ជាតិ
រិះគន់គេស្រួល ចាប់ផ្តើមធ្វើខ្លួនឯងទើបដឹងថា…!
19, Aug 2021 , 9:29 am        
រូបភាព
ទោះបីជា សំណាង និងសុធីរ មិនសូវបានជួបគ្នាដើម្បីក្រេបកាហ្វេដូចសព្វដងក៏ដោយក្តី ក៏ក្លើទាំងពីរ នៅតែបន្តជជែកគ្នាមិនចេះចប់ មិនចេះហើយ ជុំវិញរឿងរ៉ាវសង្គម ជាពិសេសរឿងរ៉ាវដែលកើតឡើងនៅក្នុងការងារ មិនថាការងារអង្គការ រដ្ឋ ឬឯកជនឡើយ។ អង្គុយចាំចាប់កំហុសគេ មិនលំបាកឡើយ តែបើចាប់ផ្តើមធ្វើខ្លួនឯង ទើបយល់ការលំបាករបស់អ្នកធ្វើ។ សាលា«ថា»ស្រួល តែសាលា«ធ្វើ»លំបាក។ និយាយស្រួលជាងធ្វើ។

 
សុធីរ៖ អា សំណាង ហេតុអ្វីបានជាអ្ហែងលើកយកប្រធានបទនេះ មកនិយាយនៅថ្ងៃនេះ?។ រឿងនេះគឺជារឿងទូទៅ និងសាមញ្ញរបស់មនុស្សនៅលើពិភពលោកទេតើ! 
 
សំណាង៖ សាមញ្ញមែន ធម្មតាមែន តែវាស្ថិតនៅជាបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃតើ! ម្យ៉ាងទៀត បច្ចុប្បន្ននេះ ម្នាក់ៗមានយោបល់ច្រើន ផ្តល់គំនិតច្រើន រិះគន់ច្រើននៅលើបណ្តាញសង្គម។ 
សុធីរ៖ មតិកាន់ច្រើន យោបល់កាន់តែច្រើន អាហ្នឹងមិនកាន់តែល្អ។ ម្យ៉ាងទៀត អាហ្នឹងហើយដែលគេហៅថា សេរីភាពក្នុងការបញ្ចេញមតិ ឬសេរីភាពក្នុងការគិត។ មតិចម្រុះនៅក្នុងសង្គមប្រជាធិបតេយ្យ គឺប្រៀបបានទៅនឹងសួនច្បារ ដែលមានផ្កាចម្រុះព័ណ៌តើ!។ រឿងនេះល្អណាស់ អា សំណាង។ អ្ហែងគួរជួយជំរុញនិន្នាការនេះឲ្យកាន់តែផុសឡើងបន្ថែមទៀត ជាពិសេស ក្នុងចំណោមយុវជន។ 
 
សំណាង៖ អញយល់ហើយ។ ប៉ុន្តែអញខ្លាចតែម្នាក់ៗគិតតែពីឲ្យយោបល់គេ ហើយឈប់ធ្វើកិច្ចការរបស់ខ្លួនឯងហ្នឹណ៎ា! 
 
សុធីរ៖ ដូចជាមិនអ៊ីចឹងពេកទេឬ? តើអ្ហែងសង្កេតឃើញចំនួនអ្នកអង្គុយរិះគន់គេ កើនឡើងច្រើនមែនឬ? ផ្ទុយទៅវិញ បើចំនួនអ្នកបញ្ចេញយោបល់កើនឡើង មានន័យថាគុណភាពប្រជាធិបតេយ្យត្រូវបានកែលម្អ។ 
 
សំណាង៖ បើបញ្ចេញយោបល់ល្អៗ ហើយរួមគ្នាប្រឹងធ្វើ ដូចជាមិនអីទេ។ តែអញខ្លាចបំផុត មួយថ្ងៃៗអង្គុយរិះគន់គេ ហើយភ្លេចធ្វើកិច្ចការខ្លួនឯង។ ម្យ៉ាងទៀតអញខ្លាចបំផុត អ្នកពូកែរិះគន់គេ តែខ្លួនឯងហ្នឹងអត់ធ្វើអ្វីសោះតែម្តង។ អ្ហែងត្រូវចង់ចាំឲ្យច្បាស់ថា ផ្តល់យោបល់ឲ្យគេធ្វើស្រួលទេ តែបើធ្វើខ្លួនឯងទើបដឹងថាលំបាក។ រឿងធ្វើនេះ មិនងាយទេណ៎ា! 
សុធីរ៖ តែគេជួយជាគំនិតដែរតើ! 

សំណាង៖ អញយល់ហើយ។ ធម្មតា គេអរគុណចំពោះអ្នកផ្តល់គំនិតល្អៗ។ តែពេលខ្លះ អ្នកប្រឹងធ្វើក៏ចង់ប្រាប់អ្នកផ្តល់គំនិតវិញថា សាលា«ធ្វើ»ពិបាក ជាងសាលា«ថា»។ អ្នកខ្លះផ្តល់យោបល់ឲ្យគេល្អៗ តែនៅពេលដែលត្រូវធ្វើកិច្ចការខ្លួនឯង លទ្ធផលដូចជាមិនសូវគាប់ប្រសើរឡើយ។ 
 
សុធីរ៖ អ្ហែងចង់ មានន័យថា អ្នកផ្តល់យោបល់គ្មានប្រយោជន៍មែនឬ? 
 
សំណាង៖ អញមិនចង់មានន័យដូច្នោះទេ។ អញគ្រាន់តែចង់និយាយថា «ធ្វើ»ពិបាកជាង«ថា»ទេតើ! អញនៅតែផ្តល់តម្លៃ ជូនចំពោះអ្នកផ្តល់យោបល់។ ប៉ុន្តែអញគ្រាន់តែចង់ពញ្ញាក់អារម្មណ៍អ្ហែងទៅវិញថា ប្រាប់គេ, ឲ្យយោបល់គេ ឬរិះគន់គេវា ស្រួលទេ តែនៅពេលដែលធ្វើខ្លួនឯងទើបដឹងថា ពិបាក និងលំបាកយ៉ាងម៉េច។ សរុបមកវិញ បង្កើតសមិទ្ធផលខ្លួនឯងសិន ទើបយោបល់ដែលផ្តល់នោះ កាន់តែមានតម្លៃខ្ពស់។ ផ្ទុយទៅវិញ មតិ-យោបល់នឹងគ្មានតម្លៃ ប្រសិនលោកអ្នក មិនទាន់បង្កើតសមិទ្ធផល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com