អន្តរជាតិ
UN ៖ ការបំពាន​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​មាន​គ្រប់​រូបភាព ខណៈ​ស្ថានភាព​សន្តិសុខ​កាន់តែ​តានតឹង
12, Dec 2017 , 10:39 pm        
រូបភាព
រូបភាព៖ UN
រូបភាព៖ UN
ដោយ:
​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា ស្ថានភាព​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​កាន់តែ​អាក្រក់​ខ្លាំង​។ ប្រមុខ​សិទ្ធិមនុស្ស ក៏បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​បែង​ចែកគ្នា​ឲ្យ​ច្បាស់​ពី​ភាព​តានតឹង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង ដើម្បី​ឈានទៅ​ដាក់ចេញ​ចំណាត់ការ​សមស្រប​ប្រឆាំង​រដ្ឋាភិបាល​កូរ៉េខាងជើង ។



​លោក ហ្សេ​ដ រ៉ា​អាដ អាល ហូ​ស​សេន (Zeid Ra'ad Al Hussein) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃ​១១ ធ្នូ បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ថា លោក ពិតជា​សោកស្តាយ​ដែល​ការបំពាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាន់តែ​អាក្រក់​ខ្លាំង​។ វា​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងជើង​ជាង​២៥​លាន​នាក់​រង​ការប៉ះពាល់ ខណៈ​ស្ថានភាព​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ក៏​កាន់តែ​តានតឹង​នោះ ។

​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ នា​វេទិកា​ជាមួយនឹង​ក្រុមប្រឹក្សាសន្តិសុខ​ដដែល​នោះ លោក​ឧ​ត្ត​ម​ស្នងការ​ខាងលើ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​កូរ៉េខាងជើង​ដែល​បាន​រត់គេច​ពី​ប្រទេស​ខ្លួន​នោះ បាន​រាយការណ៍​ប្រាប់​មន្ត្រី​លោក​ថា ការបំពាន​សិទ្ធិមនុស្ស​មាន​គ្រប់​រូបភាព​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទីនោះ ។

​ការបំពាន​ទាំងនោះ​រួមមាន ការធ្វើ​ទារុណកម្ម​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង ដែលជា​ទីកន្លែង សាកសួរ​ព័ត៌មាន និង​ចម្លើយសារភាព​ប្រជាជន​ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ផែនការ​ចាក​ចេញពី​ប្រទេស ឬ​មាន​ទំនាក់ទំនង​ជាមួយនឹង​ពិភព​ខាងក្រៅ ។ អ្នក​ត្រូវបាន​ឃុំឃាំង​ទាំងនោះ ក៏ត្រូវ​បានដាក់​ឲ្យ​ធ្វើការ​នៅ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​លក្ខខណ្ឌ​ដែល​លំបាក​វេទនា​ទៀតផង ។
 
​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​បន្តទៀត ប្រជាជន​កូរ៉េខាងជើង ក៏​រង​ការបំពាន​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ផងដែរ ដោយ​ក្នុងនោះ ពួកគេ​ត្រូវ​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង និង​អំពើពុករលួយ ដែល​បង្ខំ​ឲ្យ​ពួកគេ ត្រូវ​បង់លុយ​ដើម្បី​អាច​ឲ្យ​កូន​របស់​ពួកគេ​ទទួលបាន​ការអប់រំ និង​ទទួលបាន​សេវា​សុខភាព​ជាដើម ។

​ដោយ​ឃើញ​ពី​ស្ថានភាព​អាក្រក់​ក្នុងការ​រស់នៅ​នេះ លោក​ប្រមុខ​សិទ្ធិមនុស្ស បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពិនិត្យ និង​វាយតម្លៃ​លើ​ផលប៉ះពាល់​លើ​សិទ្ធិមនុស្ស​ដោយសារ​ការ​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ធានា​ឲ្យ​បាន​ពី​ផលប៉ះពាល់​អប្បបរមា​នៃ​ចំណាត់​ការប្រឆាំង​កូរ៉េខាងជើង​ជាមួយនឹង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​កូរ៉េខាងជើង ។ សម្រាប់​លោក ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក បាន​ប៉ះពាល់​ខ្លាំង​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ប្រមាណ​ជាង​១៣​លាន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ៕


Tag:
 UN
  សិ​ទិ្ធ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com