ជាតិ
លោក សុខ ផល ប្រាប់​ឲ្យ​បញ្ឈប់​ការធ្វើ​ឯកសារ​ដល់​ជនអន្តោប្រវេសន៍
19, Jan 2015 , 1:55 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ លោក សុខ ផល បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ត្រូវ​បញ្ឈប់​ការធ្វើ​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ខុសច្បាប់​ឱ្យ​ជនបរទេស​ដែល​បាន​ចូលមក​កម្ពុជា ចាប់ពីពេលនេះ​តទៅ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AKP ។



យោងតាម AKP អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ លោក សុខ ផល មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ ជំរឿន​ពិនិត្យ​អត្ថ​ពលករ​បរទេស​នៅក្នុង​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី១៦ ខែមករា​នេះ ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ត្រូវ​បញ្ឈប់​ការធ្វើ​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ខុសច្បាប់​អោយ ជនបរទេស។

លោក​បញ្ជាក់​បន្ថែមថា ទង្វើ​ទាំងនេះ​ជា​អំពើ​ខុសច្បាប់ និង​ធ្វើឱ្យ​ការងារ​គ្រប់គ្រង​ជនបរទេស មាន​ផល​លំបាក ដោយ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ និង​បង្កឡើង​ដោយ​ភេរវកម្ម បរទេស ដែល​មិន​បានដឹង​ច្បាស់លាស់​ជាមុន។

បើតាម​ប្រភព​ដដែល លោក សុខ ផល បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ត្រូវ ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ឱ្យបាន​នូវ​ការចេញចូល និង​ស្នាក់អាស្រ័យ​របស់​ជនបរទេស​នៅក្នុង​មូលដ្ឋាន ហើយ​ត្រូវ​ផ្សព្វផ្សាយ ឱ្យ​ជនបរទេស​អន្តោប្រវេសន៍​ស្របច្បាប់​ចូលមក​បង់អាករ​ប្រចាំឆ្នាំ​តាម​គោល ការណ៍​ច្បាប់​កំណត់​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com