អន្តរជាតិ
ប្រជាជនច្រើនជាង ៥០០លាននាក់ កំពុងធ្លាក់ក្នុងភាពក្រីក្រ ដោយសារចំណាយលើការថែទាំសុខភាព
18, Dec 2021 , 4:39 pm        
រូបភាព
រូបភាព៖ Oxfam International
រូបភាព៖ Oxfam International
យោងតាមរបាយការណ៍ថ្មីដែលបានចងក្រងដោយអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក (WB) ជំងឺរាតត្បាតកូវីដ-១៩ កំពុងរារាំងដំណើរការរីកចម្រើនផ្នែកសុខាភិបាលរបស់សកលលោកប្រមាណ ២ទសវត្សរ៍កន្លងមក។ អង្គការសុខភាពពិភពលោក ក៏បានអះអាងថា ប្រជាជនច្រើនជាង ៥០០លាននាក់កំពុងធ្លាក់ចុះទៅក្នុងជីវភាពក្រីក្រខ្លាំង ដោយសារពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនលើថ្លៃសេវាថែទាំសុខភាព។

 
នៅឆ្នាំ២០២០ ការរីកសាយជំងឺកូវីដ-១៩ បានប៉ះពាល់ដល់សេវាសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្តែង ប្រព័ន្ធភាពស៊ាំក្នុងសង្គមបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ ហើយការស្លាប់ដោយសារជំងឺរបេង និងជំងឺគ្រុនចាញ់ក៏បានកើនឡើង។
 
លើសពីនេះ ជំងឺកូវីដ-១៩ ក៏បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការចំណាយលុយលើថ្លៃថែទាំសុខភាព។ បើតាមអង្គការសុខភាពពិភពលោក ប្រជាជនច្រើនជាង ៥០០លាននាក់កំពុងធ្លាក់ចុះទៅក្នុងជីវភាពក្រីក្រខ្លាំង ដោយសារពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនលើថ្លៃសេវាថែទាំសុខភាព។
 
«យើងមិនមានពេលច្រើនទេ រដ្ឋាភិបាលទាំងអស់ត្រូវតែចាប់ផ្តើមពន្លឿនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីធានាថាប្រជាពលរដ្ឋម្នាក់ៗអាចទទួលបានសេវាសុខភាពដោយមិនភ័យខ្លាចពីផលវិបាកផ្នែកហិរញ្ញវត្ថុ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងបែបនេះ មុនបន្ថែមថា ការចំណាយសាធារណៈលើការគាំទ្រផ្នែកសុខភាព សង្គម និងការបង្កើនការយកចិត្តទុកដាក់លើប្រព័ន្ធថែទាំសុខភាព ត្រូវពង្រឹងឡើងវិញជាចាំបាច់។ 
 
កន្លងមក សេវាកម្មថែទាំសុខភាពត្រូវការចំណាយលុយច្រើនតាំងពីមុនជំងឺកូវីដ-១៩ រាលដាលស្រាប់ទៅហើយ។ មនុស្សជិត ១ពាន់លាននាក់ បានចំណាយលុយច្រើនជាង១០ភាគរយនៃថវិកាគ្រួសាររបស់ពួកគេលើបញ្ហាសុខភាព។ ក្នុងបរិបទកូវីដ-១៩ មនុស្សកាន់តែពិបាកព្រោះប្រាក់ចំណូលកំពុងធ្លាក់ចុះ។ របាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកបានព្រមានផងដែរថា វិបត្តិផ្នែកហិរញ្ញវត្ថុទំនងជាកើនឡើងកាន់តែខ្លាំងហើយភាពក្រីក្រនឹងកើនឡើងដោយសារប្រាក់ចំណូលធ្លាក់ចុះ។ 
 
គួរបញ្ជាក់ថា របាយការណ៍ថ្មីនេះ បានផ្តល់ទាំងការព្រមាន និងការណែនាំដល់ប្រទេសទាំងអស់ ខណៈពួកគេកំពុងខិតខំកសាងប្រទេសឡើងវិញក្រោយការរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាឱ្យបានទាំងសុវត្ថិភាពសុខភាព និងផ្នែកហិរញ្ញវត្ថុប្រជាជន៕
 

Tag:
 WHO
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com