ជាតិ
នយោបាយជាតិ
លោក កឹម សុខា មិនចូលរួមជាមួយចលនាថ្មីរបស់លោក សម រង្ស៊ី ឡើយ
× លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហរថា លោកមិនចូលរួមជាមួយចលនាបង្កើតថ្មី និងមិនគាំទ្រចលនាថ្មីឡើយ។ នេះបើតាមការអះអាងរបស់លោក មុត ចន្ថា។ សាររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ សំដៅលើ «ចលនាសង្គ្រោះជាតិ» ថ្មីមួយ ដែលផ្តួចផ្តើមឡើងដោយ លោក សម រង្ស៊ី ពីក្រៅប្រទេស។
លោក សម រង្ស៊ី និងលោក កឹម សុខា បានបង្កើតគណបក្សសង្គ្រោះជាតិ (CNRP) រួមគ្នាកាលពីអំឡុងឆ្នាំ២០១២ ហើយគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ បច្ចុប្បន្ន សហស្ថាបនិកទាំងពីរ មិនមានឱកាសកាន់ដៃគ្នាបោះជំហានលើឆាកនយោបាយឲ្យបានរលូននោះឡើយ ដោយម្នាក់ត្រូវនិរទេសខ្លួនឯងទៅក្រៅប្រទេស ហើយម្នាក់ទៀតជាប់ឃុំក្នុងពន្ធនាគារ។
ក្រោយការរំលាយ CNRP និងការហាមឃាត់សិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់១១៨នាក់ លោក សម រង្ស៊ី កាលពីពេលថ្មីនេះ បានបង្កើតចលនាសង្គ្រោះជាតិថ្មីមួយ ដើម្បីគៀងគរ និងរក្សាកម្លាំងនយោបាយរបស់ក្រុមប្រឆាំង។ មន្ត្រីរដ្ឋាភិបាលវាយតម្លៃថា ចលនាថ្មីនេះ កំពុងតែបង្ករគ្រោះថ្នាក់ដល់ខ្លួនកាន់តែធ្ងន់ធ្ងរ។
ដោយឡែកជំហរលោក កឹម សុខា ត្រូវបានលោក មុត ចន្ថា បង្ហើបឲ្យដឹងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា៖ «ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍បញ្ជាក់ជំហរយ៉ាងច្បាស់ថា មិនចូលរួមជាមួយចលនាបង្កើតថ្មី និងមិនគាំទ្រចលនាថ្មីនេះ”។
លោក មុត ចន្ថា បាននាំពាក្យបន្ថែមថា លោក កឹម សុខា បន្តនៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាននាក់ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
បើតាមលោក សម រង្ស៊ី ចលនាថ្មីរបស់ខ្លួនគ្រាន់តែជាចលនាគាំទ្រ និងពង្រឹង CNRP ហើយនៅពេលដែលឈានទៅដល់គោលដៅ ចលនានឹងរំលាយដោយខ្លួនឯង៕
Tag:
CNRP
សម រង្ស៊ី
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com