ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី៖ មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ការពង្រាយទីតាំងល្បែងឡើយ
14, Feb 2024 , 12:18 pm        
រូបភាព
ដោយ: រួបរួម
ក្នុងសារសំឡេងពិសេសមួយនាថ្ងៃទី១៤ ខែកុម្ភៈ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅបណ្តាអភិបាលរាជធានី-ខេត្ត រាយការណ៍ដោយត្រង់ទៅសម្តេចពាក់ព័ន្ធនឹងវិធានការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ជាពិសេសករណីបើកថ្មីបន្ថែម។



អត្ថបទទាក់ទង


«សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការ និងឈានទៅដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង»។ នេះជាបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ទៅកាន់អភិបាលរាជធានី-ខេត្ត ឱ្យត្រួតពិនិត្យ ទីតាំងល្បែងផ្សងសំណាងតាមមូលដ្ឋាន នៅដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសក្នុងករណីមានការបន្តបើកថ្មីបន្ថែមទៀត។

បទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត គឺស្របពេលដែលមានរលកនៃការរិះគន់អំពីការបើកទីតាំងល្បែងផ្សងសំណាងជាបន្តបន្ទាប់នៅតាមមូលដ្ឋាន ហើយតារាសិល្បៈមួយចំនួនបានក្លាយជាតួអង្គនៃការផ្សព្វផ្សាយ។ ជាក់ស្តែង តារាកំប្លែងនាយគ្រឿន បានសម្រេចចិត្តបោះបង់ប្រាក់រាប់ម៉ឺនដុល្លារពីការផ្សាយល្បែង ក្រោយទទួលរងការរិះគន់ធ្ងន់ធ្ងរ ក្រោយលោកបានផ្សាយពីល្បែងតាមអនឡាញ តាមរយៈបទចម្រៀង។

កន្លងមក សម្តេច ហ៊ុន ម៉ាណែត បានសម្រេចផ្អាករាល់ការចេញអាជ្ញាបណ្ណ និងការផ្តល់សិទ្ធបើកល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន ហើយសម្តេចណែនាំទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់អំពីគោលការណ៍ វិធានការគ្រប់គ្រងល្បែងផ្សងសំណាងនៅទូទាំងប្រទេស។

សម្តេចលើកឡើងថា៖ «ពេលវេលា នឹងបន្តទៅមុខគឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម ទៅតាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ បង្កើនចំណូលជូន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ»។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តការងារនេះ ឱ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ និងត្រឹមត្រូវតាមបទបញ្ជា។ «យើងត្រូវការវិន័យនៅក្នុងការដឹកនាំរដ្ឋ ហើយត្រូវធ្វើការឱ្យបានលឿន ហើយរាយការណ៍ឲ្យខ្ញុំជាបន្ទាន់ទៅលើការងារនេះ»៕



© រក្សាសិទ្ធិដោយ thmeythmey.com