អន្តរជាតិ
តើប្រទេសណាខ្លះមានកម្រិតគុណភាពខ្យល់ប្រកបដោយសុវត្ថិភាព?
12, May 2024 , 8:39 pm        
រូបភាព
របាយការណ៍​ថ្មី​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​គុណភាព​ខ្យល់​របស់​ស្វីស IQAir បង្ហាញ​ថា មាន​ប្រទេស​តែ​ប្រាំពីរ​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​បាន​ជួប​កម្រិត​​បរិយាកាស​ដោយ​សុវត្ថិភាព​ក្នុង​ឆ្នាំ ២០២៣។ ការសិក្សានេះបានទាញយកទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យជាង៣ម៉ឺនកន្លែងក្នុង ១៣៤ ប្រទេស ដែនដី និងតំបន់។



ក្នុងចំណោមនោះ ១២៤ ប្រទេស ដែនដី និងតំបន់ត្រូវរកឃើញថា បានបំពាន កម្រិតសុវត្ថិភាពខ្យល់ PM2.5 ដែលយោងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
ភាគល្អិតមីក្រូទស្សន៍ទាំងនេះដែលមានទំហំតូចជាង ២,៥ មីក្រូក្នុងអង្កត់ផ្ចិត អាចត្រូវបាន ស្រូបចូលជ្រៅទៅក្នុងសួត ហើយថែមទាំងទៅដល់ចរន្តឈាមទៀតផង។ ភាគល្អិតនេះត្រូវ បានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង និងសួត ជំងឺលើសឈាម ការកើនឡើងហានិភ័យនៃជំងឺហឺត ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ និងការស្លាប់មុនអាយុផងដែរ។
 
តើប្រទេសណាខ្លះដែលឆ្លើយតបនឹងកម្រិតគុណភាពខ្យល់ប្រកបដោយសុវត្ថិភាព?
 
ប្រទេសចំនួនប្រាំពីរដែលបានបំពេញតាមគោលការណ៍ណែនាំប្រកបដោយសុវត្ថិភាពចំនួន ប្រាំមីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ (µg/m3) ឬតិចជាងនេះគឺអូស្ត្រាលី អេស្តូនី ហ្វាំងឡង់ ហ្គ្រើណាដ អ៊ីស្លង់ ម៉ូរីស និងនូវែលសេឡង់។
 
ទឹកដី Puerto Rico, Bermuda និង French Polynesia ក៏ស្ថិតក្នុងកម្រិតសុវត្ថិភាពផងដែរ។ នៅអឺរ៉ុប អ៊ីស្លង់មានខ្យល់អាកាសបរិសុទ្ធបំផុតចំនួន៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ បន្ទាប់មកអេស្តូនីមាន៤,៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ និងហ្វាំងឡង់មាន៤,៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
 
មាត្រដ្ឋាន​ពណ៌​ត្រូវ​បាន​ប្រើ​ដើម្បី​ចង្អុល​បង្ហាញ​ពី​កម្រិត​ការ​បំពុលដោយ​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន​បាន​ធ្លាក់​ក្នុង​ប្រភេទ​ពណ៌​បៃតងដោយ​បង្ហាញ​ពី​កម្រិតល្អ​រហូត​ដល់​ទ្វេដង​នៃ​ស្តង់ដារ​សុវត្ថិភាព។
 
ចំណែកឯប្រទេសដែលមានការបំពុលតិចតួចបំផុតទាំងនេះរួមមាន ស៊ុយអែត អៀរឡង់ ន័រវែស ព័រទុយហ្កាល់ លិចតិនស្ដាញ ដាណឺម៉ាក ចក្រភពអង់គ្លេស អង់ដូរ៉ា ឡេតូនី អ៊ុយក្រែន ហូឡង់ លុចសំបួ ស្វីស អាល្លឺម៉ង់ បែលហ្សិក បារាំង អូទ្រីស អេស្ប៉ាញ និងរុស្ស៊ី។
 
ទីក្រុងនានានៅអឺរ៉ុបបានបង្ហាញពីភាពប្រសើរឡើងចាប់តាំងពីរបាយការណ៍ឆ្នាំ ២០២២ ដោយ ៥៤ ភាគរយត្រូវបានចាត់ថ្នាក់ពណ៌បៃតងនៅឆ្នាំ ២០២៣ ធៀបនឹង ៣៩ ភាគរយកាលពី ឆ្នាំមុន៕

© រក្សាសិទ្ធិដោយ thmeythmey.com