ជាតិ
រដ្ឋាភិបាល​គិតដល់គម្រោង «​មធ្យោបាយដឹកជញ្ជូន​ក្រោម​ដី» ក្នុងភូមិសាស្ត្ររាជធានី
19, Feb 2024 , 11:39 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និងឯកអគ្គ​រដ្ឋទូតចិន នាពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែ ព្រែកប្រា
សម្តេច ហ៊ុន ម៉ាណែត និងឯកអគ្គ​រដ្ឋទូតចិន នាពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែ ព្រែកប្រា
ដោយ: រួបរួម
ថ្លែង​នាពិធី​សម្ពោធ​ការដ្ឋានសាងសង់​ស្ពានឆ្លង​កាត់​ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាព្រឹកថ្ងៃទី​១៩ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាង​ពីការ​យក​ចិត្ត​ទុក​របស់រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានីភ្នំពេញ ដែលក្នុងនោះ​មាន​ការគិត​គូរ​ដល់​គម្រោង​មធ្យោបាយ​ដឹកជញ្ជូន​ក្រោម​ដី ផងដែរ។



ប្រជាជន​កាន់តែកើន ជីវភាព​រស់នៅកាន់តែសម្បូរបែប និង​មធ្យោបាយធ្វើ​ដំណើរ​​កាន់តែ​មាន​ច្រើន។ នេះជាកត្តាដែលនាំឱ្យ​រដ្ឋាភិបាល បន្ត​គិត​គូរលើ​ទិសដៅហេដ្ឋារចនាសម្ព័ន្ធ​របស់ខ្លួន។ បើតាម​ប្រមុខ​រដ្ឋាភិបាល កម្ពុជា​គ្មាន​ផែនការផ្លាស់ប្តូរ​ ឬលើក​ទីក្រុង​ដូចជា​ឥណ្ឌូណេស៊ី ឬមីយ៉ាន់ម៉ានោះឡើយ ព្រោះក្នុង​ប្រវត្តិសាស្ត្រ​ កម្ពុជា​បាន​រើច្រើន​ហើយ តាំងពីអង្គរ ឧដុង្គ ជាដើម។​
 
«យើងគ្មាន​ជម្រើស​លើកទីក្រុងទៅណាទេ នៅកន្លែងហ្នឹង គឺជាកន្លែងយុទ្ធសាស្ត្រហើយ»។ សម្តេច ហ៊ុន ម៉ាណែត បាន​បញ្ជាក់យ៉ាងដូច្នេះ ដោយ​បន្ថែមថា ទន្ទឹម​នឹងការពង្រីកផ្នែកខាងកើត ខាងលិច​ ខាងត្បូង ខាងជើង រដ្ឋាភិបាល​ត្រូវ​រកវិធី​ដោះស្រាយ​តំបន់​កណ្តាល។
 


បន្ថែម​លើការបង្កើន​សមត្ថភាពមធ្យោបាយ​ដឹកជញ្ជូន​សារធារណៈ ការ​គិតគូរលើគម្រោង​ផ្លូវ​ក្រវាត់ក្រុង មធ្យោបាយ​ធ្វើ​ដឹកជញ្ជូន​​ក្រោម​ដី ក៏ជាផ្នែកមួយ​ដែល​រដ្ឋាភិបាល កំពុង​សិក្សា​ផងដែរ ហើយ​សម្តេច ហ៊ុន ម៉ាណែត ក៏​បាន​និយាយ​អំពីផែនការនេះ​ទៅកាន់​បណ្តា​ក្រុមហ៊ុន​បរទេស នាអំឡុង​នៃ​ដំណើរទស្សនកិច្ច​របស់សម្តេច ទៅ​បារាំង និង​ចិន ថែមទៀត​ផង។
 
សម្តេចបាន​បញ្ជាក់ថា ក្រុមហ៊ុនចិន បាន​សិក្សា​ពី​លទ្ធភាព​ក្នុងការ​ពង្រីកមធ្យោបាយ​ដឹកជញ្ជូន​ក្រោមដី ជាពិសេស​រថភ្លើង​កម្រិត​ស្រាល ​ក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ។ បើតាម​សម្តេច ​មិន​ត្រឹម​តែជាហេដ្ឋារចនាសម្ព័ន្ធនោះទេ ថែមទាំងអាចមាន​សណ្ឋាគារ ផ្សារទំនើប ជាពិសេស​ទីតាំងចំណត​រថយន្តផងដែរ ដោយសារ​​សព្វ​ថ្ងៃ ស្រុក​ខ្មែរ មាន​បញ្ហាពិបាក​ក្នុងការ​រក​ទីតាំង​ចតរថយន្ត។​
 
សម្តេចនាយករដ្ឋមន្ត្រី​ បាន​បន្ថែមថា ផ្លូវ​ដែល​ត្រូវពង្រីក​ក្នុង​តំបន់​រាជធានី ត្រូវ​បាន​ពង្រីក​អស់​ហើយ បន្ថែមពីលើនេះ រដ្ឋក៏គ្មាន​ផែនការហាមពលរដ្ឋយកកូន ឬហាម​ឃាត់​ក្នុង​ការ​ទិញម៉ូតូ​ ឡាន នោះដែរ​ ដូច្នេះ ការគិត​គូរ​លើ​គម្រោង​មធ្យោបាយ​ផ្សេងៗ ពិតជាសំខាន់។
 
សម្តេច​បាន​រំលឹក​ថា កាលពីពេល​សម្តេចរៀននៅ​បរទេស កាលពីអំឡុង​ឆ្នាំ​៩០ សម្តេចធ្លាប់សង្ឃឹមថា ស្រុក​ខ្មែរមាន​ផ្សារទំនើប មានផ្លូវល្បឿនលឿន​ដូចគេ ហើយ​បច្ចុប្បន្ន កម្ពុជា​មាន​ពិត​ប្រាកដ។ សម្តេច​បង្ហាញនូវមហិច្ឆតា​ថា កម្ពុជា​នឹង​មាន​សមត្ថភាពសម្រេច​បាន​បន្ថែមទៀត ជាពិសេស​ជាស្នាដៃ​ដែល​សម្រេច​ដោយកូន​ខ្មែរផ្ទាល់តែម្តង៕

© រក្សាសិទ្ធិដោយ thmeythmey.com