ជាតិ
អ្នកក្រុង​សៀមរាប​បារម្ភ​ពី​សុវត្ថិភាព​ពេល​សកម្មភាព​ចោរឆក់​ងើបឡើង
18, Oct 2017 , 7:39 pm        
រូបភាព
«ស្នងការដ្ឋាននគរបាលខេត្តសៀមរាប»
«ស្នងការដ្ឋាននគរបាលខេត្តសៀមរាប»
​សៀមរាប​៖ សកម្មភាព​ឆក់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ហាក់​កក្រើក​នា​រយៈពេល​ចុងក្រោយ​នេះ​។ ប្រជាពលរដ្ឋ បាន​សម្តែង​ការបារម្ភ​ចំពោះ​សុវត្ថិភាព​នៅតាម​ទីសាធារណ អំឡុងពេល​ធ្វើដំណើរ ដូចជា​ដើរ និង​ជិះ​ម៉ូតូ ដោយ​ក្រុមចោរ​បានធ្វើ​សកម្មភាព ឆក់​កាបូប និង​ទូរ​សព្ទ​ដៃ​។​ល​។​



​ការលិចចេញ​សកម្មភាព​ឆក់​ទាំងនោះ មិន​ថា​ពេល​ថ្ងៃ ឬ​យប់​ឡើយ​។ ក្រុមចោរ ដែល​ភាគច្រើន​ជា​ក្មេងស្ទាវៗ តែង​ធ្វើ​សកម្មភាព​ភ្លាមៗ ពេល​ឳ​កាស​ហុច​ឱ្យ ឬ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ដោយ​ការធ្វេសប្រហែស​ជាដើម​។

​ជនរងគ្រោះ​ដែល​ធ្លាប់​ជួប​ហេតុការណ៍​ឆក់​នេះ បានឱ្យដឹងថា ក្រុមចោរ​ជា​ក្មេងស្ទាវ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប នៅ​ម៉ោង​ប្រមាណ ៨​យប់ នៅ​ជិត​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។ សកម្មភាព​ឆក់​មិនបាន​សម្រេច ធ្វើឱ្យ​កញ្ញា រ័ត្ន ស្លន់ស្លោ​ជាខ្លាំង និង​រអា​ពេល​ជិះ​ទៅ​ក្រៅ​ម្តងៗ​។ នាង​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖« ធ្លាប់​ឮ​មិត្តភក្តិ និយាយ​ពី​ចោរឆក់​ក្នុង​ក្រុង​នេះដែរ តែ​មិនដែល​ជួប ទើបតែ​ជួប​ផ្ទាល់ ពិតជា​ខ្លាច និង​ស្ល​ត់​ណាស់​។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ជិត​កៀកៗ ខ្ញុំ​ស្មានតែ​គេ​ជិះ​តាមផ្លូវ​ធម្មតា ភ្លាមនោះ ពួកចោរ​ទាញ​កាបូប​ដែល​ខ្ញុំ​កំពុង​ស្ពាយ ជាប់​ខ្លួន​យ៉ាងខ្លាំង តែ​សំណាង វា​ទាញ​អត់​បាន ដោយសារ​រអិល​នឹង​អាវ​ភ្លៀង​ដែល​ខ្ញុំ​ពាក់ ហើយ​ម៉ូតូ​ខ្ញុំ​មិនបាន​ដួល​»​។​

​ស្នងការរង​ខេត្តសៀមរាប​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ភឹង ចិន្តា​រ៉េត ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា​ថា សកម្មភាព​ឆក់​មាន​តិចតួច​នៅក្នុង​ក្រុង​សៀមរាប​។ លោក​បន្តថា ក្នុង​របាយការណ៍ រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​ករណី​ឆក់​ចំនួន ៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឆក់​ភ្ញៀវទេសចរ​មួយ​ករណី ដោយ​បង្ក្រាបបាន​ចំនួន​៣​ករណី​។​

​លោក​ស្នងការរង ភឹង ចិន្តា​រ៉េត បាន​ប្រាប់​ពី​មូល​ហេតុដែល​ធ្វើឱ្យ​កើតមាន​ករណី​ឆក់ យ៉ាង​ដូច្នេះ​ថា​៖« មុខសញ្ញា​ឆក់ ដែល​យើង​ធ្លាប់​ដឹង​ពីមុនមក ទី​១ ជា​ក្មេង​មកពី​បណ្តា​ស្រុក មក​ជួល​បន្ទប់ ហើយ​ពួក​ហ្នឹង ច្រើន​ផ្ទុក​សារធាតុ​ញៀន​។ ទី​២ មិន​ប្រើប្រាស់​ថ្នាំញៀន​ទេ តែមាន​ស្រី​ស្នេហ៍​នៅ​ជាមួយ អត់លុយ​បង់ថ្លៃ​បន្ទប់ ក៏​ចេញ​ឆក់​ទៅ​»​។ យ៉ាងណាក៏ដោយ លោក ភឹង ចិន្តា​រ៉េត បញ្ជាក់ថា លោក​នឹង​ក្រុមការងារ​កំពុង​យកចិត្តទុកដាក់ សំដៅ​យ៉ាងណា​តាម​ចាប់​មុខសញ្ញា​ឆក់​ក្នុង​ក្រុង​សៀមរាប​ឱ្យអស់ ដើម្បី​រក្សា​សុ​វ​តិ្ថ​ភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​។​

​ដូច​ទៅនឹង​បណ្តា​ខេត្ត​ផ្សេងទៀត​ដែរ គ្រឿងញៀន​បាននិងកំពុង​ជ្រៀតជ្រែក​ចូលក្នុង​ក្រុង​សៀម​រាម​។ អ្នកប្រើប្រាស់​ទាំងនោះ ខ្លះ​មាន​វ័យ​កណ្តាល និង​មួយចំនួនធំ មាន​អាយុ​ក្រោម​២៥​ឆ្នាំ​។ គេ​តែង​សង្កេតឃើញ​ញឹកញាប់​ចំពោះ​អ្នក​ដែល​បែក​ថ្នាំ គឺ​តែង​ដើរ​ស្រែ​កនៅ តាម​ដងផ្លូវ ខ្លះ​មាន​សតិ​មិន​គ្រប់​ជាដើម​។​ល​។​

​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បានឱ្យដឹងថា បញ្ហា​នេះ​គឺមាន​ការយកចិត្តទុកដាក់ ដោយ​អាជ្ញាធរ​តែង​សហការ​នៅតាម​សង្កាត់​មួយៗ ដើម្បី​ចុះ​ផ្សព្វផ្សាយ​គោលការណ៍​ភូមិ​ឃុំ សុវត្ថិភាព​។ លោក សូរ ប្លា​តុង ពន្យល់ថា បញ្ហា​គ្រឿងញៀន​នេះ​មិនមែន​កើត​មានតែ​នៅក្នុង​ក្រុង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏មាន​ច្រើន​ដែរ​នៅតាម​ជាយៗ​ក្រុង ហើយ​ពួកគេ (​អ្នកញៀន​ថ្នាំ​) តែង​ធ្វើ សកម្មភាព​ឆក់ និង​កាច់​កញ្ចក់​ឡាន​ជាដើម​៕


Tag:
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com