ជាតិ
សំណុំរឿងលោក កឹម សុខា ឡើងទៅដល់ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា
× ភ្នំពេញ៖ ក្រុមមេធាវីអន្តរជាតិមួយក្រុម បានយកសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារជាងបីខែមកហើយនោះ ទៅដាក់នៅ ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន (The Working Group on Arbitrary Detention) ដែលជាអង្គភាពមួយរបស់អង្គការសហប្រជាជាតិ។ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា ជាអ្នកផ្តល់ព័ត៌មានខាងលើ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី២២ ខែធ្នូនេះ។
កញ្ញា កឹម មនោវិទ្យា អះអាងថា ក្រុមមេធាវីអន្តរជាតិ ដែលក្រុមគ្រួសាររបស់នាងបានពឹងពាក់ បានយកបណ្តឹងនេះ ទៅដាក់ជូនក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន កាលពីថ្ងៃទី២0 ខែធ្នូ ឆ្នាំ២0១៧។ បើតាមកញ្ញា កឹម មនោវិទ្យា ក្រុមមេធាវីអន្តរជាតិទាំងនោះ បានផ្តល់ព័ត៌មានត្រឡប់មកវិញថា ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន បានយល់ព្រមទទួលពាក្យបណ្តឹងហើយ។
កញ្ញា កឹម មនោវិទ្យា បាននិយាយដូច្នេះថា៖«ទៅមុខទៀត គេ អាចនឹងសិក្សាពាក្យបណ្តឹងនោះ។ គេ នឹងទាក់ទងទៅអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីសុំព័ត៌មានបន្ថែម។ ហើយគេ ក៏អាចបង្កើតទៅជាការស៊ើបអង្កេតមួយ ដោយត្រូវចុះទៅត្រួតពិនិត្យផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ»។
ប៉ុន្មានថ្ងៃមុន ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិក និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដោយមានការចូលរួមពីស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសនានា ប្រចាំនៅអង្គការសហប្រជាជាតិ។ កិច្ចពិភាក្សានោះ ផ្តោតសំខាន់លើការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យតំណាងប្រទេសទាំងនោះយល់ថា ជាហេតុចម្បងដែលនាំឲ្យប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ។
កញ្ញា កឹម មនោវិទ្យា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាខាងលើដែរ។ បន្ទាប់ពីរៀបរាប់ពីការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា កញ្ញា កឹម មនោវិទ្យា ក៏បានលើកឡើងនូវសំណើចំនួនបី ដែលរួមមាន សុំឲ្យអង្គការសហប្រជាជាតិ ពិចារណាក្នុងការព្យួរអាសនៈប្រទេសកម្ពុជា សុំឲ្យដាក់បញ្ហាប្រទេសកម្ពុជា ចូលទៅក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅក្នុងខែមករា ឆ្នាំ២0១៨ ខាងមុខ និងសុំឲ្យអង្គការសហប្រជាជាតិ បញ្ជូនតំណាងរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាជាមួយមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហារួមគ្នា។
មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួបលោក កឹម សុខា ដោយផ្ទាល់នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចំនួនបីលើករួចមកហើយ ដើម្បីសាកសួរពីបទឃុបឃិតជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចចាត់ទុកថាជាអំពើក្បត់ជាតិ។
បើតាម មេធាវីរបស់លោក កឹម សុខា ដែលធ្លាប់ប្រាប់កន្លងមក លោក កឹម សុខា បានសារភាពថា លោក ធ្លាប់មានទំនាក់ទំនងជាមួយបរទេសមែន ប៉ុន្តែទំនាក់ទំនង់ទាំងនោះ គឺស្ថិតក្នុងក្របខណ្ឌការងារ ដើម្បីលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារភ្លាមៗ៕
Tag:
កឹម សុខា
កឹម មនោវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com