កីឡាអន្តរជាតិ
អន្តរជាតិ
តួលេខ​សំខាន់​ចំនួន៥របស់​ខ្សែប្រយុទ្ធ Thierry Henry មុនពេល​ប្រកាស​ចូលនិវត្តន៍
17, Dec 2014 , 7:45 pm        
រូបភាព
ដោយ: រួបរួម
កាសែត Le Monde ដ៏​ល្បី​របស់​បារាំង បានធ្វើការ​កត់សម្គាល់​ពី​តួលេខ​ចំនួន៥ ទាក់ទង​កីឡាករ​បាល់ទាត់ Thierry Henry ដែល​បានប្រកាស​ចូលនិវត្តន៍​កាលពី​ថ្ងៃទី១៦ ខែធ្នូ ក្នុង​វ័យ៣៧ឆ្នាំ។ ខ្សែប្រយុទ្ធ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ (៥១គ្រាប់) របស់​បារាំង និង​ជា​វិ​រ​បុរស​ក្លិប Arsenal រូបនេះ នឹង​ចាប់ផ្តើម​អាជីព​ទីប្រឹក្សា​កម្មវិធី​ទូរទស្សន៍ Sky Sports។



លេខ៥៖ Thierry Henry បាន​លេង​ឲ្យ​ក្លិប​អាជីព​ចំនួន៥ ដោយ​ចាប់ផ្តើម​ពី​ក្លិប Monaco ក្នុង​រដូវ​កាល១៩៩៤-១៩៩៥ ហើយ​បន្តទៅ​ក្លិប Juventus ក្នុង​រយៈពេល៧ខែ​នា​ឆ្នាំ១៩៩៩ ។ ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០០៧ Henry ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​នៅ Arsenal មុននឹង​ចាកចេញ​ជា​បន្តបន្ទាប់​ទៅកាន់ Barcelona (២០០៧-២០១០) និង New York Red Bulls (២០១០-២០១៤ ) និង​ធ្លាប់​ត្រូវបាន​ខ្ចី​ជើង​ទៅកាន់ Arsenal វិញ​នៅ​ឆ្នាំ២០១២ ។

លេខ៩១៧៖ ក្នុង​រយៈពេល២០ឆ្នាំ​នៃ​ការប្រកប​អាជីព កីឡាករ​ដែលមាន​ដើមកំណើត​ពី​តំបន់​Ulisខេត្ត Essonneរូបនេះ ធ្លាប់​លេង​បាន៩១៧ប្រកួត​ជា​ផ្លូវការ ដែល​ក្នុងនោះ១២៣ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង។ Henry ជា​កីឡាករ​បារាំង​តែ​ម្នាក់​គត់​ដែល​បាន​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup ៤លើក (១៩៩៨-២០០២-២០០៦ និង២០១០)។ Arsenal គឺជា​ក្លិប​ដែល​ខ្សែប្រយុទ្ធ​រូបនេះ លេង​បាន​ច្រើន​បំផុត ពោលគឺ៣៧៧ប្រកួត។

លេខ៤១១៖ ខ្សែប្រយុទ្ធ​រូបនេះ មាន​ភាពល្បីល្បាញ​ក្នុង​ការរក​គ្រាប់​បាល់​ដោយ​បច្ចេកទេស​ប្រើ​បាតជើង​ប៉ែង​បញ្ចូល​ទី។ តាម​កំណត់ត្រា គេ​បានធ្វើ​សម្រេច​ចំនួន៤១១គ្រាប់​ក្នុង​អាជីព​របស់ខ្លួន។

លេខ២១៖ Henry ជា​កីឡាករ​ម្នាក់​ដែល​ទទួលបាន​តំណែង​ជើងឯក​ច្រើនជាងគេ ពោល​គឺមាន​រហូតដល់​ទៅ២១ ក្នុងនោះ​មានដូចជា ជើងឯក World Cup ឆ្នាំ១៩៩៨ ជើងឯក Euro ឆ្នាំ២០០០ ជើងឯក FIFA Confederations Cup ឆ្នាំ២០០៣ ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង។ គេ​ឈ្នះ​ជើងឯក​ចំនួន១៤លើក​នៅក្នុង​លី​ក​អាជីព​នៅ​បារាំង អង់គ្លេស និង​អេ​ស្ប៉ា​ញ។ បូករួម​ជាមួយ​ពានរង្វាន់​សម្រាប់​ក្លិប Henry ក៏​ពានរង្វាន់​ជា​លក្ខណៈ​ឯកជន​ផងដែរ ជាពិសេស​ពានរង្វាន់​ស្បែកជើង​មាស។

លេខ៥៧៖ បើ​ការវាយតម្លៃ​របស់ Goal.com Henry រកចំណូលបាន​យ៉ាងហោចណាស់៥៧លាន​អឺរ៉ូ ដោយ​គេ​ជា​កីឡា​ករទី១០ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ។ ចំណូល​ដែល Henry ទទួលបាន​មានដូចជា ប្រាក់ខែ និង​សន្យា​ពាណិជ្ជកម្មផ្សេងៗ ជាពិសេស​ជាមួយ​ក្រុមហ៊ុន Red Bull និង Puma៕



© រក្សាសិទ្ធិដោយ thmeythmey.com