ជាតិ
ក្រសួងសុខាភិបាលលើកលែងការធ្វើចត្តាឡីស័ក ដល់អ្នកដំណើរមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩
09, Jul 2022 , 10:59 am        
រូបភាព
រូបភាព៖ ឈន សុផាត
រូបភាព៖ ឈន សុផាត
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរ ចូលមកកម្ពុជាទោះមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឬចាក់មិនគ្រប់ដូស។ ប៉ុន្តែអ្នកដំណើរ ត្រូវធ្វើតេស្តរហ័សពេលមកដល់ច្រកទ្វាអន្តរជាតិ។


 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១១កក្កដា ឆ្នាំ២០២២ តទៅ អ្នកដំណើរពីបរទេសចូលមកកម្ពុជា ដោយមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឬចាក់មិនគ្រប់ដូស មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះទេ។ ប៉ុន្តែអ្នកដំណើរត្រូវចំណាយ ៥ដុល្លារ សម្រាប់ការធ្វើតេស្តរហ័ស ដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារអន្តរជាតិនានា។
 
សេចក្ដីប្រកាសដដែលបានលម្អិតទៀតថា សម្រាប់អ្នកដំណើរដែលធ្វើតេស្តឃើញ អវិជ្ជមាន អាចបន្តដំណើរទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ចំណែកអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ កម្រិតស្រាល អាចសម្រាកព្យាបាលនៅតាមគេហដ្ឋាន ឬទីតាំងសមស្រប។ 
 
ដោយឡែក អ្នកដំណើរជនជាតិខ្មែរ ទទួលបានលទ្ធផលតេស្តជំងឺកូវីដ-១៩ ប៉ុន្តែកម្រិតធ្ងន់ ត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ដែលសេវាព្យាបាលជំងឺកូវីដ-១៩ ត្រូវបានធ្វើសមាហរណកម្ម ដោយប្រព័ន្ធសុខាភិបាល។ ប៉ុន្តែសម្រាប់អ្នកដំណើរបរទេស រកឃើញថា មានវិជ្ជមានកូវីដ-១៩ ត្រូវចំណាយការព្យាបាលដោយខ្លួនឯង។
 
ជាមួយគ្នានេះអ្នកដំណើរ ដែលខកខានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។ សូមជម្រាបថាគិតត្រឹមថ្ងៃទី ៨កក្កដា ប្រជាជនកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ២ដូស មានជាង ១៤លាននាក់។ ចំណែកអ្នកទទួលបានវ៉ាក់សាំងដូសទី៣ មានជាង៩លាននាក់ និងអ្នកទទួលបានដូសទី៤ មានជាង៣លាននាក់ ខណៈដូសទី៥ មានអ្នកចាក់ជាង ៣៥ម៉ឺននាក់៕
 

Tag:
 ThmeyThmey
  កូវីដ-១៩
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com