អន្តរជាតិ
ចិន​កាត់ទោស​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ជាប់គុក​១​ជីវិត​ព្រោះ​ពុករលួយ​
26, Jul 2016 , 8:59 pm        
រូបភាព
​អតីត​អនុប្រធាន​គណកម្មការ​មជ្ឈិម​យោធា​ចិន​លោក Guo Boxiong ត្រូវបាន​តុលាការយោធា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត  ដោយ​ជាប់​ពាក់ព័ន្ធ​អំពើ​ស៊ីសំណូកសូកប៉ាន់​។ រដ្ឋអាជ្ញា​ចិន​បានបង្ហាញ​ភ័ស្តុតាង​ថា កន្លងមក​ក្រុមគ្រួសារ និង​លោក Guo Boxiong បានទទួល​ប្រយោជន៍​ពី​ការ​សូកប៉ាន់​ជា​ថ្នូរ​ជាមួយ​ការជួយ​រៀបចំ​ដំឡើង​មុខងារ​និង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​យោធា​។​



​លោក Guo Boxiong  ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ចូលនិវត្តន៍​និង​អនុប្រធាន​គណកម្មការ​មជ្ឈិម​យោធា​ចិន​ដឹកនាំ​ដោយ​លោក ស៊ី ជីន​ពីង  ត្រូវបាន​តុលាការយោធា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​និង​ទទួល​សំណូក​។ ដើមឡើយ គេ​រំពឹងថា សំណុំរឿង​លោក Gou ត្រូវ​តុលាការ​ជំនុំជម្រះ​តាំងពី​ខែមីនា​ឆ្នាំមុន​ម្ល៉េះ ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​លើក​ពេល​វិញ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក Guo Boxiong ត្រូវបាន​ចាប់ខ្លួន​, បក​ស័ក្តិ និង​បណ្តេញ​ចេញពី​បក្ស មុននឹង​ត្រូវគេ​បញ្ជូនទៅ​សួរចម្លើយ​និង​កាត់ទោស​។ ភ្លាមៗ​ក្រោយ​កាត់ទោស ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ខាងលើ បាន​បញ្ចេញ​សំណុំ​រឿងនេះ​និង​បង្ហាញ​ពីបទ​ចោទ​ប្រឆាំង​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​នេះ​ជា​សាធារណ​តែម្តង​។

​តុលាការ​បាន​រកឃើញ​ថា លោក Guo Boxiong ដែលមាន​វ័យ ៧៤​ឆ្នាំ​ទៅហើយ​នោះបាន​ប្រើប្រាស់​មុខតំណែង​របស់​ខ្លួន​ដើម្បី​ទាញយក​ប្រយោជន៍​និង​លាភសក្ការៈ​នានា​ដែល​មិន​ស្របតាម​ច្បាប់​។ លោក​និង​ក្រុមគ្រួសារ​បានទទួល​យក​សំណូក​ពី​មន្ត្រី​ដើម្បី​ជា​ថ្នូរ​ជាមួយ​ការជួយ​ផ្ទេរ​មុខងារ​, ភារកិច្ច ក៏​ដូច​តែងតាំង ឬ​ដំឡើង​ឋានន្តរស័ក្តិ​ផងដែរ​។ ចំណែក លោក Guo Boxiong បាន​សារភាពថា លោក​ពិតជា​បានទទួល​សំណូក​ពិតប្រាកដ​មែន​។​

​បើតាម​សារព័ត៌មាន South China Moing Post ប្រភព​ខាង​យោធា​មិន​បង្ហាញ​អត្តសញ្ញាណ​មួយ​បាន​បញ្ជាក់ថា អតីត​ឧ​ត្ត​ម​សេនីយ៍​ខាងលើនេះ​បានទទួល​សំណូក​ក្នុង​ទំហំ​ទឹក​ប្រកាស់​ប្រហែល ៨០​លាន​យន់ ដែល​ប្រហាក់ប្រហែល ១២, ៣​​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​ក្រៅពី​លោក Gou Boxiong ផ្ទាល់ កូនប្រុស​របស់លោក គឺ​ឧ​ត្ត​ម​សេនីយ​ទោ Guo Zhenggang ក៏​ត្រូវគេ​ឃុំខ្លួន​និង​ស្ថិតក្រោម​ការស៊ើបអង្កេត​ក្នុងករណី​ពុករលួយ និង​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ​មួយចំនួន​ផង​។

​និយាយ​ទៅ​លោក Gou Boxiong ជា​មន្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​មន្ត្រី​យោធា​ជាន់ខ្ពស់​និង​មានអំណាច​បំផុត​របស់​ចិន ដែល​រងគ្រោះ​ដោយសារ​យុទ្ធសាស្ត្រ​កណ្តាប់ដៃ​ដែក​ប្រឆាំង​អំពើពុករលួយ​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​។ តាំងពី​ឡើងកាន់តំណែង​មក លោក ស៊ី ជិន​ពីង​ប្រឹងប្រែង​កែទម្រង់​វិស័យ​យោធា និង​ធ្វើយ៉ាងណា​បោសសម្អាត​អំពើពុករលួយ​ដែល​ចាក់​រឹង​ជ្រៅ​ក្នុង​ស្ថាប័ន​ប្រដាប់អាវុធ​ដ៏​សំខាន់​របស់​ចិន​នេះ​។ លោក​ជឿជាក់ថា កាលណា​បើ​ទាហាន​និង​កងកម្លាំងប្រដាប់អាវុធ​មិន​ស្អាតស្អំ​ទេ យោធា​ចិន​មិនអាច​ខ្លាំងក្លា​ទៅ​កើត​ឡើយ​៕


Tag:
 Guo Boxiong
  ស៊ី ជិន​ពីង​
  គណកម្មការ​មជ្ឈិម​យោធា​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com