កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជា ឈ្នះឡាវ ៤-១
09, May 2022 , 6:04 pm        
រូបភាព
ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ឈ្នះឡាវ ដោយលទ្ធផល ៤-១ នៃការប្រកួតពូលB ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម នៅកីឡដ្ឋាន  THIEN TRUONG។


 
គ្រាប់ទី១ របស់កម្ពុជា នៅនាទី៤ រកបានដោយកីឡាករ សៀង ចន្ធា តាមរយៈការអូសបាល់ពីចម្ងាយ ផុតខ្សែការពាររបស់ជម្រើសជាតិឡាវ រួចស៊ុតបញ្ចូលទីដោយជើងឆ្វេង។ ការប្រកួតនៅក្នុងតង់ទី១ កម្ពុជាបានដាក់សម្ពាធទៅលើក្រុមឡាវ យ៉ាងខ្លាំង តែទោះជាយ៉ាងនោះក្ដីក្រុមឡាវ ក៏មានការវាយបកខ្លះដែរ តែមិនអាចទំលាយនៅសំណាញ់ទីរបស់ ហ៊ុល គីមហុយ អ្នកចាំទីកម្ពុជា។ 
 
លុះដល់នាទី១៤ គ្រាប់ទី២របស់កម្ពុជា រកបានតាមរយៈខ្សែការពារឡាវ Anantaza ធ្វើឲ្យចូលទីខ្លួនឯង (OG) ក្រោយបាល់លោតប៉ះជើងរូបគេ តាមរយៈការស៊ុតរបស់ កីឡាករ សារ ទី របស់កម្ពុជា។ នៅនាទី២៨ វាំង ដាវីន ត្រូវបានប្ដូចេញដោយមានរបួស និងជំនួសវិញដោយ ផាត សុខា។ នេះ ជាកាបង្ហាញខ្លួនលើកទីមួយហើយសម្រាប់ ផាត សុខា ដែលមកពីក្លិបណាហ្គាវើលដ៍ នឲ្យជម្រើសជាតិកម្ពុជា។


 
កម្ពុជាស្ទើរតែរកបានមួយគ្រាប់ទៀត នៅនាទី៤៤ ដោយ កីឡាករ លឹម ពិសុទ្ធ តែបានធ្វើឲ្យបាត់ឱកាសនេះ ដោយសារស៊ុតចំអ្នកចាំទីឡាវ។ លទ្ធផលបញ្ចប់តង់ កម្ពុជា​ នាំមុខ ឡាវ ០-២។
ចូលដល់តង់ទី២ នាទី៦១ ឡាវ ស្ទើតែរកគ្រាប់បាល់ តាមរយៈការស៊ុត២ជើងផ្ទួនៗ តែត្រូវបាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ សង្គ្រោះបាន។ ក្រោយការវាយសម្រុករបស់ឡាវ មិនបានប្រមាណ២នាទីផង កម្ពុជា រកបានគ្រាប់ទី៣ ដោយកីឡាករ គី រីណា នៅនាទី៦៣ នាំឲ្យកម្ពុជានាំមុខ ០-៣។ នៅនាទី៦៧ កីឡាករ ឡាវ Pouvieng Phounsavath បានវាយបកបានមួយគ្រាប់ ដោយការរបូតបាល់ពីខ្សែបម្រើកម្ពុជា កីឡាករ មិន រតនៈ នាំឲ្យលទ្ធផល ១-៣។
 
លឹម ពិសុទ្ធ ត្រូវបានប្ដូចេញ ជំនួសដោយកីឡាករ អ៊ឹម សំអូន ខណៈ យ៉ើ សាហ្វី ចូលជំនួស ជា សុខម៉េង នៅនាទី៦៨។ ការបង្ហាញខ្លួនលើកទី១ ឲ្យជម្រើសជាតិ របស់ អ៊ឹម សំអូន រកបានមួយគ្រាប់ឲ្យកម្ពុជា ក្នុងនាទី៧១ តាមរយៈការបញ្ជូនបាល់យ៉ាងល្អ ពីសំណាក់ សៀង ចន្ធា។ គិតត្រឹមនាទី៧១ កម្ពុជា នាំមុខ ឡាវ ១-៤។ លុះដល់នាទី៨០ ឡាវ ស្ទើតែរកបានមួយគ្រាប់ទៀត តែត្រូវបានអ្នកចាំទីកម្ពុជា សង្គ្រោះបាន ចំណែក សៀង ចន្ធា ក៏ប៊ិះរកបានមួយគ្រាប់ទៀតដែរ តាមរយៈការបញ្ចូនបាល់ពីមិត្តរួមក្រុម មិន រតនៈ ប៉ុន្តែស៊ុតទៅចំអ្នកចាំទីឡាវ ។ នៅនាទីដដែល សារ ទី ត្រូវបានប្ដូចេញ ជំនួយដោយ ម៉ៅ ពិសិទ្ធ។ លុះដល់នាទី៩០ អ៊ឹម សំអូន ស្ទើរកបានមួយគ្រាប់ទៀត តែស៊ុតខុសគោលដៅតែបន្ដិច។
 
លទ្ធផលបញ្ចប់ការប្រកួត កម្ពុជា ឈ្នះ ឡាវ ១-៤ នាំឲ្យមាន៣ពិន្ទុស្មើ ម៉ាឡេស៊ី ក្នុងពូល B ជាមួយគ្នា៕
 

Tag:
 ស៊ីហ្គេម
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com