អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ភីង ជាប់ឆ្នោត​ធ្វើ​ប្រធានាធិបតី​ចិន​អាណត្តិ​ទី​២
17, Mar 2018 , 1:01 pm        
រូបភាព
លោក ស៊ី ជិនភីង កំពុងស្បថ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទីពីរ (រូបភាព៖ AFP)
លោក ស៊ី ជិនភីង កំពុងស្បថ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទីពីរ (រូបភាព៖ AFP)
​នៅ​ថ្ងៃទី​១៧ ខែមីនា លោក ស៊ី ជិន​ភីង បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​ចិន​សម្រាប់​អាណត្តិ​ទី​ពីរ​។ លោក ស៊ី ជិន​ភីង ទទួលបាន​សំឡេងគាំទ្រ​ឯកច្ឆន្ទ​ពី​សមាជិកសភា​ប្រជាជន​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​នៅ​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ប៉េកាំង​។ តំណែង​អនុ​ប្រធានាធិបតី​បាន​ធ្លាក់​លើ​លោក វ៉ាង ឈី​សាន មនុស្ស​ជំនិត​របស់លោក ស៊ី ដែល​ធ្លាប់​ដឹកនាំ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​កាលពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ។​

 
​ដូច​ការរំពឹងទុក លោក ស៊ី ជិន​ភីង បន្តកាន់កាប់​កៅអី​ប្រធានាធិបតី​ចិន​សម្រាប់​អាណត្តិ​៥​ឆ្នាំ​លើក​ទី​២ គ្មាន​សំឡេង​ប្រឆាំង និង​គ្មាន​គូប្រជែង​ក្នុងការ​បោះឆ្នោត​អំឡុងពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៧ ខែមីនា ខណៈ​សម្ព័៍ន្ធមិត្ត​របស់​លោក គឺ​លោក វ៉ាង ឈី​សាន ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​។ សមាជិកសភា​ចំនួន​២៩៧០​នាក់​បាន​បោះឆ្នោត​គាំទ្រ​លោក ស៊ី ជិន​ភីង ឯ​លោក វ៉ាង ទទួល​សំឡេងគាំទ្រ​ចំនួន​២៩៦៩ និង​ប្រឆាំង​១​សំឡេង​។​
 
​ក្រោយ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក ស៊ី ជិន​ភីង ក៏បាន​ស្បថ​ចំពោះមុខ​សមាជិកសភា​ទាំងអស់​ដែរ​។ នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​ចិន​ស្បថស្បែ​ជា​សាធារណៈ​បែបនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​រូបនេះ​ស្បថ​ថា លោក​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ ការពា​រដ្ឋធម្មនុញ្ញ និង​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ​។ បន្ទាប់ពី​ប្រធានាធិបតី លោក វ៉ាង ក៏បាន​ស្បថ​ចូលកាន់​តំណែង​អនុ​ប្រធានាធិបតី​របស់ខ្លួន​ដែរ​។  
​ការជាប់ឆ្នោត​របស់លោក ស៊ី មិនមែនជា​រឿង​គួរ​ភ្ញាក់ផ្អើល​ឡើយ​។ អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​វត្តមាន​លោក វ៉ាង ឯណោះ​ទេ​។ លោក វ៉ាង បាន​ចូលនិវត្តន៍​កាលពី​មហាសន្និបាត​បក្ស​ឆ្នាំ​២០១៧ និង​មិនមាន​តួនាទី​អ្វី​ក្នុង​បក្ស​ឡើយ​។ ជាម​នុស្ស​ជំនិត​របស់លោក ស៊ី អតីត​សមាជិក​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​រូបនេះ ធ្លាប់​ទទួលខុសត្រូវ​លើ​ការងារ​កម្ចាត់​អំពើពុករលួយ​ក្នុង​បក្ស​តាំងពី​មន្ត្រី​ថ្នាក់ខ្ពស់ រហូតដល់​មន្ត្រី​ថ្នាក់ទាប​។​
 
​ជាមួយនឹង​ការវិលត្រឡប់​ចូល​ឆាកនយោបាយ និង​កាន់តំណែង​ដល់​ទៅ​អនុ​ប្រធានាធិបតី​នេះ លោក វ៉ាង រំពឹងថា នឹង​ជួយ​លោក ស៊ី ក្នុង​ការងារ​ការបរទេស ជាពិសេស​ដោះស្រាយ​ទំនាក់ទំនង​ជាមួយ​អាមេរិក​តែម្ដង​។ តាមពិតទៅ តំណែង​អនុ​ប្រធានាធិបតី​នេះ​មិនមាន​អំណាច​អ្វី​ទេ តែដោយសារ​លោក ស៊ី ជា​អ្នក​នៅ​ពីក្រោយ​នោះ លោក វ៉ាង នឹងមាន​ឥទ្ធិពល​ក្នុង​កិច្ចការ​ការទូត​របស់​ចិន ខុសពី​អនុ​ប្រធានាធិបតី​មុនៗ​។​
 
​ក្រៅពី​តំណែង​ប្រធានាធិបតី លោក ស៊ី ក៏​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​មានអំណាច​ផងដែរ​។ ដោយឡែក​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ លោក លី ចាន់​ស៊ូ មនុស្ស​ជំនិត​ម្នាក់ទៀត​របស់លោក ស៊ី ក៏​ជាប់ឆ្នោត​ជា​ឯកច្ឆន្ទ​ក្លាយជា​ប្រធានសភា​ប្រជាជន​ចិន​ដែរ​។ សមាជិកសភា​ចិន​ក៏បាន​អនុម័ត​ផែនការ​កែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​ដែល​បាន​កាត់បន្ថយ​ក្រសួង អង្គភាព​ជាច្រើន​ដើម្បី​ប្រសិទ្ធភាព​ការងារ​៕
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  វ៉ាង ឈី​សាន
© រក្សាសិទ្ធិដោយ thmeythmey.com