ជាតិ
មេពន្ធដារ ប្រាប់ឲ្យម្ចាស់អាជីវកម្មដំណាំកៅស៊ូ ត្រូវទទួលស្គាល់ចំណូល និងចំណាយ
10, Aug 2021 , 7:59 pm        
រូបភាព
រូបភាព_ពី_មន្ទីរកសិកម្ម រុក្ខាប្រមាញ់
រូបភាព_ពី_មន្ទីរកសិកម្ម រុក្ខាប្រមាញ់
ភ្នំពេញ៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មដាំដំណាំកៅស៊ូ ត្រូវទទួលស្គាល់ចំណូល និងចំណាយសម្រាប់គោលដៅពន្ធលើប្រាក់ចំណូល។ នេះបើតាមសេចក្ដីណែនាំស្ដីពីការទទួលស្គាល់ចំណូល និងចំណាយចំពោះសហគ្រាសប្រកបអាជីវកម្មដាំដំណាំកៅស៊ូរបស់អគ្គនាយកដ្ឋានពន្ធដារ។


លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំមួយថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មដាំដំណាំកៅស៊ូ ត្រូវទទួលស្គាល់ចំណូលជាប់ពន្ធ, ចំណាយដែលត្រូវបញ្ចូលក្នុងថ្លៃដើមកៅស៊ូ, ការរំលស់អនុញ្ញាតតាមច្បាប់សារពើពន្ធ និងការកំណត់ថ្លៃដើមទិន្នផលដំណាំកៅស៊ូ។ ក្នុងសេចក្ដីណែនាំដដែល បន្តថា សហគ្រាសដែលប្រកបអាជីវកម្មដាំដំណាំកៅស៊ូ ត្រូវទទួលស្គាល់ចំណូលជាប់ពន្ធនៅពេលផ្គត់ផ្គង់ទំនិញ ឬសេវា។ 
 
ចំណូលពីការផ្គត់ផ្គង់ទំនិញ ឬសេវាទាំងនោះរួមមាន ចំណូលពីការផ្គត់ផ្គង់ផលិតផល ដូចជា ជ័រកៅស៊ូទឹក ឬកៅស៊ូបង្កក និងកៅស៊ូក្រែប។ ចំណែក ចំណូលពីសកម្មភាពអាជីវកម្មបន្ទាប់បន្សំ មានដូចជា កូនកៅស៊ូ ដើមកៅស៊ូ និងសេវាឈូសឆាយដី រួមទាំងចំណូលផ្សេងៗ ដូចជា ចំណូលពីមូលបត្រ ភាគហ៊ុន និងចំណូលហិរញ្ញវត្ថុជាដើម។ 
 
ទាក់ទងនឹងការចំណាយវិញ សហគ្រាសត្រូវទទួលស្គាល់ចំណាយតាមគោលការណ៍ផងដែរ។ ជាមួយគ្នានេះ រាល់ចំណាយក្នុងដំណាក់កាលដាំដុះដំបូង គឺគិតចាប់ពីការបណ្ដុះពូជរហូតដល់ពេលប្រមូលផល ឬចៀរជ័រ ដែលពាក់ព័ន្ធផ្ទាល់នឹងការដាំដុះដំណាំកៅស៊ូ ត្រូវបានបញ្ចូលក្នុងថ្លៃដើមដំណាំកៅស៊ូ។ ដោយឡែក ចំណាយដែលផ្ទុយពីការចំណាយខាងលើ ត្រូវចាត់ជាចំណាយប្រតិបត្តិការ។ នេះបើតាមលិខិតលោក គង់ វិបុល។
 
សេចក្ដីណែនាំខាងលើ បន្ថែមថា សហគ្រាសទាំងអស់ ក៏ត្រូវកត់ត្រានូវចលនាស្តុកដើមគ្រា ស្តុកផលិតបានក្នុងគ្រា និងស្ដុកចុងគ្រា ដោយត្រូវបែងចែក និងវាស់វែងប្រភេទទិន្នផលនីមួយៗ៕ 
 

Tag:
 ពន្ធដារ
  សេដ្ឋកិច្ច
  ដំណាំកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com