អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កាន់អំណាច​អេ​ស្ប៉ា​ញ​បន្ត​ឈ្នះឆ្នោត តែ​មិនបាន​សំឡេង​ភាគច្រើន​ដាច់ខាត​
21, Dec 2015 , 3:53 pm        
រូបភាព
 ​គណបក្សកាន់អំណាច អេ​ស្ប៉ា​ញ​បាន​បន្ត​ឈ្នះឆ្នោត​ជាថ្មីទៀត ក្នុងការ​បោះឆ្នោត​ទូទៅ​មួយ​នៅ​ថ្ងៃទី​២០ ខែធ្នូ ។ គណបក្ស​អភិរក្ស​នេះ​ឈ្នះ​បាន​កៅអី​ភាគច្រើន​នៅក្នុង​សភា​ជាន់​ទាប តែ​យ៉ាងណាក៏ដោយ គណបក្ស​នេះ​មិនបាន​ទទួល​សំឡេង​ភាគច្រើន​ដាច់ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បានទេ ដោយសារ​គណបក្សប្រឆាំង​ឈ្នះ​បាន​កៅអី​ថែមទៀត​។


លោក មុំ ពិទូរ្យ​ លម្អិតព័ត៌មាននេះ



​គណបក្ស​ប្រជាជន​របស់​នាយករដ្ឋមន្ត្រី Mariano Rajoy បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ​ម្សិលមិញ​នេះ​។ គណបក្ស​អភិរក្ស​របស់លោក Rajoy បានទទួល​កៅអី​ចំនួន​១២២​ក្នុងចំណោម​កៅអី​សរុប​៣៥០​។ ប៉ុន្តែ​គណបក្ស​នេះ មិនបាន​កៅអី​គ្រប់គ្រាន់​សម្រាប់​បង្កើតរ​ដ្ឋា​ភិ​បាល​ទេ ព្រោះ​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​ការបង្កើត​រដ្ឋាភិបាល​បាន​គឺ​ចំនួន​១៧៥​កៅអី​។​
 
​បក្ស​ដែល​តាម​ពីក្រោយ​គណបក្សកាន់អំណាច គឺ​គណបក្ស​សង្គមនិយម​ដែលជា​បក្សប្រឆាំង​។ បក្ស​នេះ​ទទួលបាន​កៅអី​ចំនួន​៩១ ហើយ​គណបក្ស​ឆ្វេងនិយម Podemos និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទទួលបាន​៦៩​កៅអី​។ ចំណែកឯ​គណបក្ស​ស្ដាំនិយម​កណ្ដាល Ciudadanos ទទួលបាន​កៅអី​៤០​ផងដែរ​។ 
 
​យោងតាម​លទ្ធផល​ខាងលើនេះ សភា​ជាន់​ទាប​អេ​ស្ប៉ា​ញ​នឹងមាន​សមាសភាព​ចម្រុះ​ដោយ​គណបក្ស​ជាច្រើន​ជាមួយ​សំឡេង​ប្រហាក់ប្រហែលគ្នា​។ ហើយ​នេះ​ក៏​មានន័យថា ការជាប់គាំង​ផ្នែក​នយោបាយ​អាច​នឹង​កើតមាន ពីព្រោះ​សភា​នឹងមាន​ភាព​តានតឹង​ខ្លាំង​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ភាគច្រើន​ដែលមាន​លំនឹង​។ 
 
​ជាមួយ​តម្រូវការ​កៅអី​ចំនួន​១៧៥​សម្រាប់​បង្កើត​រដ្ឋាភិបាល ប្រហែល​មានតែ​សម្ព័ន្ធភាព​រវាង​បក្ស​ប្រជាជន​របស់លោក​នាយក​រដ្ឋមន្ត្រី Rajoy ជាមួយ​បក្សប្រឆាំង​សង្គមនិយម​ទេ ដែល​អាចបង្កើត​រដ្ឋាភិបាល​មាន​លំនឹង​មួយ​បាន​។ តែ​រឿងនេះ​ប្រហែលជា​មិនអាច​ទៅរួច​ឡើង ពីព្រោះ​បក្ស​ទាំងពីរ​នេះ​ជា​ដៃគូ​ប្រជែង​នឹង​គ្នា​។ យ៉ាងណាក៏ដោយ គេ​ត្រូវ​រង់ចាំ​មើល​សិន ថា​តើ​រដ្ឋាភិបាល​ថ្មី​នឹងមាន​សមាសភាព​មកពី​បក្ស​ណាខ្លះ​។​
 
​សូម​រម្លឹកថា ការបោះឆ្នោត​នេះ គឺធ្វើឡើង​ចំពេល​ដែល​សេដ្ឋកិច្ច អេ​ស្ប៉ា​ញ ងើបឡើង​មកវិញ ដោយមាន​អត្រាកំណើន​សេដ្ឋកិច្ច​ប្រហែល​៣​ភាគរយ​ក្នុងឆ្នាំនេះ ហើយ​អត្រា​អ្នកគ្មានការងារ​ក៏​ធ្លាក់ចុះ​ផងដែរ ប៉ុន្តែ​អត្រា​អត់​ការងារ​នេះ​នៅតែ​ខ្ពស់​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​៕  
 
 
 
 

Tag:
 បោះឆ្នោត​អេ​ស្ប៉ា​ញ​
© រក្សាសិទ្ធិដោយ thmeythmey.com