ជាតិ
សង្គមជាតិ
សារព័ត៌មានថ្មីៗ នឹងបោះពុម្ពសៀវភៅចំនួន២បន្ថែមទៀតក្នុងខែមេសានេះ
30, Mar 2022 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖  ក្រៅពីផ្សព្វផ្សាយដំណឹងជូនសាធារណជនដូចសព្វដង សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) ត្រៀមបោះពុម្ពសៀវភៅពីរចំណងជើងបន្ថែមទៀត។ សៀវភៅពីរចំណងជើងនេះនឹងត្រូវដាក់លក់នៅក្នុងទីផ្សារនៅក្រោយពិធីចូលឆ្នាំខ្មែរ។ សៀវភៅទី១មានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី»។ សៀវភៅទី២មានចំណងជើងថា «អ្នកថែអង្គរ»។

 
តើអ្វីខ្លះជាក្ដីសង្ឃឹមរបស់លោក ហ៊ុន ម៉ានី ក្នុងនាមជាអ្នកនយោបាយបន្តវេន? ១០ឆ្នាំហើយដែលលោក ហ៊ុន ម៉ានី បានចាប់ផ្តើមការងារសង្គម និងនយោបាយ។ តើក្នុងរយៈពេល១០ឆ្នាំនេះ លោក ហ៊ុន ម៉ានី បានខិតខំរៀបចំផ្លូវដើររបស់ខ្លួនយ៉ាងដូចម្តេចខ្លះ? តើកូនប្រុសពៅរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអត្តចរិតបែបណាខ្លះ? ក្នុងវណ្ណកម្ម «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» អ្នកអានមិនត្រឹមតែស្គាល់ពីផ្នត់គំនិត និងចក្ខុវិស័យរបស់លោក ហ៊ុន ម៉ានី នោះឡើយ ប៉ុន្តែក៏យល់បន្ថែមទៀតអំពីសម្តេច ហ៊ុន សែន ផងដែរ តាមរយៈការពិពណ៌នារបស់លោក ហ៊ុន ម៉ានី។
 
«ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបាននិពន្ធដោយអ្នកកាសែត លាង ដឺលុច ដែលបានសង្កេត និងតាមដានលោក ហ៊ុន ម៉ានី តាំងពីឆ្នាំ២០១៤មកម្លេះ។ 
 
«អ្នកថែអង្គរ» គឺជាចំណងជើងនៃសៀវភៅទី២ដែលត្រូវបោះពុម្ពផ្សាយក្នុងខែមេសានេះដូចគ្នា។ ស្នាដៃនេះ គឺជាការចងក្រង ប្រមូលផ្តុំគ្នានៃតួអង្គសំខាន់ៗដែលបានចំណាយជីវិតរបស់ពួកគេដើម្បី កិច្ចការអភិរក្សរមណីយដ្ឋានអង្គរ។ តើអ្នកថែអង្គរមានទឹកចិត្តយ៉ាងដូចម្តេចចំពោះបេតិកភណ្ឌដូនតាខ្មែរ? តើអ្នកកសាងអង្គរ និងអ្នកថែអង្គរមានតម្លៃដូចគ្នាឬទេ? ទាំងអស់នេះ គឺជាខ្លឹមសារស្នូលនៅក្នុងសៀវភៅ«អ្នកថែអង្គរ»។ 
 
សូមបញ្ជាក់ថា នាពេលកន្លងមក សារព័ត៌មានថ្មីៗ (Thmeythmey.com) បានចូលរួមសរសេរ ចងក្រង និងបោះពុម្ពសៀវភៅជាច្រើនក្បាលរួចមកហើយ ក្នុងនោះមានដូចជាសៀវភៅ សម្តេច ព្រះនរោត្តម សីហនុ ឥស្សរជនអមតៈ, យុវជនឆ្នើម11A+1, ភ្នំពេញ រាជធានីចតុមុខ, សៀវភៅកំណាព្យស្ដីពីសង្គមកម្ពុជាក្នុងឆ្នាំ២០១៧, ប្តូរការគិត ជីវិតរុងរឿង៕ 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com