សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាមដាក់គោលដៅមានវេជ្ជបណ្ឌិត១៥នាក់ សម្រាប់ប្រជាជន១ម៉ឺននាក់នៅឆ្នាំ២០២៥
29, Feb 2024 , 8:59 am        
រូបភាព
រូបភាព ៖ មន្ទីរពេទ្យជោរៃហូជីមិញ​
រូបភាព ៖ មន្ទីរពេទ្យជោរៃហូជីមិញ​
វៀតណាមបានដាក់ផែនការមានវេជ្ជបណ្ឌិត ១៥នាក់ និងគិលានុបដ្ឋាយិកាចំនួន ២៥នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់នៅឆ្នាំ ២០២៥។ នេះបើតាមសារព័ត៌មាន VnExpress។

 
នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី២៧ ខែកុម្ភៈ បានចេញសេចក្តីសម្រេចសម្រាប់ផែនការបណ្តាញសុខាភិបាលឆ្នាំ ២០២១-២០៣០ ជាមួយចក្ខុវិស័យដល់ឆ្នាំ២០៥០។ តាមសេចក្តីសម្រេចនោះ វៀតណាមបានដាក់គោលដៅមានវេជ្ជបណ្ឌិត ១៥នាក់ក្នុងចំណោមប្រជាជន ១ម៉ឺននាក់នៅឆ្នាំ២០២៥។
 
បច្ចុប្បន្ន ផលធៀបវេជ្ជបណ្ឌិតនៅវៀតណាមមានអត្រា១២,៥នាក់ក្នុងប្រជាជន ១ម៉ឺននាក់ ខណៈនៅឆ្នាំ២០២០ មានផលធៀបវេជ្ជបណ្ឌិតត្រឹម៩,៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម។ 
 
តួលេខ​នេះបង្ហាញថា វៀតណាម​មានផលធៀបវេជ្ជបណ្ឌិតប្រហាក់ប្រហែលឥណ្ឌា តែខ្ពស់ជាងឥណ្ឌូណេស៊ី និង​ទាបជាង​ប្រទេស​មួយចំនួន​ដូចជា​អូស្ត្រាលី​លេខ ៣៦នាក់ បារាំង​ ៣៤នាក់ និងចិន​២២នាក់។
 
បើតាមការប្រមាណរបស់ក្រសួងសុខាភិបាលវៀតណាម បច្ចុប្បន្នការបណ្តុះបណ្តាលវេជ្ជបណ្ឌិតទូទាំងប្រទេសមានប្រហែល១៣០០០នាក់ដែលបានបញ្ចប់ការសិក្សាក្នុងមួយឆ្នាំ។ 
 
ទន្ទឹមនេះ វៀតណាមក៏កំណត់គោលដៅគិលានុបដ្ឋាយិកាចំនួន ២៥នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់នៅឆ្នាំ២០២៥ ដែរ។ បច្ចុប្បន្ន ផលធៀបគិលានុបដ្ឋាយិកាចំពោះប្រជាជនវៀតណាមបច្ចុប្បន្នមានអត្រា ១១,៤នាក់ក្នុង១ម៉ឺននាក់ ដែលមានកម្រិតទាបបើធៀបនឹងពិភពលោក។ 
 
លើសពីនេះ ចំនួនគិលានុបដ្ឋាយិកាដែលនៅអមជាមួយវេជ្ជបណ្ឌិតក៏មានកម្រិតទាបដែរ។ នៅលើពិភពលោកបើគិតជាមធ្យម វេជ្ជបណ្ឌិតនីមួយៗត្រូវមានគិលានុបដ្ឋាយិកា ៣-៤នាក់ ខណៈនៅជប៉ុនមានគិលានុបដ្ឋាយិកាដល់ ៩-១០នាក់ ស្របពេលវៀតណាមមានគិលានុបដ្ឋាយិកាតិចជាង២នាក់សម្រាប់វេជ្ជបណ្ឌិតម្នាក់។ 
 
ដើម្បីសម្រេចបាននូវគោលដៅខាងលើក្រសួងសុខាភិបាលវៀតណាមអះអាងថា ខ្លួននឹងធានាឱ្យបានជាបណ្តើរៗនូវបរិមាណ និងគុណភាពគ្រប់គ្រាន់នៃបុគ្គលិកពេទ្យគ្រប់កម្រិតដូចជា ការធានារផ្តល់ប្រាក់បៀវត្សរ៍សមរម្យ បង្កើនប្រាក់លើកទឹកចិត្ត និងការធានាបាននូវធនធានប្រតិបត្តិការស្វយ័តរបស់មន្ទីរពេទ្យ ដែលរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់បុគ្គលិកជាដើម៕ 
 

Tag:
 វៀតណាម
  សុខាភិបាល
  វេជ្ជបណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com