ជាតិ
កូនស្រីលោក កឹម សុខា ទៅជួបក្រុមជំនាញ UN ដើម្បីតាមដានសំណុំរឿងឪពុក (ពីឆ្វេងទៅស្តាំ) កញ្ញា សម្មាធីតា និង កញ្ញា មនោវិទ្យា កូនស្រីទាំងពីររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន (The Working Group on Arbitrary Detention) ដែលជាអង្គភាពមួយរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមយកករណីឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ទៅសិក្សា និងរកដំណោះស្រាយ។ កូនស្រីទាំងពីររបស់លោក កឹម សុខា បានទៅជួបក្រុមការងារជំនាញនៃអង្គការសហប្រជាជាតិមួយនេះ ដើម្បីពិភាក្សា និងតាមដានការរកដំណោះស្រាយចំពោះការឃុំលោក កឹម សុខា។
តាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី៣0 ខែមករា ឆ្នាំ២0១៨ កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់លោកកឹម សុខា កញ្ញា បាននិយាយមុននឹងចូលជួបក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស យ៉ាងដូច្នេះថា៖«បើមានព័ត៌មានអ្វីថ្មីបន្ថែម នាងខ្ញុំនឹង ផ្តល់ជូនដល់បងប្អូន។ យើង សង្ឃឹមថា ក្នុងពេលឆាប់ៗនេះ យើងនឹង អាចរកបានដំណោះស្រាយមួយជូនលោក កឹម សុខា»។
ក្រុមមេធាវីអន្តរជាតិមួយក្រុម បានយកសំណុំរឿងរបស់លោក កឹម សុខា ដែលជាប់ពន្ធនាគារជិតប្រាំខែមកហើយនោះ ទៅដាក់នៅ ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន របស់អង្គការសហប្រជាជាតិ។ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា អះអាងថា ក្រុមមេធាវីអន្តរជាតិ ដែលក្រុមគ្រួសាររបស់នាងបានពឹងពាក់ បានយកបណ្តឹង ទៅដាក់ជូនក្រុមការងារនេះ កាលអំឡុងខែធ្នូ ឆ្នាំ២0១៧។
មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួបលោក កឹម សុខា ដោយផ្ទាល់នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចំនួនបីលើករួចមកហើយ ដើម្បីសាកសួរពីបទឃុបឃិតជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចចាត់ទុកថាជាអំពើក្បត់ជាតិ។
បើតាម មេធាវីរបស់លោក កឹម សុខា ដែលធ្លាប់ប្រាប់កន្លងមក លោក កឹម សុខា បានសារភាពថា លោក ធ្លាប់មានទំនាក់ទំនងជាមួយបរទេសមែន ប៉ុន្តែទំនាក់ទំនងទាំងនោះ គឺស្ថិតក្នុងក្របខណ្ឌការងារ ដើម្បីលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារភ្លាមៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com