COVID-19
អន្តរជាតិ
លោក Larry King អ្នកវិភាគដ៏ល្បីល្បាញរបស់ CNN ស្លាប់ក្នុងអាយុ៨៧ឆ្នាំ ក្រោយវិជ្ជមានកូវីដ-១៩
23, Jan 2021 , 8:31 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Larry King ជនជាតិអាមេរិក អ្នកវិភាគដ៏ល្បីល្បាញរបស់ CNN ស្លាប់ក្នុងអាយុ៨៧ឆ្នាំ។ នេះ​បើតាម​ការផ្សាយនៅលើបណ្តាញសង្គម​ Twitter របស់​លោក ដោយមិន​បាន​បញ្ជាក់មូលហេតុពិតប្រាកដឡើត ប៉ុន្តែដំណឹងមរណភាពនេះ ត្រូវបាន​ប្រកាស ក្រោយពីលោក Larry King ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ អស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារតេស្តវិជ្ជមានកូវីដ-១៩។



លោកត្រូវបានបញ្ជូនទៅមន្ទីរនៅ Los Angeles កាលពីថ្ងៃទី២ ខែមករា ហើយត្រូវបាន​ប្រកាសថា ទទួលមរណភាពនៅមន្ទីរពេទ្យ Cedars-Sinai Medical Center នៅថ្ងៃទី២៣ ខែមករា នេះ។

លោក Larry King មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានទាំងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធឌីជីថល អស់រយៈពេល​៦៣ឆ្នាំ ដោយមានបទសម្ភាសរាប់ពាន់ជាមួយបុគ្គលល្បីៗលើពិភពលោក។ នារយៈពេល​ជាង​២៥ឆ្នាំចុងក្រោយនេះ លោកត្រូវបានគេច្បាស់តាមរយៈកម្មវិធីនៅលើ CNN ដែលរួមមាន «Larry King Live», «Larry King Now» និង «Politicking with Larry King» ជាដើម។

ជាអ្នកនិពន្ធ និងជាវិភាគតាមវិទ្យុ ទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក លោក Larry King បានរៀបការ៨លើកជាមួយនារី៧នាក់។ នៅឆ្នាំ១៩៥១ គាត់រៀបការជាមួយមិត្តរួមវិទ្យាល័យ Freda Miller ក្នុងអាយុ១៨ឆ្នាំ។  មួយឆ្នាំក្រោយមក អាពាហ៍ពិពាហ៍ត្រូវបានរំសាយ។ នៅឆ្នាំ១៩៦១ គាត់បានរៀបការជាមួយ Annette Kaye ហើយលែងលះគ្នានៅឆ្នាំដដែល។ ក្រោយមកលោកបានរៀបការជាមួយតារា Playboy ឈ្មោះ Alene Akins តែលែងលះនៅឆ្នាំ១៩៦៣ ហើយបន្តអាពាហ៍ពិពាហ៍ជាមួយអ្នកកាសែត Mickey Stuphin មុននឹងលែងលះនៅឆ្នាំ១៩៦៧ ។

លោកបានរៀបការម្តងទៀតជាមួយ Alene Akins នៅឆ្នាំ១៩៦៧ និងលែងលះគ្នាជាលើកទី២នៅឆ្នាំ១៩៧២ ។ ភរិយាជាបន្តបន្ទាប់របស់ King មាន Sharon Lepore (១៩៧៦ ដល់១៩៨៣) Julie Alexander (១៩៨៩ ដល់១៩៩២) និង Shawn Southwick ដែលរួមរស់ជាមួយគ្នាពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៩។ លោក King មានកូន៥នាក់។




 



 

© រក្សាសិទ្ធិដោយ thmeythmey.com