញ្ហាខ្វះខាតម៉ាស់ ទឹកអាកុល ឬស្ទើរតែខ្វះស្បៀងអាហារថែមទៀត។ ក្រុមគូ្រពេទ្យព្យាបាលជំងឺ ត្រូវប្រឈមនឹងជំងឺឆ្លងប្រភេទថ្មី ស្របពេលចំនួនអ្នកជំងឺ ក៏មានចំនួនកាន់តែច្រើនឡើង។ មន្ទីរពេទ្យបណ្តោះអាសន្ន ត្រូវបានសាងសង់ឡើងក្នុងល្បឿនដ៏លឿន។ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនអ្នកជំនាញ និងបុគ្គលិកពេទ្យជាច្រើនពាន់នាក់ ទៅវូហាន ដើម្បីព្យាបាលអ្នកជំងឺ។ 
 
បន្ទាប់ពីបិទក្រុងភ្លាម ប្រជាជន១១លាននាក់ មិនអនុញ្ញាតឲ្យចាកចេញពីក្រុងឡើយ។ ជនបរទេសមិនតិចពាន់នាក់ទេជាប់នៅក្នុងទីក្រុង ខណៈនិស្សិតបរទេសស្នើឲ្យរដ្ឋាភិបាលជួយជម្លៀសខ្លួនមកស្រុកកំណើតវិញ។ ដោយសារតែស្ថានភាពក្នុងប្រទេសចិនកាន់តែធ្ងន់ធ្ងរ ប្រទេសជាច្រើន ដូចជាអឺរ៉ុប អាមេរិក ហ្វីលីពីន កាណាដា និងប្រទេសជាច្រើនបានបិទជើងហោះហើរមកចិនវិញជាបន្តបន្ទាប់ មុននឹងចិនបិទជើងហោះហើរទៅបរទេស។ នៅចុងខែមករា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជំងឺរលាកសួតថ្មីនេះ ជាជំងឺអាសន្នលើសុខភាពសាធារណៈ។
 
នៅថ្ងៃទី១១ ខែកុម្ភៈ អង្គការសុខភាពពិភពលោក បានហៅឈ្មោះជំងឺរលាកសួតថ្មីនេះថា «កូវីដ-១៩»ស្របពេល កូវីដ-១៩បានចាប់ផ្តើមរាតត្បាតនៅក្នុងទ្វីបអឺរ៉ុបយ៉ាងខ្លាំង ជាពិសេសនៅអ៊ីតាលី ដែលបន្ទាប់មកបារាំង ហើយបន្តទៅតំបន់មជ្ឈិមបូព៌ាដូចជា អ៊ីរ៉ង់ជាដើម និងទៅទ្វីបអាមេរិកខាងត្បូង។
 
ចំណែកនៅប្រទេសចិនវិញ ក្នុងថ្ងៃទី៨ ខែមេសា អាជ្ញាធរចិន បានសម្រេចបើកក្រុងវូហានវិញ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងក្រុង និងខេត្តហ៊ូប៉ី។ យ៉ាងណាមិញ អាជ្ញាធរនៅតែបន្តឲ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន គម្លាតសុវត្ថិភាព និងពាក់ម៉ាស់ជាដើម។ 
 
មួយឆ្នាំបន្ទាប់ពីបិទក្រុងវូហាន
ទីក្រុងវូហាន បានប្រែមកជាប្រក្រតីចាប់តាំងពីបើកក្រុងនៅក្នុងខែមេសា ឆ្នាំ២០២០ មក ប៉ុន្តែអាជ្ញាធរនៅតែអំពាវនាវឲ្យប្រជាជនក្នុងទីក្រុងប្រុងប្រយ័ត្នដដែល ដើម្បីបង្ការករណីឆ្លងជាថ្មី។ ចំណែកករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងក៏មិនមានទៀតដែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញរបស់ WHO បានទៅដល់ក្រុងវូហានហើយ ដើម្បីស៊ើបអង្កេត និងស្វែងរកប្រភពកូរ៉ូណាវីរុស។ ពេលនេះ អ្នកទាំងនោះ កំពុងធ្វើចត្តាឡីស័ក។ 
 
ខណៈពេលក្រុងវូហានមិនមានករណីឆ្លង តំបន់មួយចំនួនក្នុងប្រទេសចិន កំពុងស្ថិតក្នុងវិធានរឹតត្បិត ដោយសារករណីឆ្លង នៅតែមាន ក្នុងចំនួនបន្តិចបន្តួច បើធៀបនឹងប្រទេសផ្សេង។ កន្លងទៅ អាជ្ញាធរក្រុងប៉េកាំង បានបិទខណ្ឌមួយ។ អ្នកដំណើរមកពីបរទេស ដែលធ្លាប់តែដាក់ចត្តាឡីស័កនៅក្នុងក្រុងប៉េកាំងរយៈពេល ១៤ថ្ងៃ ត្រូវបង្កើនទៅ ២១ថ្ងៃ។ ក្រៅពីប៉េកាំង ចិន ក៏បានសាងសង់កន្លែងដាក់ចត្តាឡីស័កនៅខេត្តផ្សេងដែរ ហើយថែមទាំងដាក់ខេត្តខ្លះទៀត ក្នុងស្ថានភាពអាសន្នទៀត។ 
 
