សង្គមអន្តរជាតិ​
អន្តរជាតិ
សិង្ហបុរី ឈរពីលើជប៉ុនជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក
22, Jul 2023 , 8:29 am        
រូបភាព
លិខិតឆ្លងដែនសិង្ហបុរី ។ រូបភាព AFP ។
លិខិតឆ្លងដែនសិង្ហបុរី ។ រូបភាព AFP ។
សិង្ហបុរីបាននាំមុខជប៉ុន ក្លាយជាប្រទេសដែលកាន់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ អ្នកកាន់លិខិតឆ្លងដែនសិង្ហបុរីអាចចូលបាន ១៩២ ប្រទេស និងដែនដីដោយគ្មានទិដ្ឋាការ។ នេះបើយោងតាមសន្ទស្សន៍ Henley Passport Index សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ ។

 
បន្ទាប់ពីកាន់តំណែងលេខមួយអស់រយៈពេល ៥ឆ្នាំជាប់ៗគ្នា ជប៉ុនបានធ្លាក់ចំណាត់ថ្នាក់លេខមកត្រឹមលេខ៣ក្នុងចំណាត់ថ្នាក់នេះ ដោយសារចំនួនភ្ញៀវទេសចរគោលដៅដែលកាន់លិខិតឆ្លងដែនអាចចូលដោយគ្មានទិដ្ឋាការ បានថយចុះបើធៀបនឹងឆ្នាំមុន។ .
 
អាមេរិកដែលនាំមុខគេក្នុងចំណាត់ថ្នាក់កាលពីជិតមួយទសវត្សរ៍មុននោះ ឥឡូវនេះបានធ្លាក់ចុះមកនៅលេខរៀងទីប្រាំបី។ ទន្ទឹមនឹងនេះ អង់គ្លេសបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (Brexit) បានឡើងមកចំណាត់ថ្នាក់លេខ៤។ 
 
សិង្ហបុរីត្រូវបានគេចាត់ទុកថាជា «មេដែក» សម្រាប់ស្រូបទាញអ្នកមាននៅទូទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែនកោះមួយនេះ បានទទួលលំហូរអ្នកមានចូលមករស់នៅច្រើនជាមួយទ្រព្យសម្បត្តិដ៏ច្រើនក្រៃលែង ស្របពេលដែលចិនបានរឹតបន្តឹងការគ្រប់គ្រងលើអាជីវកម្មឯកជន និងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
 
យ៉ាងណាមិញ ការទទួលបានលិខិតឆ្លងដែនសិង្ហបុរីមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ប្រទេសដែលមានប្រជាជន ៥,៦លាននាក់នេះ បានផ្តល់សញ្ជាតិដល់មនុស្សប្រហែល ២៣ ១០០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន។ នៅឆ្នាំនេះ អាជ្ញាធរសិង្ហបុរីបានបញ្ចប់គោលនយោបាយផ្តល់សញ្ជាតិដោយផ្អែកលើទ្រព្យសម្បត្តិសុទ្ធផ្ទាល់ខ្លួន។


ប្រទេសចំនួន ១៥ ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ ជាមួយនឹងចំនួនគោលដៅមិនត្រូវការទិដ្ឋាការ ។ ប្រភព៖ Henley Passport Index/Bloomberg ។
 
Henley Passport Index គឺជាផ្តល់ចំណាត់ថ្នាក់លិខិតឆ្លងដែនដែលទទួលបានពី Henley & Partners ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (អង់គ្លេស)។ ចំណាត់ថ្នាក់នេះតាមដានលិខិតឆ្លងដែនមកពី ១៩៩ប្រទេស និងដែនដី ព្រមទាំង ២២៧គោលដៅជុំវិញពិភពលោក។ នៅក្នុងសន្ទស្សន៍ចំណាត់ថ្នាក់នេះ លិខិតឆ្លងដែនដែលមានចំនួនដូចគ្នានៃគោលដៅគ្មានទិដ្ឋាការត្រូវបានចាត់ចំណាត់ថ្នាក់ដូចគ្នា ដូច្នេះចំណាត់ថ្នាក់សរុបមានត្រឹមតែ ១០៣ថ្នាក់ប៉ុណ្ណោះសម្រាប់ ១៩៩លិខិតឆ្លងដែន។
 
យោងតាមចំណាត់ថ្នាក់របស់ Henley លិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់ទី៨២ ដោយមិនប្រើទិដ្ឋាការទៅកាន់៥៥ប្រទេស និងដែនដី។ ក្នុងតំណែងនេះ លិខិតឆ្លងដែនកម្ពុជាស្ថិតនៅលំដាប់ដូចលិខិតឆ្លងដែនវៀតណាម ហ្គីណេប៊ីស្សូ និងម៉ាលី។
 
ចំណាត់ថ្នាក់របស់ Henley គឺផ្អែកលើទិន្នន័យពីអង្គការដឹកជញ្ជូនផ្លូវអាកាសពិភពលោក (IATA)។ វិធីសាស្ត្ររបស់ Hanley ខុសពីការវាយតម្លៃលិខិតឆ្លងដែនផ្សេងទៀត ដូចជាសន្ទស្សន៍លិខិតឆ្លងដែនដ៏មានឥទ្ធិពលដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ Arton Capital៕

Tag:
 សិង្ហបុរី
  ជប៉ុន
  កម្ពុជា
  លិខិតឆ្លងដែន
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com