សៀមរាប៖ «ផ្លូវកង់» ដែលមានប្រវែងសរុប២៣គីឡូម៉ែត្រ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីបង្កើតឡើងគោលដៅបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយនោះ ក៏សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ។ បើតាមប្រសាសន៍របស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា «ផ្លូវកង់»នេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីបែបសុខភាព សម្រាប់ភ្ញៀវទេសចរ មកកាន់តំបន់រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប។
សូមអញ្ជើញលោកអ្នកទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖
តាមរយៈផលិតផលទេសចរណ៍ថ្មីនៅតំបន់អង្គរនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ រួមទាំងបរិយាកាសដ៏ល្អ ដែលអមទៅដោយព្រៃព្រឹក្សា និងប្រាសាទបុរាណនានា ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក ហង់ ពៅ នៅក្នុងដំណើរដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី នាព្រឹកថ្ងៃទី២៤មករា។
សម្រាប់ផ្លូវកង់នេះ មានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់ លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ។ ចំណែកផ្លូវវង់ធំ ផ្លូវកង់នេះផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា(អាវក្រហម) កំពុងជិះកង់លើផ្លូវកង់ នាព្រឹកថ្ងៃទី២៤មករា។ រូបថត៖ ផាត ដាណេ
ជាមួយគ្នានេះ លោក រឿន រដ្ឋា ដែលជាអ្នកចូលចិត្តជិះកង់បែបកីឡា និងកម្សាន្តផងនោះ បានបង្ហាញការ គាំទ្រជាខ្លាំង ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលផ្តល់នូវភាពងាយស្រួល, សុវត្ថិភាព និងស្រស់ស្រាយល្អសម្រាប់ពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ។
«ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងសៀមរាប គួរតែចំណាយពេលមួយថៃ្ង សម្រាប់ការជិះកង់ហ្នឹង ព្រោះយើងអាចមានបទពិសោធន៍ថ្មី នៅក្នុងដំណើរកម្សាន្ត បូកផ្សំជាមួយនឹងការហត់ប្រាណ ផងដែរ»។ នេះជាការណែនាំរបស់លោក រដ្ឋា នៅក្នុងដំណើរកម្សាន្តជិះកង់ នៅជុំវិញតំបន់រមណីយដ្ឋានអង្គរ ជាមួយមិត្តភក្តិ។
យុវជន សាន ផលលីន ដែលជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ក៏ពេញចិត្តនឹងការបង្កើតផ្លូវកង់នេះដែរ។ សម្រាប់យុវជន សាន ផលលីន ផ្លូវកង់នេះមិនត្រឹមតែផ្តល់ឲ្យការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋកាន់តែងាយស្រួល និងសុវត្ថិភាពនោះទេ តែថែមទាំងបានគយគន់នូវទេសភាពធម្មជាតិ នៅជុំវិញតំបន់អង្គរទៀត។
លោក ហង់ ពៅ (កណ្តាល)ដឹកនាំក្រុមការងារ ជិះកង់លើផ្លូវកង់ នាព្រឹកថ្ងៃទី២៤មករា។ រូបថត៖ អាជ្ញាធរជាតិអប្សរា
សូមជម្រាបថា ផ្លូវកង់នៅតំបន់រមណីយដ្ឋានអង្គរនេះ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧មករា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយ ឯកអគ្គរដ្ឋទូតជប៉ុន និងបារាំងប្រចាំកម្ពុជា ដែលជាសហប្រធាន ICCអង្គរ និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ផ្លូវកង់នៅរមណីយដ្ឋានអង្គរ។ រូបថត៖ អាជ្ញាធរជាតិអប្សរា