អន្តរជាតិ
អាមេរិក សន្យា​ការពារ​«​ជប៉ុន​និង​កូរ៉េខាងត្បូង​»​ពី​ការ​គំរាម​ពី​កូរ៉េខាងជើង ទោះ​ត្រូវ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ
17, Feb 2017 , 11:04 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងរដ្ឋមន្ត្រីការបរទេស G20 នៅក្នុងអាល្លឺម៉ង់ (រូបភាព៖ Xinhua)
រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងរដ្ឋមន្ត្រីការបរទេស G20 នៅក្នុងអាល្លឺម៉ង់ (រូបភាព៖ Xinhua)
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson នៅ​ថ្ងៃទី​១៦ កុម្ភៈ​ម្សិលមិញ បាន​សន្យាថា ក្រុង​វ៉ាស៊ីនតោន នឹង​ប្រើប្រាស់​កាំភ្លើង​ធំ ដែល​រាប់បញ្ចូល​ទាំង​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ជប៉ុន និង​កូរ៉េខាងត្បូង​ពី​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ក្នុងករណី​ដែល​ចាំបាច់​បំផុត​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ជា​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្នុង​រដ្ឋបាល​អាមេរិក គ្រប់គ្រង​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។



«​សហរដ្ឋអាមេរិក នៅតែ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ការពារជាតិ​សម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ការប្តេជ្ញាចិត្ត​នោះ រាប់បញ្ចូល​ទាំង​ការផ្តល់​ការការពារ​តាមរយៈ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ និង​សមត្ថភាព​យោធា​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី លោក Rex Tillerson ក្នុ​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​នឹង​សម​ភាគី​កូរ៉េខាងត្បូង Yun Byung-se និង​សម​ភាគី​ជប៉ុន Fumio Kishida ។

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ត្រីភាគី​នោះដែរ ប្រមុខ​ការទូត​ទាំងបី បាន​ថ្កោលទោស និង​ពណ៌នា​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​ថា​ជា​សកម្មភាព​ដ៏​ថោកទាប​មួយ ដែល​បាន​ល្មើស​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ជាងនេះទៅទៀត​នោះ ប្រមុខ​ការទូត​ទាំងបី សន្យា​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ឲ្យ​កូរ៉េខាងជើង​ដឹងថា ការបំពាន​ផ្សេងៗ​ទៀត​នឹងត្រូវ​ប្រឈម​ជាមួយនឹង​វិធានការ​អន្តរជាតិ​កាន់តែខ្លាំង ហើយ ក៏បាន​ទាមទារ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផងដែរ​។

​សេច​ថ្លែងការណ៍​របស់​សម្ព័ន្ធមិត្ត​ទាំងបី​នេះ ធ្វើឡើង​បន្ទាប់ពី កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៧​ដែល​ក្រុង​ព្យុងយ៉ាង​អះអាងថា មី​ស៊ី​ល​នោះ អាចមាន​សមត្ថភាព​បំពាក់​គ្រាប់បែកនុយក្លេអ៊ែរ​បាន​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ កុម្ភៈ​កន្លងទៅ កូរ៉េខាងជើង​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។  បើតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មី​ស៊ី​ល​ដែល​បាញ់​នោះ ជា​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ស៊េរី​ថ្មី Pukguksong-2 ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ មី​ស៊ី​ល​នេះ ត្រូវបាន​អភិវឌ្ឍ​ចេញពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក ដែល​ធ្លាប់​ជោគជ័យ​ក្នុងការ​សាកល្បង​កាលពី​ខែសីហា ឆ្នាំ​២០១៦​។​

​នៅ​ដើមខែ​កុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Jame Mattis ក៏​ធ្លាប់​ថ្លែងការណ៍​ស្រដៀង​ទៅនឹង​រដ្ឋមន្ត្រីការបរទេស​នេះដែរ ក្នុងពេល លោក បំពេញ​ទស្សនកិច្ច​ទៅកាន់​ជប៉ុន និង​កូរ៉េខាងត្បូង​។ ក្នុងពេល​នោះដែរ ប្រមុខ​ការពារជាតិ​អាមេរិក ថែមទាំង​សន្យា​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ការបំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​ឲ្យ​ទាល់តែ​បាន​ផងដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com