ជាតិ
សេដ្ឋកិច្ច
ដៃគូចំនួន៤ សន្យាផ្តល់មូលនិធិ៦៦៥លានដុល្លារ ជួយដល់ការស្ដារឡើងវិញបៃតងក្នុងតំ​បន់​​អាស៊ាន
03, Nov 2021 , 9:29 pm        
រូបភាព
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានវត្តមានក្នុក្នុងសន្និសីទភាគីលើកទី២៦ (COP26) នៅទីក្រុង Glasgow ដែលប្រព្រឹត្តទៅនៅទីក្រុងGlasgow នៃចក្រភពអង់គ្លេស
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានវត្តមានក្នុក្នុងសន្និសីទភាគីលើកទី២៦ (COP26) នៅទីក្រុង Glasgow ដែលប្រព្រឹត្តទៅនៅទីក្រុងGlasgow នៃចក្រភពអង់គ្លេស
ដៃគូចំនួន៤ បានសន្យាផ្តល់ប្រាក់ចំនួន ៦៦៥លានដុល្លារ សម្រាប់វេទិកាគ្រប់គ្រងដោយធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានគោលបំណងប្រមូលប្រាក់ចំនួន ៤ ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនល្បឿននៃការងើបឡើងវិញ ក្នុងតំបន់ពីជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកានេះ។

 
មូលនិធិនេះ ត្រូវបានប្រកាសនៅក្នុងសន្និសីទភាគីលើកទី២៦ (COP26) នៅទីក្រុង Glasgow ដែលប្រព្រឹត្តទៅនៅទីក្រុងGlasgow នៃចក្រភពអង់គ្លេស ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស សន្យាផ្តល់ ១១០លានផោន ឬប្រមាណ១៥១លានដុល្លារ។ ទឹកប្រាក់ចំនួន ១៣២ លានអឺរ៉ូ ឬប្រមាណ ១៥៥លានដុល្លារ ជាការសន្យាផ្តល់ពី Cassa Depositi e Prestiti (CDP) ដែលជាក្រុមផ្តល់កម្ចីរដ្ឋ របស់ប្រទេសអ៊ីតាលី។ ទឹកប្រាក់ ៥០លានអឺរ៉ូ ពីសហភាពអឺរ៉ុប និង៣០០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង(Green Climate Fund)។ 
 
បើតាម ADB ភាពជាដៃគូទាំងនេះ នឹងក្លាយជាផ្នែកមួយនៃវេទិកា សម្រាប់ការងើបឡើងវិញបៃតង(Green Recovery Platform)ថ្មី ដើម្បីគាំទ្រដល់កិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតងជាកាតាលីករ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ACGF) ដែលត្រូវបានបង្កើតឡើងដោយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrustructure Fund) និងគ្រប់គ្រងដោយ ADB ។
 
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចូលរួមព្រឹត្តិការណ៍នេះ ជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ពីបណ្តាប្រទេសអាស៊ាន និងដៃគូ មានប្រសាសន៍ថា៖“បណ្តាប្រទេសអាស៊ាន មានឱកាសពិសេស ក្នុងការកសាងអនាគតបៃតង និងប្រកបដោយបរិយាប័ន្ន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ វេទិកាសម្រាប់ការងើបឡើងវិញបៃតងថ្មីរបស់អាស៊ាន នឹងជួយពន្លឿនលំហូរវិនិយោគ ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ប្រកបដោយនិរន្តរភាពបរិស្ថាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌”។
 
ការផ្តល់មូលនិធិថ្មី នឹងបន្ថែមទៅលើការសន្យាផ្តល់ហិរញ្ញប្បទាន ចំនួន ១,៤ ពាន់លាន ដុល្លារអាម៉េរិក ដែលបានតៀមរួចសម្រាប់ ACGF តាំងពីឆ្នាំ២០១៩ ដោយនឹងនាំមកនូវកញ្ចប់សន្យាសរុប ២ ពាន់លានដុល្លារ សម្រាប់ ACGF។ ដៃគូផ្តល់ហិរញ្ញប្បទានដំបូង ដែលគាំទ្រដល់ACGF រួមមាន ADB ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ធនាគារអភិវឌ្ឍន៍រដ្ឋអាល្លឺម៉ង់ KfW និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ 
 
