Bastian Schweinsteiger ខ្សែបម្រើថ្មីនៃក្លិប Chicago Fire នៃក្របខណ្ឌ Major League Soccer (MLS) របស់អាមេរិកមានអារម្មណ៍ភាំងយ៉ាងខ្លាំងនាសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទីពុធកន្លងមក ដោយអ្នកសារ ព័ត៌ មានម្នាក់ បានសួរថា តើរូបគេអាចជួយឲ្យក្លិប Chicago Fire ឈ្នះពាន World Cup ដូចជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែរយ៉ាងណា។
អតីតកីឡាករឆ្នើមនៃក្លិប Bayern Munich និង Manchester United មានការស្រពិចស្រពិលយ៉ាងខ្លាំងចំពោះសំណួរអ្នកសារព័ត៌មានម្នាក់ ដែលបែងចែកមិនច្បាស់ទាក់ទងនឹងការប្រកួតរបស់ក្លិប និងក្រុមជម្រើសជាតិ។ នៅពេលដែលមានសំណួរ ថា តើរូបគេអាចនាំ Chicago Fire ឈ្នះ FIFA World Cup ដែរឬទេ? Schweinsteiger មិនបានឆ្លើយភ្លាមៗឡើយ គេបានងាកសួរសហការីបន្ថែម បន្ទាប់មកមានសហការីម្នាក់និយាយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា World Cup គឺសម្រាប់ក្រុមជម្រើសជាតិ មិនមែនក្លិបនោះឡើយ។
បន្ទាប់ពីគិតមួយសន្ទុះ អ្នកយកព័ត៌មានបានបង្វែរសំណួរ ដោយដូរពី World Cup ទៅ MLS Cup វិញ។ ទាក់ទងនឹងបញ្ហានេះ អតីតខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់វ័យ ៣២ឆ្នាំ មិនទាន់ហ៊ានអះអាងថា នឹងឈ្នះពានរង្វាន់ណាមួយសម្រាប់ Chicago Fire នោះឡើយ។
Schweinsteiger គឺជាសមាជិកម្នាក់នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលបានឈ្នះ World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល ហើយបានលេខ៣នៅឆ្នាំ២០០៦ និងឆ្នាំ២០១០។ ជាមួយក្លិប Bayern Munich គេបានឈ្នះពាន Bundesliga ៨លើក និង UEFA Champions League ១លើក៕