អន្តរជាតិ
ចិន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នៅសល់​កម្អែល​ស​ង្គ្រា​ម​ត្រជាក់​
31, May 2016 , 3:40 pm        
រូបភាព
​មហា​យក្ស​ចិន​បាន​ឆ្លើយតប​នឹង​ការរិះគន់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter ដែល​និយាយថា ចិន​កំពុង​ធ្វើខ្លួន​ឲ្យ​ឃា្ល​ត​ឆ្ងាយ​ពី​ប្រទេស​ដទៃ តាមរយៈ​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន ថែមទាំង​ចោទ​លោក Carter ថា នៅ​មិនទាន់​ជម្រះ​កម្អែល​សង្គ្រាមត្រជាក់​នៅឡើយ​ទេ​។

 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ប្រតិកម្ម​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារ ជាតិ​អាមេរិក លោក Ash Carter ដែលថា ចិន​កំពុងតែ​បង្កើត​មហា​កំផែង​នៃ​ភាព​ឯកា​។ នៅ​ថ្ងៃទី​៣០ ខែឧសភា លោកស្រី Hua Chunying ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា សំដី​របស់លោក Carter គឺជា​ការប៉ុនប៉ង​ដើម្បី​លាក់បាំង​ផែនការ​ពង្រាយ​កម្លាំង​បន្ថែម​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​។
 
​ថ្លែង​ក្នុងការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​រូបនេះ​និយាយ​ដែរ​ថា ការអធិប្បាយ​របស់លោក Carter បង្ហាញ​ពី គំនិត​ក៏ដូចជា​អនុត្តរភាព​របស់​អាមេរិក​។ លោកស្រី​បន្តថា​៖«​មាន​អ្នកខ្លះ​រស់នៅ​អាមេរិក ក្នុង​សតវត្សរ៍​ទី​២១ ប៉ុន្តែ​គំនិត​របស់​ពួកគេ​នៅតែ​ដិតដាម​សម័យ​សង្គ្រាមត្រជាក់​នៅឡើយ​»​។​
 
​លើសពីនេះទៅទៀត លោកស្រី Hua បញ្ជាក់ដែរថា ចិន​មិនដែល​ខ្វល់​នឹង​សង្គ្រាមត្រជាក់ ឬក៏​ដើរតួ​ក្នុង «​រឿង​ហូលីវូដ​» តាម​ការរៀបចំ​របស់​ទាហាន​អាមេរិក​នោះដែរ​។ ការលើកឡើង​របស់លោក​ស្រី Hua ទំនងជា​សញ្ញា​ប្រាប់​អាមេរិក​ថា ចិន​មិន​ធ្វើតាម​អាមេរិក​គ្រប់​រឿង​នោះទេ​។ មួយវិញទៀត លោកស្រី ក៏​សង្កត់ធ្ងន់​ដែរ​ថា ចិន​នឹងមិន​ភ័យខ្លាច​ទេ ហើយនឹង​ឆ្លើយតប​នឹង​សកម្មភាព​ណា ដែល​គំរាម​ដល់​សន្តិសុខ និង​អធិបតេយ្យភាព​របស់ខ្លួន​។​
 
​សូម​រម្លឹកថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter បាន​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែ ឧសភា ថា ចិន​កំពុងតែ​ប្រឈម​នឹង​ការបង្កើត «​មហាកំពែង​នៃ​ការបង្កើត​ភាព​ឯកា​ដោយ​ខ្លួនឯង​» តាមរយៈ​ការបន្ត​សកម្មភាព​ពង្រីក​ឥទ្ធិពល​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការវាយប្រហារ​លើ​ក្រុមហ៊ុន​អាមេរិក​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជាដើម​។ លោក Carter បានបញ្ជាក់ ថា ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​ចិន បាននិងកំពុង​តែ​រំលោភ​និង​គោលការណ៍​នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត និង​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក​។
 
​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​រូបនេះ ត្រូវបាន​ធ្វើឡើង​មុនពេល​នៃ​ដំណើរ​ទស្សន កិច្ច​ទៅ កាន់​សិង្ហ​បុរី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​សន្តិសុខ​អាស៊ី ខណៈ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៣ ដល់ទី​៥ ខែមិថុនា​។
 
​រយៈពេល​ចុងក្រោយ​នេះ ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​មិនសូវ​មានការ​ប្រឈម​គ្នា​ខ្លាំង​ប៉ុន្មាន​នោះ ទេ ។ តែ​អ្វី​គួរកត់សម្គាល់​នោះ ស្ថានភាព​បែរជា​តានតឹង​ខ្លាំង​រវាង​អាមេរិក ជា​រដ្ឋ​ខាងក្រៅ និង​ចិន​ជា​ភាគី​ជម្លោះ​ទៅវិញ​។ ភាគី​ទាំងពីរ បាន​ចោទ​ដាក់គ្នា​ថា កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម និង​បង្កើត​កម្តៅ​នៃ​ជម្លោះ​ក្នុង​តំបន់​៕

Tag:
 ​ចិន​
 ​ អាមេរិក​
  Ash Carter
© រក្សាសិទ្ធិដោយ thmeythmey.com