ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សកម្មជនស្រ្តីម្នាក់ មានសេរីភាពវិញ ក្រោយជាប់ឃុំ១ឆ្នាំ ដោយសារតវ៉ានៅមុខស្ថានទូតចិន
29, Oct 2021 , 8:59 pm        
រូបភាព
អ្នកស្រី សាត ផា (អង្គុយបត់ជើងនិងលើកដៃសំពះ) រួមជាមួយពលរដ្ឋផ្សេងទៀត ស្ថិតនៅមុខស្ថានទូតអាមេរិក បន្ទាប់ចាកចេញពីស្ថានទូតចិន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ រូបពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
អ្នកស្រី សាត ផា (អង្គុយបត់ជើងនិងលើកដៃសំពះ) រួមជាមួយពលរដ្ឋផ្សេងទៀត ស្ថិតនៅមុខស្ថានទូតអាមេរិក បន្ទាប់ចាកចេញពីស្ថានទូតចិន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ រូបពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
អ្នកស្រី សាត ផា សកម្មជនម្នាក់ ដែលគេឧស្សាហ៍ឃើញចូលរួមជាមួយសកម្មជនដទៃទៀត ក្នុងការតវ៉ា និងការធ្វើបាតុកម្មនានា បានចេញពីពន្ធនាគារវិញហើយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីអ្នកស្រី អនុវត្តទោសក្នុងពន្ធនាគារចប់សព្វគ្រប់។ អ្នកស្រី ជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ដោយសារអ្នកស្រី ចូលរួមតវ៉ានៅមុខស្ថានទូតចិន។


អ្នកស្រី សាត ផា គឺជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនផ្សេងទៀត ដែលនាំគ្នាទៅតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃរម្លឹកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគេ នាំគ្នាទៅតវ៉ានៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន ចូលរួមគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ 
 
ក្រោយនាំគ្នាទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន សកម្មជនទាំងនោះ ក៏ត្រូវចាប់ខ្លួនជាបន្តបន្ទាប់។ មានមនុស្សសរុប៩នាក់ ដែលកាត់ទោសឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅមុខស្ថានទូតចិន។ 
 
ក្នុងចំណោម៩នាក់នោះ មាន៧នាក់ ដែលត្រូវចាប់ខ្លួន និងត្រូវជាប់ពន្ធនាគារ ខណៈ២នាក់ទៀត គឺលោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង បុរសឈ្មោះ សាន សីហៈ មិនជាប់ពន្ធនាគារឡើយ ដោយសារកំពុងរស់នៅឯក្រៅប្រទេស។ ចំពោះលោក ហូរ វ៉ាន់ ត្រូវរកឃើញថា បានរៀបចំផែនការពីក្រៅប្រទេស មកឲ្យសកម្មជនក្នុងស្រុកធ្វើបាតុកម្មនៅមុខស្ថានទូតចិន។ 
 
លោក ហូរ វ៉ាន់ លោក សាន សីហៈ ត្រូវជាប់ពន្ធនាគារ២០ខែ ពីបទផ្តើមគំនិត (ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម), អ្នកស្រី ហុង អាន ត្រូវជាប់ពន្ធនាគារ១៨ខែ ពីបទផ្តើមគំនិត (ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម), អ្នកស្រី លឹម សាន អ្នកស្រី យ៉យ ស្រីមុំ លោក តុន និមល ត្រូវជាប់ពន្ធនាគារ១៨ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម, អ្នកស្រី សាត ផា អ្នកស្រី សាន់ ស្រីនាថ អ្នកស្រី ប៉ៃ រ៉េន ត្រូវជាប់ពន្ធនាគារ១២ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ ក្រៅពីជាប់ពន្ធនាគារ អ្នកទាំង៩នាក់ ត្រូវតុលាការពិន័យឲ្យបង់ប្រាក់២លានរៀលស្មើៗគ្នា។
 
ចំពោះអ្នកស្រី សាត ផា ត្រូវចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១​ គឺគ្រប់រយៈពេល១ឆ្នាំ ជារយៈពេលដែលអ្នកស្រី អនុវត្តទោសចប់តាមការកំណត់របស់តុលាការភ្នំពេញ។ អ្នកស្រី សាន់ ស្រីនាថ និង អ្នកស្រី ប៉ៃ រ៉េន ក៏ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ដូចអ្នកស្រី សាត ផា ដែរ តែអ្នកស្រីទាំង២ មិនទាន់អនុវត្តទោសគ្រប់នោះទេ។ អ្នកស្រីទាំង២ ត្រូវបានចាប់ខ្លួនក្រោយអ្នកស្រី សាត ផា។
 
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង៩នាក់ខាងលើ ប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី សាន់ ស្រីនាថ និង អ្នកស្រី ប៉ៃ រ៉េន ប្រហែលជាអាចចេញពីពន្ធនាគារនៅចន្លោះខែវិច្ឆិកា ឬឈានខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ លោក មានប្រសាសន៍ថា៖«អ្នកស្រី សាត ផា បានចេញមុនគេ ដោយសារគាត់ ត្រូវបានចាប់ខ្លួនមុនអ្នកផ្សេងៗទៀត»៕ 
 
 

Tag:
 សាត ផា
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com