ជាតិ
លោក គាត សុគីម បង្កើត​ស្នាដៃ​ ”​កំណត់​ហេតុ​ចាប៉ី”​ បញ្ចូល​វប្បធម៌​ខ្មែរ​និង​បរទេសរួម​គ្នា​​
05, Jan 2022 , 8:59 am        
រូបភាព
ក្រុមតន្ត្រី«កំណត់ហេតុចាប៉ី” មានបណ្ដុំបទភ្លេងចំនួន១១បទ មានទាំងបទចាស់ និងបទតែងថ្មី ដោយតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា មានខ្មែរ អាស៊ី អារ៉ាប់ អាហ្វ្រិក និងអាម៉េរិក
ក្រុមតន្ត្រី«កំណត់ហេតុចាប៉ី” មានបណ្ដុំបទភ្លេងចំនួន១១បទ មានទាំងបទចាស់ និងបទតែងថ្មី ដោយតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា មានខ្មែរ អាស៊ី អារ៉ាប់ អាហ្វ្រិក និងអាម៉េរិក
ភ្នំពេញ​៖ ដើម្បី​​ជំរុញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ជ​ន​ខ្មែរ ក៏ដូច​ជា​ប្រជា​ជន​ទូទៅ​លើ​ពិភព​លោក មក​លើ​ចាប៉ី​ដង​វែង​ខ្មែរ​ លោក គាត សុគីម​ បាន​បង្កើត​ស្នាដៃ​តន្ត្រី​មួយ​ដែល​មាន​ឈ្មោះ​ថា “កំណត់​ហេតុ​ចាប៉ី​”។ “កំណត់​ហេតុ​ចាប៉ី​” មាន​បណ្ដុំបទ​ភ្លេង​ចំនួន​១១​បទ មានទាំង​​បទ​ចាស់ និង​បទ​តែង​ថ្មី ដោយ​តំណាង​ឱ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា​ មាន​ខ្មែរ អាស៊ី អារ៉ាប់ អាហ្វ្រិក​ និង​អាម៉េរិក​។



លោក គាត សុគីម បាន​បញ្ជាក់ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​​ថា ​ស្នាដៃតន្ត្រី ​“កំណត់​ហេតុ​ចាប៉ី​” នេះបង្កើត​​ឡើងក្នុង​គោល​បំណង​ បង្ហាញ​ពីចាប៉ី​ដង​វែង​របស់​ខ្មែរ ដោយមិន​មែន​លេង​បាន​ត្រឹម​តែ​ទម្រង់​បុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​យក​ទៅ​​ច្នៃ​ប្រឌិត​ បង្កើត​បាន​ជា​ស្នាដៃ​សម័យ​ថ្មី​ៗ​ជា​ច្រើន​។ លោក​បន្ថែម​ទៀត​ថា ​ស្នាដៃ​ថ្មីនេះ មានអត្ថន័យសម្រាប់​តន្ត្រីក​រ ឬ​អ្នក​ស្រឡាញ់​ឧបករណ៍​ចាប៉ីដង​វែង​ អាច​​មើល​ឃើញ​ពី​សក្តានុពល​របស់​ចាប៉ី​ដង​វែង​ តាម​រយៈ​​ការ​ច្នៃ​ប្រឌិត​ និង​​គំនិតបង្កើត​ថ្មី​ ដើម្បី​ប្រើ​ប្រាស់​ចាប៉ី​ដង​វែង​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយថែម​ទៀត​​។ 
 
លោក សុគីម ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​ចង់​ឃើញ​ឧបករណ៍​ចាប៉ី​ដង​វែង មិន​មែន​ត្រូវ​បាន​ប្រើ​ប្រាស់​ត្រឹម​តែ ប្រជា​ជន​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក​។ ដូច​ជា​ហ្គីតា​អ៊ីចឹង វា​បាន​សាយ​ភាយ​ទៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​។ ឧបករណ៍​ភ្លេង​ខ្មែរ​ដ​ទៃ​ទៀត​ ក៏​ដូច្នោះ​ដែរ ខ្ញុំ​ចង់​ឱ្យ​ល្បី​ល្បាញ​ដូច​ជា​ហ្គី​តា​ដែរ​។ ដើម្បី​អាច​ទៅ​ដល់​នោះ​បាន​ គឺ​តាម​រយៈ​គំនិត​ច្នៃ​ប្រឌិត​របស់​ពួក​យើង ដែល​​ជា​ម្ចាស់​ឧករណ៍​ភ្លេង​ទាំង​នោះ​​​។ ប្រសិន​បើ​យើង​ច្នៃ​អ្វី​ដែល​ប្លែក​ ទាក់​ទាញ ដូច្នោះ​ល្បឿន​នៃ​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពិភព​លោក ក៏​បាន​លឿន​ទៅ​តាម​នោះ​ដែរ​»។ 



