កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីអង់គ្លេសថា ខ្លួនមិនទាន់បោះបង់ការដេញថ្លៃក្លិប Chelsea ឡើយ ទោះមានការ​បដិសេធក្តី
05, May 2022 , 11:29 am        
រូបភាព
រូបភាព៖ Sky Sports
រូបភាព៖ Sky Sports
មហាសេដ្ឋីអង់គ្លេស Jim Ratcliffe ថ្ងៃទី៤ ខែឧសភា បាននិយាយថា លោកនឹងមិនបោះបង់ការដេញថ្លៃទិញក្លិប Chelsea ឡើយ ទោះបីមានការបដិសេធពីធនាគាអាម៉េរិក ដែលជាអ្នកគ្រប់គ្រងការលក់របស់ក្លិបនៅ Premier League មួយនេះ។


ម្ចាស់ក្លិបលោក Roman Abramovich សញ្ចាតិរុស្ស៊ី ដែលរងទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអង់គ្លេស បានប្រកាសលក់ក្លិបដែលស្ថិតនៅភាគលិកទីក្រុងឡុដ៍ បន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។
 
ប្រធានក្រុមហ៊ុនគីមី INEOS របស់អង់គ្លេសលោក Jim Ratcliffe បានប្រកាសកាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដោយបានដាក់ការដេញថ្លៃក្លិបតោខៀវនូវចំនួនទឹកប្រាក់ជាង ៥,៣៥ពាន់លានដុល្លារ។ ការដេញថ្លៃត្រូវបានក្រុមហ៊ុនវិនិយោគឈ្មោះ Raine របស់អាម៉េរិក ដែលបានសហការជាមួយរដ្ឋាភិបាលអង់គ្លេស ទទួលបន្ទុកលក់ក្លិប Chelsea បដិសេធព្រោះភាពយឺតយ៉ាវ។ 
 
ក្រោយទទួលបានការបដិសេធដូចនេះ លោក Jim Ratcliffe បាននិយាយថា ការពិចារណាគួរតែបានផ្តល់ឱ្យចំពោះការដេញថ្លៃពីសំណាក់ភាគីប្រទេសអង់គ្លេស។ លោកក៏ មិនបោះបង់បំណងទិញក្លិប Chelseaដែរ។
 
«យើងបានបង្ហាញពួកគេពីសំណើររបស់យើងទៅកាន់ពួកគេ (ក្រុមហ៊ុនវិយោគ Raine) កាលពីចុងសប្តាហ៍មុន តែយើងមិនបានទទួលបានការឆ្លើយតបដ៏សមស្រមណាមួយពីពួកគេ ហើយវាក៏ធ្វើឱ្យយើងមានការខកចិត្តផងដែរ។ ទោះយើងដាក់សំណើរយឺតបន្តិច ប៉ុន្តែយើងក៏មិនបោះបង់បំណងរបស់យើង»។លោក Ratcliffe និយាយប្រាប់ទូរទស្សន៍ BBC បែបនេះ។
 
មហាសេដ្ឋីសញ្ជាតិអង់គ្លេសវ័យ ៦៩ឆ្នាំរូបនេះ ក៏បានបន្ថែមថា Chelsea ជាផ្នែកមួយនៃចក្រភពអង់គ្លេស ហើយជនជាតិអង់គ្លេសមានបំណងល្អសម្រាប់ក្លិបក្នុងប្រទេសខ្លួន។
 
ទោះជាយ៉ាងនេះក្តីក្រុមហ៊ុនដែលបានដាក់ការដេញថ្លៃមុនពេលវេលាកំណត់ ហើយត្រូវបានទទួលស្គាល់ជាការដេញថ្លៃពេញលេញពីក្រុមហ៊ុន Raine គឺជាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយលោក Todd Boehly ជាមហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្លិបបេស្បល Los Angeles Dodgers រួមដៃជាគូហាសេដ្ឋីស្វីសលោក Hansjorg Wyss និងអ្នកវិនិយោគអចលនទ្រព្យសញ្ជាតិអង់គ្លេសលោក Jonathan Goldstein ជាអ្នកទទួលបានអតិភាព ក្នុងការទិញក្លិបយក្សអង់គ្លេសមួយនេះ៕
 
 
 
 
 

Tag:
 Chelsea
  Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com