មួយឆ្នាំហើយ ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួស ដោយដៃម្ខាងត្រូវសង្រ្គោះសេដ្ឋកិច្ច និងដៃម្ខាងទៀត ត្រូវជួយប្រព័ន្ធសុខាភិបាល កុំឲ្យដួលរលំ។ រដ្ឋាភិបាលប្រទេសនីមួយៗ បានដាក់ចេញវិធានការរឹតត្បិតរៀងៗខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ។ 
 
នៅម៉ាឡេស៊ី មហាក្សត្រ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នៅថ្ងៃទី១២ ខែមករា។ ថៃកំពុងស្ថិតក្រោមវិធានរឹតត្បិតយ៉ាងខ្លាំង បន្ទាប់ពីមានករណីផ្ទុះខ្លាំងនៅក្នុងខេត្តសមុទ្រសាគរ។ កូរ៉េខាងត្បូង និងជប៉ុន ដែលធ្លាប់ជាប្រទេសទប់ស្កាត់កូវីដ-១៩ បានល្អ មានករណីឆ្លងហក់ឡើងយ៉ាងខ្លាំង។ ជប៉ុន បានដាក់ខេត្ត ក្រុងមួយចំនួន ក្នុងស្ថានភាពអាសន្នជាលើកទីពីរ។ ចំណែកកម្ពុជា ឡាវ ព្រុយណេ និងវៀតណាម មិនមានករណីឆ្លងក្នុងស្រុកទេ ប៉ុន្តែបានចេញវិធានការរឹតបន្តឹងតាមតំបន់ព្រំដែន និងអ្នកមកពីបរទេស។ ប្រទេសជាច្រើនទៀត ក្នុងតំបន់អាស៊ី ក៏មានករណីឆ្លងហក់ឡើងដែរ។
 
នៅតំបន់អឺរ៉ុប ករណីឆ្លងកូវីដ-១៩ ក៏នៅតែបន្តហក់ដែរ។ ហូឡង់ បានប្រកាសដាក់បម្រាមគោចរនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាត។ ចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទី២ មក ហូឡង់ មិនធ្លាប់អនុវត្តវិធានការបែបនេះឡើយ។ បារាំង អេស្ប៉ាញ និងអ៊ីតាលី អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបផ្សេងទៀត នៅតែបន្តមានករណីឆ្លងលើសពី ១ម៉ឺនករណី។ 
 
ចំណែកអង់គ្លេស ដែលបានដើរចេញពីអឺរ៉ុប បានរកឃើញកូរ៉ូណាវីរុស ដែលវិវឌ្ឍទៅជាទម្រង់ថ្មីផ្សេងទៀត។ ទម្រង់ថ្មីនៃកូរ៉ូណាវីរុស ក៏ត្រូវបានរកឃើញនៅអាហ្រ្វិកខាងត្បូង និងជប៉ុនដែរ។ យ៉ាងណាមិញទម្រង់កូរ៉ូណាវីរុសថ្មីនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង មានអត្រាឆ្លងខ្លាំងជាងមុន ខណៈពេលទម្រង់ថ្មីនៅក្នុងប្រទេសជប៉ុន កំពុងស្ថិតក្រោមការស្រាវជ្រាវ។ ទាក់ទិននឹងទម្រង់ថ្មីនៃកូរ៉ូណាវីរុសនេះ មនុស្សមួយចំនួន ក៏ដូចជាអ្នកជំនាញ កំពុងចោទជាសំណួរ ថាតើវាអាចប៉ះពាល់នឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ ឬយ៉ាងណា?
 
ការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩
 
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនឱសថ Pfizer បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ខ្លួនមានប្រសិទ្ធភាពប្រមាណ ៩០ភាគរយ។ ក្រៅពី Pfizer ក្រុមហ៊ុន Moderna ប្រកាសពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនមានជាង ៩០ភាគរយ និងAstraZeneca មានប្រសិទ្ធភាពជាមធ្យម ៧០ភាគរយ។ ក្រុមហ៊ុនចិន Sinopharm មាន ៧៩ភាគរយ និងក្រុមហ៊ុន Sinovac បានបង្ហាញលទ្ធផលប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន នៅតួកគី មាន៩១,២៥ភាគរយ តែលើស៥០ភាគរយបន្តិចនៅប្រេស៊ីល។
 
ប្រទេសអ្នកមាន ដូចជាអង់គ្លេស អាមេរិក កាណាដា អឺរ៉ុប បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាមួយក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Moderna និងក្រុមហ៊ុនAstraZeneca ជាច្រើនលានដូស ស្របពេលប្រទេសក្រីក្រជាច្រើនត្រូវរង់ចាំ។ កម្មវិធី COVAX ដែលបង្កើតឡើង ក្នុងគោលបំណងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ ត្រូវរាំងស្ទះ និងត្រូវរង់ចាំយូរ ព្រោះគ្មានវ៉ាក់សាំង និងខ្វះមូលនិធិ។ ប្រមុខ (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវម្តងហើយម្តងទៀតទៅកាន់ប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងទុកតែខ្លួនឯង ត្រូវចែកចាយមកប្រទេសក្រីក្រខ្លះ។ 
 
ទន្ទឹមនឹងប្រទេសលោកខាងលិចទិញវ៉ាក់សាំងទុកចាក់ប្រជាជនខ្លួន ឥណ្ឌា និងចិន បានប្រើប្រាស់គោលនយោបាយ «ការទូតវ៉ាក់សាំង» ដើម្បីចែកចាយវ៉ាក់សាំងទៅប្រទេសដៃគូសំខាន់ និងប្រទេសជាមិត្តរបស់ខ្លួន។ ចាប់ពីថ្ងៃទី២០ ខែមករា ឥណ្ឌា បានចាប់ផ្តើម ដឹកជញ្ជូនវ៉ាក់សាំងឲ្យប្រទេសជិតខាងរបស់ខ្លួន និងប្រទេសផ្សេងទៀត។ ដូចគ្នាដែរ ចិន បានសន្យាបរិច្ចាគវ៉ាក់សាំងរបស់ខ្លួនជាបន្តបន្ទាប់ទៅប្រទេសដៃគូអភិវឌ្ឍ ដូចជាកម្ពុជា ប៉ាគីស្ថាន ហ្វីលីពីន និងបណ្តាប្រទេសផ្សេងទៀត។ 
 
ការថយចុះនៃសេដ្ឋកិច្ចសកល និងកំណើនភាពក្រីក្រ
 
រយៈពេលមួយឆ្នាំមកនេះ ដោយសារតែកូវីដ-១៩ ការបិទក្រុង មុខជំនួញ សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត បានធ្វើឲ្យមនុស្សជាច្រើនលាននាក់ នៅជុំវិញពិភពលោក ធ្លាក់ខ្លួនក្រខ្លាំង និងក្រនៅក្នុងឆ្នាំ២០២០។ នៅក្នុងរបាយការណ៍មួយដែលចុះផ្សាយរបស់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ធនាគាពិភពលោក បានប៉ាន់ប្រមាណថា ប្រជាជនចាប់ពី ៨៨លាននាក់ ដល់១១៥លាននាក់ អាចរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២០ ដោយមានប្រាក់ចំណូល១,៩ ដុល្លារក្នុងមួយថ្ងៃ។ បន្ថែមពីលើនេះ ប្រជាជនក្រីក្រ កើនដល់ប្រមាណពី ១១៩លាននាក់ ទៅ ១២៤លាននាក់ក្នុង២០២០ ដោយមានប្រាក់ចំណូលក្រោម ៣,២០ដុល្លារ ក្នុងមួយថ្ងៃ។ តំបន់ដែលមានប្រជាជនធ្លាក់ខ្លួនក្រច្រើនជាងគេ គឺអាស៊ីខាងត្បូង។ 
 
ក។ តាមការប៉ាន់ប្រមាណរបស់ធនាគាពិភពលោកនាពេលកន្លងទៅ សេដ្ឋកិច្ចសកលលោក បានថយចុះ ៤,៣ភាគរយ។ ក្នុងស្ថានការណ៍កូវីដ-១៩ បែបនេះ មានប្រទេសតិចតួចណាស់ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងនោះមានដូចជា ចិន និងវៀតណាមជាដើម។ ប៉ុន្តែសេដ្ឋកិច្ចសកល អាចនឹងកើនឡើងដល់ ៤ភាគរយវិញនៅក្នុងឆ្នាំ២០២១ នេះ ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំង មានប្រសិទ្ធភាព និងវិធានការទប់ស្កាត់កូវីដ-១៩ ទទួលបានលទ្ធផលល្អ។ 
 
គិតត្រឹមថ្ងៃទី២៣ ខែមករា ពិភពលោកមានករណីឆ្លងសរុបចំនួនជាង ៩៨លាននាក់ និងអ្នកស្លាប់ជាង ២,១លាននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៧០លាននាក់៕ 
 

Tag:
 កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com