កីឡាជាតិ
ជាតិ
ជម្រើសជាតិកម្ពុជាបាល់ទាត់បុរស ប៉ះជម្រើសជាតិឡាវ ខណៈបាល់ទាត់នារី ជួប ហ្វីលីពីន
09, May 2022 , 2:25 pm        
រូបភាព
កីឡាករ និងកីឡាការិនីបាល់ទាត់កម្ពុជា ហ្វឹកហាត់នៅក្នុងប្រទេសវៀតណាម ដើម្បីត្រៀមប្រកួតស៊ីហ្គេមលើកទី៣១។
កីឡាករ និងកីឡាការិនីបាល់ទាត់កម្ពុជា ហ្វឹកហាត់នៅក្នុងប្រទេសវៀតណាម ដើម្បីត្រៀមប្រកួតស៊ីហ្គេមលើកទី៣១។
ជម្រើសជាតិកម្ពុជាបាល់ទាត់ផ្នែកបុរស ត្រូវប្រកួតជាមួយជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B  នៅក្នុងកីឡដ្ឋាន Thien Truong ក្នុងខេត្ត Nam Dinh ប្រទេសវៀតណាម វេលាម៉ោង ៤:០០រសៀល ខណៈ ជម្រើសជាតិបាល់ទាត់នារី ត្រូវប៉ះ ហ្វីលីពីន ក្នុងពូល A នៅកីឡដ្ឋាន Cam Pha ក្នុង ខេត្ត    Quang Ninh វេលាម៉ោង ៧:០០យប់។



សម្រាប់ជំនួបមួយនេះ ជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ បើទោះជាមានកីឡាកររបួស ដែលត្រូវបានធ្វើការផ្លាស់ប្ដូរ មុនការប្រកួតស៊ីហ្គេមក្តី។ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖« យើង បានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការប្រកួតដំបូងរបស់យើង ជាមួយក្រុមឡាវ។»។ 

សូមចុច ទីនេះ ដើម្បីទទួលបានព័ត៌មាន​ពីឆាណែលតេឡេក្រាម​របស់សារព័ត៌មានថ្មីៗ
 
អវត្តមានរបស់ខ្សែបម្រើប្រយុទ្ធ អ៊ាន ពិសី ត្រូវបានប្ដូវិញដោយកីឡាករ ណារ៉ុង កក្កដា មកពីក្លិបទ័ព ដោយសារ ពិសី របួសកជើងក្នុងពេលកំពុងហ្វឹកហាត់ ហើយក៏ជារបួសចាស់ ដែលធ្លាប់ឈឺពីមុនមកដែរ។ ការផ្លាស់ប្ដូរនេះ បង្ហាញថា កម្ពុជាមិនមែនត្រៀមខ្លួន សម្រាប់តែមួយប្រកួតនេះទេ តែសម្រាប់ការប្រកួតស៊ីហ្គេមនេះតែម្ដង។


 
ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះ ការបង្ហាញខ្លួនលើកទីមួយ សម្រាប់ជម្រើសជាតិនារីកម្ពុជា ក្នុងការប្រកួតបាល់ទាត់ ហ្វីលីពីនត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ដែលមានបទពិសោធន៍ច្រើនជាង ។ តែយ៉ាងណាជម្រើសជាតិកម្ពុជា បានប្ដេជ្ញាធ្វើឲ្យអស់ពីសមត្ថភាពក្នុងការប្រកួត។ 
 
លោក ប្រាក់ វុទ្ធី គ្រូជម្រើសជាតិកម្ពុជាបាល់ទាត់នារី បានប្រាប់មកសារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram ពីការត្រៀមខ្លួន៣ចំណុច ដែលជម្រើសជាតិកម្ពុជា បានត្រៀមក្នុងពេលប្រកួត បើទោះជាក្រុមនោះខ្លាំង ឬមានកម្រិតខ្ពស់ជាងក៏ដោយ។ ៣ចំណុចនេះ គឺ៖ ១. ប្រឹងលេងឲ្យអស់ពីសមត្ថភាព ។ ២. សហការលេងជាក្រុម ស្មារតីក្រុម គឺត្រូវតែរឹងមាំក្នុងការប្រកួត៩០នាទីនេះ ជាពិសេស ប្រកួតដោយមានទំនុបចិត្ត ។៣. ការការពារដោយប្រុងប្រយ័ត្ន និងការវាយបកដោយប្រសិទ្ធភាព ជាគោលដៅចម្បង។
 
ជាមួយគ្នានេះ កីឡាការិនីកម្ពុជា បានបង្ហាញការសាមគ្គីគ្នា ក្នុងការប្រកួត បើទោះជាការបង្ហាញខ្លួនលើកទីមួយរប​ស់ពួកគេលើឆាកអន្ដរជាតិក៏ដោយ។ ខ្សែបម្រើកណ្ដាលជម្រើសជាតិកម្ពុជា សឿន វីផា បានប្រាប់សារព័ត៌មានថ្មីៗតាម Telegramថា ការហ្វឹកហាត់ជាមួយគ្នា រយៈពេលខ្លីនេះ កីឡាការិនីទាំងអស់ មានការយល់ចិត្តគ្នាច្រើន។ «យើង មិនទាន់ហ៊ានរំពឹងទុកខ្ពស់ទេ តែអ្វីដែលយើងអាចធ្វើបានរួមគ្នានោះ គឺការប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងធ្វើឲ្យល្អបំផុត» ។ នេះបើតាម វីផា។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់បុរសក្នុងពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី៩ ខែឧសភា ជម្រើសជាតិថៃ ប្រកួតជាមួយ សិង្ហបុរី បន្ទាប់ពីជំនួប កម្ពុជា និងឡាវ៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com