អន្តរជាតិ
ឥណ្ឌា បន្តបិទសាលារៀននៅរដ្ឋធានីញូវដែលី ដោយសារខ្យល់ពុលក្នុងបរិយាកាស
18, Nov 2021 , 11:30 am        
រូបភាព
រូបថត AFP
រូបថត AFP
អាជ្ញាធររដ្ឋធានីញូវដេលីនៅថ្ងៃទី១៧ ខែ វិច្ឆិកា បានប្រកាសបន្តបិទសាលារៀនរហូតដល់មានការជូនដំណឹងបន្ថែម ដោយសារខ្យល់ពុលបរិយាកាសនៅបន្តមានដដែល។ អាជ្ញាធរក៏បានអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ និងហាមឃាត់រថយន្តដឹកទំនិញដែលមិនសំខាន់ចូលក្នុងទីក្រុងនេះ ដោយសារកម្រិតនៃការបំពុលបរិយាកាសអាចប៉ះពាល់សុខភាពប្រជាជន។

 
ជារដ្ឋធានីមួយដែលមានការបំពុលខ្លាំងបំផុតលលើពិភពលោក ទីក្រុងញូវដេលីមានចំនួនប្រជាជនរស់នៅជាង ២០ លាននាក់ ហើយជារៀងរាល់រដូវរងាតែងជួបប្រទះនឹងបញ្ហាបខ្យល់បំពុលក្នុងបរិយាកាស។ នៅថ្ងៃទី ១៣​ ខែវិច្ឆិកាកន្លងទៅ អាជ្ញាធររដ្ឋធានីញូវដេលី​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​រយៈពេល​មួយ​សប្តាហ៍ និង​ហាម​ឃាត់​ការងារ​សំណង់​រយៈពេល​បួន​ថ្ងៃ។​​

ដោយមើលឃើញថា ខ្យល់ពុលបរិយាកាសនៅតែបន្តកើតមាន គណៈកម្មាធិការគ្រប់គ្រងគុណភាពខ្យល់នៅរដ្ឋធានីញូវដេលីនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ប្រកាសប្រាប់ឱ្យគ្រឹះស្ថានអប់រំទាំងអស់បន្តបិទរហូតដល់មានការជូនដំណឹងបន្ថែម។

លើសពីនេះទៀត រោងចក្រដែលដើរដោយថាមពលធ្យូងថ្មចំនួន៥នៅជុំវិញរដ្ឋធានីញូវដេលីក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមការងារស្តីពីការបំពុលខ្យល់របស់ក្រសួងបរិស្ថាន​ ព្រៃឈើ និងការប្រែប្រួលអាកាសធាតុរបស់ឥណ្ឌា។ ជាមួយគ្នានេះ ឡានដឹកទំនិញមិនចាំបាច់ ត្រូវបានហាមឃាត់មិនឱ្យចូលរដ្ឋធានីរហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ហើយសកម្មភាពសំណង់ភាគច្រើននៅក្នុងរដ្ឋធានីញូវដេលី និងតំបន់ជិតខាងក៏ត្រូវបានបញ្ឈប់ផងដែរ។

គណៈកម្មាធិការគ្រប់គ្រងគុណភាពខ្យល់ ក៏បានលើកឡើងថា យ៉ាងហោចណាស់៥០ភាគរយនៃបុគ្គលិក ក្នុងជួររដ្ឋាភិបាលគួរតែធ្វើការពីផ្ទះរហូតដល់ថ្ងៃទី ២១​ ខែវិច្ឆិកា និងលើកទឹកចិត្តក្រុមហ៊ុនឯកជនអនុញ្ញាតតាមដូចគ្នា។

បទបញ្ជាថ្មីនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរដ្ឋធានីញូវដេលីបានបដិសេធសំណើរបស់តុលាការកំពូលឥណ្ឌាឱ្យប្រកាសបិទខ្ទប់ដោយសារខ្យល់បំពុល ដែលដំណាក់កាលដំបូងតម្រូវឱ្យប្រជាជននៅរដ្ឋញូវដេលីស្ថិតនៅក្នុងផ្ទះ។

កត្តាមួយដែលរួមចំណែកបំពុលបរិយាកាសក្នុងរដូវរងា គឺផ្សែងចេញពីកសិករដុតសំណល់ដំណាំនៅក្នុងរដ្ឋជិតខាង។ ទោះជាយ៉ាងណានេះក្តី រដ្ឋាភិបាលបានប្រាប់តុលាការកំពូលថា ឧស្សាហកម្មគឺជាកត្តាដ៏ធំបំផុតដែលបានបំពុលបរិយាកាសនៅរដ្ឋញូវដេលី។ គួរបញ្ជាក់ថា នៅសប្តាហ៍នេះនៅតំបន់ខ្លះក្នុងរដ្ឋធានីញូវដេលីកម្រិត PM 2.5 ដែលជាភាគល្អិតដែលបង្កជំងឺជំងឺសួត និងបេះដូងរ៉ាំរ៉ៃបានកើនឡើងដល់កម្រិត ៤០០ មីក្រូក្រាម ក្នុង​ខ្យល់មួយម៉ែត្រគូប៕

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com