ស្នាដៃ “កំណត់​ហេតុ​ចាប៉ី”​ ​​មាន​សមាជិក​៧​រូប​ ខ្មែរ​៤​រូប​ និង​បរទេស​៣​រូប​។ គោល​បំណងសំខាន់​ ​ដែលលោក សុគីម​ ​ដាក់​សមាជិក​ចម្រុះ​ជាតិ​សាសន៍​ ក៏​ព្រោះលោក​​ចង់​ឱ្យ​តន្ត្រី​ករ​ខ្មែរ និង​បរទេស បាន​ស្គាល់​គ្នា និង​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​វប្បធម៌​គ្នា ទៅ​វិញ​ទៅ​មក​ដោយ​ផ្ទាល់។ បន្ថែម​ពី​នោះ​ លោក​​ក៏​ចង់​ឱ្យសិល្បករ​ខ្មែរ​ និង​បរទេស​ ស្វែង​យល់​ពី​​របៀប​របប​ធ្វើ​ការ​ផ្សេង​គ្នា ពី​របៀប​ដំឡើង​ស្នាដៃ និង​​​ស្វែង​យល់​ពី​គំនិត​គ្នា​​ផង​ដែរ​។ 
 
សំខាន់​ជាង​នេះ​ទៅ​ទៀត​​ ​ចង្វាក់​ភ្លេង​នៃ​​ឧបករណ៍​តន្ត្រី​មួយ​ចំនួន ពិបាក​រក​តន្ត្រី​ករ​ខ្មែរ​លេ​ង​ ដូច​ជា​ឧបករណ៍​ហាម៉ូនីកា ឬ​ចង្វាក់​ប្លូ ​ចង្វាក់​រ៉េកកេ និង​​ចង្វាក់​មក​ពី​វប្បធម៌​អារ៉ាប់​ ក៏​ដូច​ជា​មក​ពី​​វប្បធម៌​អាហ្វិក​ជា​ដើម​ ដូច្នេះ​ចាំ​បាច់​ត្រូវ​មាន​សិល្បករ​បរទេស​។ 
 
តន្ត្រីករ​រូប​នេះ ក៏​បាន​ពន្យល់​ផង​ដែរ​ថា ការ​ដាក់​ឈ្មោះ​ស្នាដៃ​បង្កើត​ថ្មី​របស់​ខ្លួន​ថា “​កំណត់​ហេតុ​ចាប៉ី”​ គឺ​ដើម្បី​បង្ហាញ​ពី​ដំណើររបស់​ចាប៉ី​ ដែល​ចេញ​ពី​ទម្រង់​បុរាណ​ ហើយ​ឆ្ពោះ​ទៅ​រក​ការ​សាក​ល្បងបង្កើត​​អ្វី​ដែល​ថ្មី​ ដោយ​​ភ្ជាប់​ជា​មួយ​វប្បធម៌​ដទៃ​ទៀត​​។ ការ​សាក​ល្បង​នេះ នឹង​បង្កើត​បាន​​សិល្បៈ​ចម្រុះ​គ្នា​ថ្មី​មួយ រួម​មាន​​​ចង្វាក់​ខ្មែរ ចង្វាក់​​អារ៉ាប់ ចង្វាក់​ប្លូ ដោយ​មាន​ស្នាដៃ​តែង​ថ្មី​ លើ​ទម្រង់​ចាប៉ី​ដង​វែង​មួយ​ចំនួន​ទៀត​។
 
