ជាតិ
លម៉ើ ជាដំណាំដែលងាយដាំ តែចាំបាច់ត្រូវចេះជ្រើសរើសពូជឱ្យបានល្អ!
10, Jul 2021 , 6:14 pm        
រូបភាព
ដោយ:
លើមើុ (Date Palm) ជាដំណាំហូបផ្លែមួយប្រភេទ ដែលអាចច្នៃជាតំណាប់ផង និងអាចហូបស្រស់នៅពេលផ្លែវាទុំ។ បច្ចុប្បន្ន នៅលើទីផ្សារ ផ្លែល្ម៉ើស្រស់ មានតម្លៃពី១៥ដុល្លាររហូត១៧ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះបីផ្លែលម៉ើមានតម្លៃថ្លៃ និងមានការពេញនិយមសម្រាប់ពលរដ្ឋមួយចំនួន តែដំណាំនេះ ហាក់មិនសូវមានអ្នកចាប់អារម្មណ៍ដាំដុះនៅឡើយ ព្រោះពិបាកក្នុងការជ្រើសរើសពូជ។


 
លម៉ើ ជាដំណាំដែលមិនរើសប្រភេទដីដាំដុះ ងាយមើលថែ ប៉ុន្តែសព្វថ្ងៃដំណាំនេះ ហាក់មិនសូវ មានអ្នកដាំដុះទៅវិញ។ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥បែបនេះ៖«តាមពិតលម៉ើ មិនពិបាកដាំនោះទេ ហើយក៏មិនសូវរើសតំបន់ដែរ។ តែសព្វថ្ងៃ អ្នកដាំលម៉ើ មានចំនួនតិចតួចនៅឡើយ ហើយអ្នកដាំ គឺជាអ្នកមានជីវភាពធូរធារ»។
 
លម៉ើ ជាប្រភេទដំណាំនាំចូលពូជពីបរទេស ដែលត្រូវចំណាយថវិកាច្រើនក្នុងការដាំដុះ។ ពាក់ព័ន្ធនឹងការដាំល្ម៉ើនេះ លោក ខេង វីរ៉ែន អ្នកគ្រប់គ្រងទូទៅ នៃចម្ការតាខ្នា បានលើកឡើងថា មិនមែនគ្រប់គ្នា សុទ្ធតែអាចដាំល្ម៉ើបាននោះទេ គឺត្រូវសិក្សាលម្អិតពីប្រភេទពូជ បច្ចេកទេសដាំដុះ និងការថែទាំ។ លោក វីរ៉ែន បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា ការដាំដុះដំណាំល្ម៉ើ សំខាន់បំផុតលើការជ្រើសរើសពូជ បើពុំនោះទេ ផ្លែលម៉ើ អាចនឹងមានរសជាតិចត់។
 
បើតាមអ្នកគ្រប់គ្រងទូទៅនៃចម្ការតាខ្នា ពូជលម៉ើ មានរហូតប្រមាណ ៧០០ពូជ និងបានចែងចែកជា ៣ប្រភេទ។ ក្នុងនោះ មានល្ម៉ើប្រភេទលម្អ ល្ម៉ើប្រភេទហូបស្រស់ និងល្ម៉ើប្រភេទធ្វើតំណាប់។ អ្នកគ្រប់គ្រងចម្ការរូបនេះ បានពន្យល់បែបនេះ៖«ការដាំល្ម៉ើ សំខាន់បំផុតការជ្រើសរើសពូជ និងការមើលថែ។ វាត្រូវចំណាយច្រើន លើការទិញពូជពីខាងក្រៅ។ ចំពោះការរើសពូជវិញ កាន់តែសំខាន់ កាលណារើសមិនបានល្អ នឹងធ្វើឱ្យផ្លែល្ម៉ើ មានផ្អែមឆ្ងាញ់ និងមានរសជាតិចត់»។


   ចម្ការតាខ្នា
 
ជាទូទៅ ដំណាំលម៉ើ ត្រូវប្រើពេល៣ឆ្នាំ ក្នុងការដាំដុះ ទម្រាំទទួលបានផល។ នៅខែកក្កដា និងខែសីហា ជារដូវប្រមូលផលផ្លែល្ម៉ើ ដែលល្ម៉ើ ១ដើម អាចផ្ដល់ផលប្រមាណ ១០០គីឡូក្រាម។ ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចម្ការតាខ្នា ជាកន្លែងដាំដុះដំណាំល្ម៉ើ រួមនឹងដំណាំផ្សេងទៀត ដូចជា ស្វាយកែមៀត ស្វាយចន្ទី ក្រូចពោធិ៍សាត់ ដែលមានផ្ទៃដីជាង ១ពាន់ហិកតា ក្នុងនោះដំណាំលម៉ើ មានប្រមាណ ៤០ហិកតា។
 
ក្នុងមួយថ្ងៃៗ ផ្លែលម៉ើស្រស់ របស់ចម្ការតាខ្នា អាចលក់ប្រមាណពី ២ទៅ៣តោន។ សម្រាប់ផ្លែលម៉ើស្រស់ នៅចម្ការផ្ទាល់ តម្លៃ ៤៨០០០រៀល ក្នុងមួយគីឡូក្រាម និងផ្លែលម៉ើស្រស់ ដែលលក់នៅតាមទីផ្សារ តម្លៃ ១៥ដុល្លារ ដល់ ១៧ដុល្លារ ក្នុងមួយគីឡូក្រាម។
 
លោក វីរ៉ែន បន្ថែមថា ពូជលម៉ើ ដែលដាំក្នុងចម្ការតាខ្នា កំពុងមានការគាំទ្រយ៉ាងខ្លាំង ទើបធ្វើឱ្យការផ្គត់ផ្គង់ មិនទាន់គ្រប់តាមតម្រូវការទីផ្សារ។ ពូជលម៉ើ ដែលកំពុងពេញនិយមនេះ គឺពូជលម៉ើបាហ៊ី និងពូជល្ម៉ើលម៉ើខូណេស៊ី ដែលជាប្រភេទល្ម៉ើ ហូបសាច់។ ពូជលម៉ើ ទាំងពីរប្រភេទនេះ បាននាំចូលពីប្រទេសអារ៉ាប់។   
ចម្ការតាខ្នា កំពុងមានគម្រោងប្រែក្លាយចម្ការនេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍មួយ នាពេលខាងមុខ បន្ទាប់ពីផ្លែល្ម៉ើ រួមទាំងកសិផលដទៃ ក្នុងចម្ការនេះ ទទួលបានមានការគាំទ្រខ្លាំង។ អ្នកគ្រប់គ្រង ចម្ការខ្នា សង្ឃឹមថា ទិន្នផលលម៉ើ ឆ្នាំនេះ នឹងទទួលបានពី ៧០តោន ទៅ៨០តោន។
 
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត លមើុ ក៏អាចសរសេរបានថា «ល្ម៉ើ» ផងដែរ តែសំណេរមានការទើសទែងច្រើនជាន់ពេក៕


 រូបភាពទាំងអស់ពីចម្ការតាខ្នា
 

Tag:
 កំពង់ធំ
 លម៉ើ
© រក្សាសិទ្ធិដោយ thmeythmey.com