ជាតិ
មូលនិធិ​ស៊ីក្លូ ចេញដំណើរ​ជាមួយ​ថវិកា​ជាង​៥០​ម៉ឺន​ដុល្លារ​
13, Jan 2018 , 4:10 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​) បានប្រកាស​ដំណើរការ​មូលនិធិ​នេះ នៅ​ចំពោះមុខ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​៣០៨​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមករា​។​



​មូលនិធិ​ស៊ីក្លូ​ផ្តើម​ដំណើរការ​ហើយ ដោយ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សមាជិក​សកម្ម​រប​ស់​ខ្លួន ដែលជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ពិតប្រាកដ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អំពី​រូបរាង​ផ្លូវការ​នៃ​មូលនិធិ​ត្រីចក្រយាន ឬ​មូលនិធិ​ស៊ីក្លូ បន្ទាប់ពី​សម្តេច​បា​នប​ង្ហើ​ប​បំណង​បង្កើត​មូលនិធិ​នេះ ទើបតែ​ពីរ​សប្តាហ៍​កន្លងទៅ​។​

​ពី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ត្រូវ​បានរៀបចំ​ធ្វើ​នៅ​កោះ​ពេជ្រ ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ទាំង​តួលេខ​ថវិកា និង​ឈ្មោះ​សប្បុរសជន​ដែលជា​សមាជិក​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ​។ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ពី​ចំនួន​ថវិកា​ផ្ទាល់ខ្លួន​ដែល​សម្តេច​ត្រូវ​ឧបត្ថម្ភ​មូលនិធិ​នេះ​។​

​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ និង​គ្រួសារ​ខ្ញុំ បានដាក់​ថវិកា​៥០០​លាន​រៀល (១២៥០០០​ដុល្លារ​) ចូលទៅក្នុង​គណនី (​គណនី​ធនាគារ​របស់​មូលនិធិ​) រួចហើយ​។ បន្ទាប់​ទៀត ខ្ញុំ​នឹង​ចូល​២​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ បានន័យថា​២៤​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ បន្ថែមទៀត​»​។​

អត្ថបទទាក់ទង


​ក្រៅពី​ថវិកា​របស់​ប្រមុខ​រដ្ឋាភិបាល សេដ្ឋី​ជំនួញ​៤​នាក់​បានប្រកាស​ឧបត្ថម្ភ​មូលនិធិ​ស៊ីក្លូ​ក្នុង​១​ម្នាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ អ្នកជំនួញ​ធំៗ​ទាំងនេះ​រួមមាន ឧកញ៉ា គិត ម៉េង ឧកញ៉ា លាង ឃុន ឧកញ៉ា​ថៃ ជា​ហួត និង អ៊ឹង ប៊ុន​ហូ​វ​។ នៅមាន​សមាជិក​រដ្ឋាភិបាល និង​អ្នកជំនួញ​ផ្សេងទៀត​ដែល​បានប្រកាស​ផ្តល់​ថវិកា​ចន្លោះ​ពី ២៥០០​ដុល្លារ ដល់​៣​ម៉ឺន​ដុល្លារ​ដល់​មូលនិធិ​ស៊ីក្លូ​។​



​មូលនិធិ​ស៊ីក្លូ​ត្រូវបាន​ដឹកនាំ​បង្កើត​ដោយ​នាយករដ្ឋមន្ត្រី ជាមួយនឹង​ថវិកា​ដ៏​ច្រើន ពីព្រោះ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា លោក​មិន​ចង់ឃើញ​មូលនិធិ​នេះ​បរាជ័យ​ដោយសារ​ក្ស័យ​ធុន​នោះឡើយ​។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​យក​ឱកាស​នេះ​បញ្ជាក់​ផងដែរ​ថា អំពី​ការប្រើប្រាស់​ថវិកា​ទាំងនេះ​យ៉ាង​ត្រឹមត្រូវ​ចំពោះតែ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ណា​ដែល​ស្ម័គ្រ​ចូល​ជា​សមាជិក​នៃ​មូលនិធិ​ស៊ីក្លូ​នេះ​។​

​យោងតាម​ការប្រកាសរ​បស់​សម្តេច ហ៊ុន សែន អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ក្លាយជា​សមាជិក​សកម្ម​នៅក្នុង​មូលនិធិ​នេះ ត្រូវបាន​ទទួលបាន​ប្រយោជន៍​ជាច្រើន​ដូចជា ការទទួលបាន​ប្រាក់ឧបត្ថម្ភ​៧០០០​រៀល​ក្នុង​មួយថ្ងៃ (​បើកប្រាក់​នេះ​១០​ថ្ងៃ​ម្តង​) ការទទួលបាន​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ផលប្រយោជន៍​ផ្សេងទៀត​ដូចជា​ប្រាក់ឧបត្ថម្ភ​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ធំៗ​, ពេល​ចូលនិវត្តន៍​, ក្នុងករណី​មរណភាព​ជាដើម ដែល​ថ្នាក់ដឹកនាំ​មូលនិធិ​កំពុង​សិក្សា និង​សម្រេច​។​

​មូលនិធិ​ស៊ីក្លូ​ដែល​ផ្តួចផ្តើម​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី នឹងត្រូវ​ប្រើប្រាស់​ផងដែរ​សម្រាប់​ការជួសជុល និង​ថែរក្សា​ស៊ីក្លូ ព្រមទាំង​លទ្ធភាព​នៃ​ការបង្កើន​ចំនួន​ស៊ីក្លូ​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​៕


Tag:
 ស៊ីក្លូ ហ៊ុន សែន មូលនិធិ​ស៊ីក្លូ
© រក្សាសិទ្ធិដោយ thmeythmey.com