ចំពោះ​ឧបករណ៍​ភ្លេង​ខ្មែរ ដែល​ត្រូវ​ប្រគំ​ក្នុង​ស្នាដៃ “កំណត់​ហេតុ​ចាប៉ី” មាន​ចាប៉ី​ដង​វែង ឃឹម​ ប៉ីអ ទ្រសោ ទ្រអ៊ូ និង​ស្គរ​ដៃ​។ ចំពោះ​ឧបករណ៍ភ្លេង​​បរទេសវិញ​ មាន​កុង​តូបាស ហ្គីតា​បាស ហាម៉ូនីកា ស្គរ​កាហុន ស្គរ​ជប៉ុន និង​ហ្គីតា​សូឡូ​។



លោក គាត សុគីម​ បញ្ជាក់​ថា ស្នាដៃ​ “​កំណត់​ហេតុ​ចាប៉ី”​ បានទទួល​​មូល​និធិ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ដើម្បី​ដំឡើង​ ហាត់​សម និង​សម្ដែង​​។ ​“កំណត់​ហេតុ​ចាប៉ី”​ នឹង​​​សម្ដែង​នៅ​ថ្ងៃ​ទី​២៩-​៣០​ខែ​មករា ឆ្នាំ​២០២២ ដោយ​សម្ដែង​​រួម​គ្នា​ជា​មួយ​ឧបករណ៍​ភ្លេង​ខ្មែរ និង​ភ្លេង​បរទេស​។ 
 
លោក គាត សុគីម គឺ​ជា​ស្ថាបនិក​ “សាលា​មិត្ត​តន្ត្រី​” ដែល​ចាប់​ផ្ដើម​​បង្កើត​ឡើង​ក្នុង​​ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជា​ជន​ខ្មែរ​ ទាំង​ក្មេង​ ចាស់ ប្រុស​ ស្រី មាន​ឱកាស​ទទួល​បាន​បទ​ពិសោធ​ន៍រៀន​តន្ត្រី​ខ្មែរ និង​បរទេស​បាន​កាន់​តែ​ច្រើន​។ បន្ថែម​ពី​នោះ​ ក៏​ដើម្បី​​បង្កើន​ឱកាសរក​​ប្រភព​ចំណូល​​ឱ្យ​តន្ត្រី​ករ​ជំនាញ​ផង​ដែរ​។  
 
“សាលា​មិត្ត​តន្ត្រី​” បច្ចុប្បន្ន​មាន​៣​សាខា គឺ​​នៅខណ្ឌ​​ឫស្សី​កែវ នៅ​វត្ត​សន្សំ​កុសល និង​នៅ​បឹង​រាំង ខណ្ឌ​ដូន​ពេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​​ និង​​កាត់​បន្ថយ​ការ​ចំណាយ​​ផ្សេង​ៗ​ផង​ដែរ​។ នៅ​​ជំហាន​ដំបូងនេះ សាលា​បាន​​ដាក់​ឧបករណ៍​ស្គរ​ដៃ រនាត​ឯក ទ្រសោ ទ្រអ៊ូ និង​ខ្លុយនៅសាខា​វត្ត​សន្សំ​កុសល។ ចំណែក​នៅ​បឹង​រាំ ខណ្ឌ​ដូន​ពេញ មាន​ព្យាណូ ហ្គីតា ម៉ុងដូលីន និង​វីយូឡុង​ រួម​ទាំង​មាន ទ្រសោ ទ្រអ៊ូ ខ្លុយ ស្គរ​ដៃ ជា​គោល​ ព្រោះ​​ភាគ​ច្រើន​សិស្ស​ចាប់​អារម្មណ៍​ឧបករណ៍​ទាំង​នោះ​​​។ ដោយ​ឡែក​នៅ​ខណ្ឌ​ឫស្សី​កែវ មាន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ និង​បរទេស​ ប្រហែល​៣០​មុខ។ ការ​បង្រៀន​ភ្លេង​ ត្រូវ​បានប្រើ​ប្រាស់​​​​អក្សរ​ភ្លេង​ជា​គោល​៕

Tag:
 សិល្បៈ​
  តន្ត្រី​
  ឧបករណ៍​ភ្លេង​បុរាណ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com