អន្តរជាតិ
មនុស្សទាំង១៣២នាក់លើយន្តហោះធ្លាក់នៅចិន ស្លាប់ទាំងអស់
27, Mar 2022 , 10:02 am        
រូបភាព
ក្រុមរុករក កំពុងបំពេញការងាររបស់ខ្លួននៅទីតាំងធ្លាក់យន្តហោះ។ រូបថត Xinhua
ក្រុមរុករក កំពុងបំពេញការងាររបស់ខ្លួននៅទីតាំងធ្លាក់យន្តហោះ។ រូបថត Xinhua
មនុស្សទាំង១៣២នាក់ លើយន្តហោះរបស់អាកាសចរណ៍ China Eastern ដែលធ្លាក់នៅខេត្តគ័ងតុងកាលពីដើមសប្ដាហ៍ បានស្លាប់ទាំងអស់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីចិននៅថ្ងៃទី២៦ ខែមីនា។ មូលហេតុនៃគ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

 
«អ្នកដំណើរទាំង១២៣នាក់ និងបុគ្គលិក៩នាក់នៃជើងហោះហើរលេខ MU5735 របស់អាកាសចរណ៍ China Eastern បានស្លាប់នៅថ្ងៃទី២១ ខែមីនា។» អគ្គនាយករងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន Hu Zhenjiang បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែមីនា ។ លោកអះអាងថា អត្តសញ្ញាណជនរងគ្រោះង១២០នាក់ ត្រូវបានបញ្ជាក់រួចហើយតាមរយៈការធ្វើតេស្ត DNA ។
 
យន្តហោះ Boeing 737-888 របស់អាកាសចរណ៍ចិននេះ ធ្វើដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ទៅកាន់ទីក្រុងគ័ងចូវ ខេត្តគ័ងតុង ប៉ុន្តែបានធ្លាក់មុនដល់គោលដៅ។ មូលហេតុនៃការធ្លាក់នេះ ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែទិន្នន័យហោះហើរបង្ហាញថា យន្តហោះនេះស្រាប់តែសំយ៉ុងក្បាលចុះតែម្ដងមុនពេលផ្ទុះឆេះនៅតំបន់ព្រៃភ្នំ។
 
ប្រតិបត្តិការរុករក ក៏ជួបបញ្ហាដែរ ព្រោះទីតាំងធ្លាក់នៅក្នុងព្រៃ ហើយភ្លៀងក៏ធ្លាក់បន្តបន្ទាប់។ ប្រអប់ខ្មៅមួយក្នុងចំណោមពីរ ត្រូវបានរកឃើញហើយ ខណៈការស្វែងរកប្រអប់ទីពីរ នៅតែធ្វើឡើង៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com