អន្តរជាតិ
ហុងកុង បិទខណ្ឌមួយរយៈពេលពីរថ្ងៃ ដើម្បីធ្វើតេស្តរកកូវីដ-១៩
23, Jan 2021 , 4:39 pm        
រូបភាព
រូបភាព៖ Inquirer
រូបភាព៖ Inquirer
អាជ្ញាធរក្រុងហុងកុង បានបិទខណ្ឌ Jordan ក្នុងតំបន់Kowloon ចាប់ពីថ្ងៃទី២៣ ខែមករា រយៈពេលពីរថ្ងៃ ដើម្បីធ្វើតេស្តលើប្រជាជនជាច្រើនពាន់នាក់ រកកូវីដ-១៩។ ក្រោមវិធានការនេះ ប្រជាជនមិនត្រូវអនុញ្ញាតចាកចេញពីតំបន់រឹតត្បិតនេះឡើយ ទាល់តែមានលទ្ធផលអវិជ្ជមានកូវីដ-១៩។


ក្នុងរយៈពេលពីរខែចុងក្រោយនេះ កូវីដ-១៩ បានអុកឡុកទីក្រុងហុងកុងជាថ្មី។ នៅថ្ងៃទី២២ ខែមករា ហុងកុង មានករណីឆ្លងចំនួន ៦១ករណី និងអ្នកស្លាប់ ១នាក់។ ដើម្បីទប់ស្កាត់ករណីឆ្លងនេះ អាជ្ញាធរក្រុង បានសម្រេចដាក់ខណ្ឌ Jordan រយៈពេលពីរថ្ងៃ ក្នុង«តំបន់រឹតត្បិត» ដើម្បីធ្វើតេស្តលើប្រជាជន។ អាគារចំនួន ៧០ខ្នង ស្ថិតក្រោមការរឹតត្បិត ខណៈពេលប្រជាជនជាច្រើនពាន់នាក់ត្រូវស្នាក់នៅផ្ទះ និងហាមចាកចេញពីផ្ទះ ប្រសិនបើមិនមានលទ្ធផលអវិជ្ជមាន។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលហុងកុង បានបញ្ជាឲ្យប្រជាជន ដែលត្រូវធ្វើតេស្តរកកូវីដ-១៩ ត្រូវស្នាក់អាគាររបស់ខ្លួនសិន រហូតដល់ចេញលទ្ធផល។ ចំណែកបម្រាមរឹតត្បិតនេះ អាចបញ្ចប់នៅម៉ោង ៦ព្រឹក ក្នុងថ្ងៃទី២៥ ខែមករា។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន Global Time។ 
 
ខណ្ឌ Jordan មានទំហំតូច ប៉ុន្តែមានប្រជាជនរស់នៅច្រើន ដោយសារតែអាគារក្នុងតំបន់នេះ មានជាច្រើនជាន់។ លក្ខណៈស្មុគ្រស្មាញបែបនេះ បានធ្វើឲ្យកន្លែងខ្លះមិនមានពន្លឺថ្ងៃចូលបានគ្រប់គ្រាន់។ ក្នុងស្ថានភាពបែបនេះ អ្នកជំនាញជឿថា កូវីដ-១៩ អាចរាតត្បាតនៅក្នុងខណ្ឌនេះ។ 
 
ដើម្បីសម្រួលដល់ប្រជាជនដែលត្រូវជាប់នៅក្នុងផ្ទះរបស់ខ្លួនរយៈពេល ២ថ្ងៃ អាជ្ញាធរបានរៀបចំអាហារ និងឧបករណ៍លាងសម្អាតសម្រាប់ប្រជាជន។ បន្ថែមពីនេះ អាជ្ញាធរ ក៏បានដំឡើងប្រព័ន្ធទូរសព្ទសម្រាប់ឲ្យប្រជាជនទំនាក់ទំនង និងសុំជំនួយផងដែរ។ 
 
គិតត្រឹមថ្ងៃទី២២ ខែមករា ហុងកុងមានករណីឆ្លងសរុបចំនួន ៩៩២៩ករណី និងអ្នកស្លាប់មានចំនួន ១៦៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៩៤៨នាក់៕
 

Tag:
 ហុងកុង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com