អន្តរជាតិ
ចិន ផ្តល់អំណាចដល់កងល្បាតសមុទ្រ អាចប្រើប្រាស់អាវុធបាន
24, Jan 2021 , 8:59 pm        
រូបភាព
នាវាយាមល្បាតរបស់ចិន។ រូបភាព៖ Reuters
នាវាយាមល្បាតរបស់ចិន។ រូបភាព៖ Reuters
ចិន នឹងផ្តល់អំណាចដល់កងល្បាតសមុទ្ររបស់ខ្លួន អាចប្រើប្រាស់អាវុធបាន ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី២៣ ខែមករា។ ការផ្តល់យុត្តាធិការថ្មីនេះ អាចនឹងធ្វើឲ្យជម្លោះនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង កាន់តែមានភាពតានតឹងជាងមុន។

 
គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន បានអនុម័តច្បាប់ថ្មីមួយ ដែលផ្តល់អំណាចដល់ កងល្បាតសមុទ្រ អាចប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់នាវាបរទេស នៅក្នុងដែនទឹក ដែលស្ថិតក្រោមយុត្តាធិការរបស់ចិន។ មិនត្រឹមតែប៉ុណ្ណោះ កងល្បាតសមុទ្រ ថែមទាំងអាច វាយប្រហារលើនាវាបរទេសជាមុន ដោយគ្មានការព្រមានថែមទៀត ប្រសិនបើមេបញ្ជាការចាត់ទុកថា សកម្មភាពទាំងនោះ មានសារៈសំខាន់។ 
 
មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏អនុញ្ញាតឲ្យកងល្បាតចិន រុះរើរចនាសម្ព័ន្ធផ្សេងៗ សង់នៅក្នុងដែនទឹករបស់ចិនផងដែរ។ ប្រសិនគ្មានការប្រែប្រួលទេ កងល្បាតចិន អាចប្រើប្រាស់សិទ្ធិថ្មីនេះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។ 
 
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ថា នេះគ្រាន់តែជាការអនុម័តស្របច្បាប់របស់សភាចិនប៉ុណ្ណោះ ហើយចិន នៅតែបន្តប្រកាន់ខ្ជាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែនសមុទ្រ។ 
 
យ៉ាងណាមិញ ច្បាប់ថ្មីនេះ អាចនឹងធ្វើឲ្យជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត កាន់តែក្តៅជាងមុន និងថែមទាំងអាចឈានទៅផ្ទុះអាវុធដាក់គ្នានៅក្នុងតំបន់ដែនជម្លោះទាំងនោះថែមទៀត ដោយសារកងល្បាតចិន អាចប្រើប្រាស់អាវុធបាន។ កន្លងមកនាវាល្បាតចិន និងនាវាល្បាតប្រទេសផ្សេងៗដូចជា ជប៉ុន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងភាគី ជម្លោះផ្សេងទៀត តែងតែប្រើសញ្ញាអាសន្នឲ្យនាវាល្បាតចេញពីដែនទឹករបស់ខ្លួន និងដេញទូកនេសាទរបស់ប្រទេសនីមួយៗថែមទៀត។ 
 
ចង់មិនចង់ ការអនុញ្ញាតរបស់ចិន នឹងនាំឲ្យប្រទេសជម្លោះផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត បំពាក់អាវុធលើនាវាល្បាត ដូចចិនដែរ។ 
 
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមករានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានជជែកគ្នាតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីអាមេរិក លោក Lloyd Austin ដែលទើបតែចូលកាន់តំណែង។ ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរ បានប្តេជ្ញា ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ដើម្បីប្រឆាំងទៅនឹងការប៉ុនប៉ងជាឯកតោភាគី លើការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ទាំងនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com