អន្តរជាតិ
យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង​ហោះ​អម​យន្តហោះ​លោក​ស៊ីក្នុង​ដំណើរ​នៅ​មជ្ឈិមបូព៌ា​
22, Jan 2016 , 6:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កំពុងតែ​ស្ថិតនៅ​តំបន​មជ្ឈិមបូព៌ា​សម្រាប់​ទស្សនកិច្ច​ផ្លូវការ​បី​ប្រ​ទស​នៅ​ទីនោះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅពេល​ដល់​យន្តហោះ​ពិសេស​របស់លោក ស៊ី ចូលដល់​ដែនអាកាស​អា​រ៉ា​ប៊ី សា​អូឌីត និង​អេ​ហ្ស៊ី​ប គេ​សង្កេតឃើញ​មាន​យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង​ហោះ​អម​យន្តហោះ​ពិសេស​ដឹក​មេដឹកនាំ​ចិន​។​



​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កំពុងតែ​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ពង្រឹង​ឥទ្ធិពល​ចិន​ក្នុង​តំបន់​នេះ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​ចុះហត្ថលេខា​ក្នុងពេល​ទស្សនកិច្ច​នេះ ដែល​បានបង្ហាញ​ពី​ឥទ្ធិពល​នយោបាយ​ការទូត​របស់​ចិន​មកលើ​ប្រទេស​នៅ​តំបន់​សំបូរ​ធនធាន​ប្រេង​នេះ​។​

​អ្វីដែល​គូរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បួន​គ្រឿង​ទៅ​អម​យន្តហោះ​លោក ស៊ី ជិន​ពីង ពេល​ឆ្លង​ចូល​ដែនអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​។ ហើយ​នៅពេល​លោក ស៊ី ចាកចេញ​ពី​អា​រ៉ា​ប៊ី សា​អូឌីត ទៅកាន់​អេ​ហ្ស៊ី​ប យន្តហោះ​ចម្បាំង​ប្រភេទ F-15 ចំនួន​បួន​គ្រឿង​ទៀត​ក៏បាន​ការពារ​យន្តហោះ​លោក ស៊ី ចេញពី​ដែនអាកាស​ខ្លួន​ផងដែរ​។​

​នៅពេលដែល​យន្តហោះ​ប្រមុខរដ្ឋ​ចិន​ទៅដល់​ដែនអាកាស​អេ​ហ្ស៊ី​ប រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ក៏បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ​F-16 ចំនួន​ដល់​ទៅ​ប្រាំបី​គ្រឿង​ទៅ​ទទួល​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។ ចំណែក​ប្រធានាធិបតី​អេ​ហ្ស៊ី​ប Abdel Fattah al Sisi ថែមទាំង​មក​ទទួល​ដល់​ព្រលានយន្តហោះ​ទៀតផង​។ ហើយ​នៅពេល​លោក ស៊ី ចាកចេញ​ពី​អេ​ហ្ស៊ី​ប គេ​ក៏​រំពឹងថា នឹងមាន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿន​ជូន​ដំណើរ​ដូច​ពេលមកដល់​ដែរ​។​

​គេ​អាច​យល់បាន​ថា មូលហេតុ​ដែលមាន​ការ​យកមក​យន្តហោះ​អមដំណើរ​បែបនេះ អាច​ថា​ជាការ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​មហាអំណាច​មួយ​លើ​ពិភពលោក​។ ម្យ៉ាងទៀត ការការពារ​សន្តិសុខ​ក៏​អាចជា​មូលហេតុ​មួយ​ផងដែរ​។ សព្វថ្ងៃនេះ តំបន់​មជ្ឈិមបូព៌ា​មិនសូវ​ជាមាន​សន្តិសុខ​ល្អ​ប៉ុន្មាន​នោះទេ ហើយ​ការវាយប្រហារ​ភេរវកម្ម​អាច​កើតមាន​គ្រប់ពេលវេលា​។

​ជាក់ស្ដែង​នោះ គឺ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្សី ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ទៅកាន់​រុស្សី បណ្ដាល​ឲ្យ​អ្នកដំណើរ​ស្លាប់​ទាំងអស់​។ ហេតុនេះហើយ បានជា​មានការ​បញ្ជូន​យន្តហោះ​ជាច្រើន​ទៅ​អមដំណើរ​៕ 


Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com