អន្តរជាតិ
មេដឹកនាំ​ណា​តូ​នឹង​ពិភាក្សា​លើ​ការពង្រឹង​សមត្ថភាព​ការពារ​ក្នុងជំនួប​នៅ​ប៉ូឡូញ
31, May 2016 , 10:19 pm        
រូបភាព
អគ្គលេខាធិការរង​សម្ព័ន្ធ​យោធា​ណា​តូ លោក Alexander Vershbow បានលើកឡើង​ពី​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​កំពូល​ណា​តូ ដែល​នឹងធ្វើ​នៅ​ខែកក្កដា ក្នុង​ទីក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ ខណៈដែល​ការប្រឈមមុខ​រវាង​ណា​តូ និង​រុស្សី មានការ​កើនឡើង​ខ្លាំង​នៅ​រណសិរ្ស​ខាងកើត​។ មេដឹកនាំ​ណា​តូ នឹងធ្វើ​ការសម្រេចចិត្ត​មួយ ដែល​សំដៅ​ពង្រឹងសមត្ថភាព​ការពារ និង​អនុភាព​របស់ខ្លួន​។

 
​ក្នុងអំឡុងពេល​កិច្ចប្រជុំសភា នៃ​ប្រទេស​សមាជិក​ណា​តូ នៅ​អាល់​បា​នី អគ្គលេខាធិការរង​ណា​តូ លោក Alexander Vershbow បានបង្ហាញ​នូ​ប្រធាន​សំខាន់ៗ ដែល​នឹងត្រូវ​លើក​មក​ពិភាក្សា ក្នុងពេល​កិច្ចប្រជុំ​ណា​តូ​នៅ​វ៉ា​សូវី ក្នុង​ខែកក្កដា​ខាងមុខ​។ ការពង្រឹង​កម្លាំង​ការពារ និង​កម្លាំងយោធា នឹង​ជា​ចំណុច​ស្នូល​នៃ​ការពិភាក្សា​របស់​មេដឹកនាំ​បក្សសម្ព័ន្ធ​ណា​តូ ស្រប​ពេលដែល​ការប្រឈមមុខ​ជាមួយ​រុស្សី កំពុងតែ​កើនឡើង​។​
 
​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ណា​តូ ថ្ងៃទី​៣០ ខែឧសភា លោក Vershbow និយាយថា ជំនួប​កំពូល ធ្វើឡើង​នៅ​ចំពេល​វេលា​សំខាន់​របស់​សម្ព័ន្ធ​ណា​តូ នោះ​គឺ​ពេលដែល​សន្តិសុខ និង​តម្លៃ​របស់​ណា​តូ ប្រឈមមុខ​នឹង​ការ​ប្រជែង​ខ្លាំងក្លា​ពី​ខាងកើត និង​ខាងត្បូង​។ លោក​រំពឹង​ដែរ​ថា មេដឹកនាំ​ដែល​នឹង​ប្រជុំគ្នា​ក្នុង​ក្រុង​វ៉ា​សូវី នឹង​ឯកភាពគ្នា​លើ​ការពង្រឹង​វត្ត​មាននៅ​ភាគ​ខាងកើត ដោយ​រួមទាំង​ការបញ្ជូន​អង្គភាព​យោធា ពី​សំណាក់​អឺរ៉ុប និង​អាមេរិក​ខាងជើង​។​
 
​លើសពីនេះទៅទៀត អគ្គលេខាធិការរង​រូបនេះ ក៏​សង្កត់ធ្ងន់​ដែរ​ថា ណា​តូប​ន្ត​ពង្រឹង​ស្ថិរភាព​នៅ​ផុត​ព្រំដែន​របស់​ខ្លូន តាមរយៈ​ការធ្វើការ​ជាមួយ​ដៃគូ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​របស់​ប្រទេស​ទាំងនោះ​។ ជាមួយនឹង​អបអរ​អាល់​បា​នី ចំពោះ​ខួប​៧​ឆ្នាំ នៃ​ការចូល​ជា​សមាជិក​ណា​តូ លោក Alexander Vershbow ក៏​បញ្ជាក់ដែរថា ទ្វារ​របស់​ណា​តូ នឹង​នៅតែ​បើក​ចំពោះ​ម៉ុង​តេ​ណេ​ក្រូ ដែល​ចង់​ចូល​ណា​តូ​ដែរនោះ​។
 
​ទាក់ទង​នឹង​ការសុំ​ចូល​ជា​សមាជិក​របស់​ម៉ុង​តេ​ណេ​ក្រូ កាលពីដើម​ខែឧសភា រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ចូល​ជា​សមាជិក​របស់​ប្រទេស​នេះ​រួចហើយ​។ ដំណាក់កាល​បន្ទាប់ គឺ​រង់ចាំ​ការសម្រេច​ពី​សភា​អឺរ៉ុប​។ នៅពេលដែល​សភា​អឺរ៉ុប​អនុម័ត​រួចរាល់​លើ​ពិធីសារ​នេះ ម៉ុង​តេ​ណេ​ក្រូ នឹង​ក្លាយជា​សមាជិក​ថ្មី​បំផុត​នៃ​សម្ព័ន្ធ​យោធា​នេះ​។
 
​បញ្ហា​នេះ​ធ្វើ​ឲ្យ​រុស្សី មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ ដោយ​អះអាងថា ណា​តូ​កំពុងតែ​ពង្រីក​ឥទ្ធិពល ដើម្បី​ហ៊ុមព័ទ្ធ​ខ្លួន និង​ចាត់ទុក​ការពង្រាយ​កម្លាំង​មក​តំបន់​អឺរ៉ុប​ខាងកើត​ថា ជា​គំរាមកំហែង​ដល់​សន្តិសុខ​ខ្លួន​ទៀតផង​។ ជាមួយ​ការ​គំរាម​នេះ រុស្សី​ក៏​ប្រកាស​ឆ្លើយតប​ផងដែរ ដោយបាន​បង្កើត​កងឯកភាព​ថ្មី​មួយចំនួន សម្រាប់​ទប់ទល់​នឹង ស្ថានភាព​ដែល​កំពុងតែ​ក្ដៅ​បែបនេះ​៕

Tag:
 ​ណា​តូ​
 ​ ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com