អគ្គនាយកភាពជាដៃគូអន្តរជាតិ នៃគណៈកម្មការអឺរ៉ុប លោក Koen Doens នាយកប្រតិបត្តិ នៃមូលនិធិអាកាសធាតុបៃតង (GCF) លោក Yannick Glemarec និងនាយកប្រតិបត្តិ AFD លោក Remy Rioux ក៏បានផ្តល់សន្ទរកថាក្នុងពិធីខាងលើដែរ។
 
លោកស្រី Elizabeth Truss រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស មានប្រសាសន៍ថា៖ “ឆ្នាំនេះ ចក្រភពអង់គ្លេស បានក្លាយជាដៃគូសន្ទនាថ្មីដំបូងគេរបស់អាស៊ាន ក្នុងរយៈពេល ២៥ឆ្នាំ។ ឥឡូវនេះ យើងកំពុងធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរឹងមាំ និងដោះស្រាយការ ប្រែប្រួលអាកាសធាតុ។" បើតាមលោកស្រី Elizabeth Truss ការផ្តល់មូលនិធិចំនួន ១១០លានផោន របស់ចក្រភពអង់គ្លេស សម្រាប់មូលនិធិ កិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតង ជាកាតាលីករនៃចក្រភពអង់គ្លេស និង អាស៊ាន (UK-ASEAN Catalytic Green Finance Facility Trust Fund) នឹងជួយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធស្អាត ស្មោះត្រង់ និងអាចទុកចិត្តបាន ដល់ប្រទេសដែលត្រូវការវាបន្ទាន់ ដោយផ្តោតលើជំនាញរបស់ចក្រភពអង់គ្លេស លើបច្ចេកវិទ្យាបៃតង និងបង្កើតការងារនៅទូទាំងចក្រភពអង់គ្លេស។
 
ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាព និងសង្គម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វេទិកានេះនឹងផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ និងជំរុញការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបង្កើតការងារ និងជំរុញកំណើន។ វាក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍ ដើម្បីសម្រេចបាន នូវគោលដៅអាកាសធាតុរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជួយពួកគេពង្រឹងទីផ្សារមូលធនបៃតង ដូចជាតាមរយៈការពង្រីកការចេញសញ្ញាបណ្ណបៃតង និង អាកាសធាតុជាដើម។
 
នាយកប្រតិបត្តិ CDP លោក Dario Scannapieco មានប្រសាសន៍ថា៖ "នៅពេលដែលយើង កសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ ការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចព្រមព្រៀងទីក្រុង ប៉ារីស (Paris Agreement) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនត្រូវធ្លាក់ចុះ ឡើយ។ CDP ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ហិរញ្ញប្បទាន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន តាមរយៈការលើកកម្ពស់ភាពជាដៃគូស្ថាបនា ដូចជាការគាំទ្ររបស់យើងចំពោះ ACGF ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការងើបឡើងវិញ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបៃតងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើម្បីរួមកម្លាំងជាមួយធនាគារអភិវឌ្ឍន៍ជាតិផ្សេងទៀត ដោះស្រាយបញ្ហាប្រឈម បច្ចុប្បន្ន សម្រាប់មនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ។”
 
វេទិកាសម្រាប់ការងើបឡើងវិញបៃតងរបស់អាស៊ាន (ASEAN Green Recovery Platform) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបង្កើនមហិច្ឆិតារបស់ខ្លួន សម្រាប់ការផ្តល់ហិរញ្ញប្បទាន អាកាសធាតុឆ្នាំ ២០១៩-២០៣០ រហូតដល់ ១០០ ពាន់លានដុល្លារ ដោយធានាថា យ៉ាងហោចណាស់ ៧៥% នៃគម្រោង នឹងដោះស្រាយការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុអំឡុងឆ្នាំ ២០៣០។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

Tag:
 ស្តារសេដ្ឋកិច្ច
 អាស៊ាន
  Green Recovery
© រក្សាសិទ្ធិដោយ thmeythmey.com