អន្តរជាតិ
កូរ៉េខាងត្បូង ដាក់ចេញសេចក្ដីព្រាងពីផែនការជួយគាំទ្រក្រុមហ៊ុនហិរញ្ញវត្ថុដែលកំពុងជួបបញ្ហា
26, Jul 2022 , 8:29 pm        
រូបភាព
រូបភាព៖ Businesskorea
រូបភាព៖ Businesskorea
និយ័តករហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែកក្កដា បានបង្ហាញពីគម្រោង សម្រាប់ជួយជ្រោមជ្រែងក្រុមហ៊ុនហិរញ្ញវត្ថុដែលប្រឈមបញ្ហា ដើម្បីបញ្ជៀសក្រុមហ៊ុនទាំង នោះដួលពីការរលំប្រតិបត្តិការទាំងស្រុង។ នេះក៏ជាវិធានការមួយដែលកូរ៉េខាងត្បូងធ្វើឡើង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលផងដែរ។

 
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបង្ហាញពីគម្រោងការសម្រាប់ជួយជ្រោម ជ្រែងក្រុមហ៊ុនហិរញ្ញវត្ថុដែលកំពុងជួបបញ្ហា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៦ ខែកក្កដា។ 
 
ក្រោមគម្រោងនោះ គ្រឹះស្ថានឥណទានដែលដំណើរការដោយសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) នឹងផ្តល់ការធានាឥណទានដល់ក្រុមហ៊ុនហិរញ្ញវត្ថុដែលមានការលំបាកក្នុងការទ្រទ្រង់ដំណើរការស្ថាប័នរបស់ពួកគេ ហើយ KDIC ក៏នឹងផ្តល់ប្រាក់កម្ចី រយៈពេលខ្លីចំពោះក្រុមហ៊ុនហិរញ្ញវត្ថុទាំងនោះផងដែរ ខណៈក្រុមហ៊ុនទាំងនោះ អាចលក់សញ្ញាប័ណ្ណ ឬភាគហ៊ុនផ្សេងៗ។ 
 
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា គម្រោងការមួយនេះអាចនឹង ដាក់ចេញនៅក្នុងឆ្នាំ២០២៣ ប្រសិនបើការកែប្រែលើច្បាប់នេះ និងការរៀបចំផ្សេងៗទៀតបាន ប្រព្រឹត្តទៅដោយរលូន។
 
កូរ៉េខាងត្បូង មានគោលនយោបាយដែលត្រូវបានរៀបចំឡើង ដើម្បីទប់ស្កាត់នឹងវិបត្តិហិរញ្ញវត្ថុ  ប៉ុន្តែផែនការថ្មីនេះ គឺមានគោលបំណងបង្កើតមធ្យោបាយ ក្នុងគោលបំណងការពារកុំឱ្យក្រុមហ៊ុនមួយចំនួន ត្រូវបិទទ្វារ ដែលនឹងរឹតតែធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
 
គួររំឭកថា នៅក្នុងអំឡុងឆ្នាំ១៩៩០ និងក្នុងឆ្នាំ២០០៨ ដល់២០០៩ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានរងគ្រោះយ៉ាងខ្លាំង ដោយសារវិវបត្តិសេដ្ឋកិច្ច ដែលកើតមានក្នុងអំឡុងឆ្នាំនោះ។ ក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើន ពិបាកក្នុងការបង្វែរជាសាច់ប្រាក់ និងការបង់ប្រាក់កម្ចី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com