ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ ពលករខ្មែរនៅកូរ៉េខាងត្បូង អាចធ្វើលិខិតឆ្លងដែននៅទីនោះបាន
09, Sep 2023 , 3:24 pm        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរៀបចំយន្តការក្នុងការធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរនៅប្រទេស នៅក្នុងប្រទេសដែលពួកគេកំពុងបម្រើការងារផ្ទាល់តែម្តង។

 
ពីពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការងារនេះ នឹងចាប់ផ្តើមមុនគេ ពីសាធារដ្ឋកូរ៉េ។ 
 
«ខ្ញុំបានសម្រេច គឺអនុញ្ញាតឱ្យរៀបចំ ធ្វើ passport (លិខិតឆ្លងដែន) នៅក្រៅប្រទេស។ នៅកូរ៉េ(ខាងត្បូង) យើងចាប់ផ្តើមពីកូរ៉េ មុនគេ»។  សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ មុននឹងបន្តថា រដ្ឋាភិបាល នឹងរៀបចំឱ្យមានទីតាំងអចិន្ត្រៃយ៍ សម្រាប់មន្ត្រីអត្តសញ្ញាណកម្មកម្ពុជា ប្រចាំការនៅកូរ៉េខាងត្បូងដោយផ្ទាល់ ដើម្បីធ្វើការងារនេះ និងងាយស្រួលដល់ការការងារគ្រប់គ្រងនិន្នន័យ និងសន្តិសុខ។
 
ជាមួយនឹងការសម្រេចនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រឹទ្ធ គិតគូរពីយន្តការនៃការដាក់ ស្នើសុំធ្វើលិខិថ្កោលទោសតាមប្រព័ន្ធអនឡាញផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពិសេសគឺកាត់បន្ថយចំណាយ និងចំណេញពេលវេលា។ 
 
សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់  , ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់៕

Tag:
 ហ៊ុន ម៉ាណែត
  ពលករខ្មែរ
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com