ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ស្រី​ឈឺ​សុដន់​ជា​ញឹកញាប់​ដោយសារតែ​មូលហេតុ​ទាំងនេះ​
03, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​គឺមាន​លក្ខណៈ​ដូចៗ​គ្នា​ស្ទើរតែ​ទាំងអស់​នៅពេល​មាន​អារម្មណ៍​ឈឺចាប់ ជាពិសេស​ការឈឺចាប់​ខ្លាំង​នៅ​សុដន់​ដែល​បង្ក​ការលំបាក​ដល់​ពួកគេ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​។ គ្មាន​អាវទ្រនាប់ ថ្នាំ ឬ​របៀប​គេង​ណាស់​ដែល​ស្រួល​ដើម្បី​បន្ថយ​ការឈឺចាប់​ឡើយ​។ ប៉ុន្តែ​តើ​វា​អាចមាន​អ្វីមួយ​ដែល​អ្នក​គួរ​បារម្ភ​ដែរ​ទេ​?



​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​គ្រប់រូប​មានការ​ឈឺចាប់​នៅ​សុដន់​៖

​ស្ថិតក្នុង​ស្ថានភាព​ត្រៀម​មក​រដូវ
​ការត្រៀម​មក​រដូវ​នឹងធ្វើ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍មិនល្អ ឈឺចាប់​បែប​រមួលៗ​ក្នុង​ពោះ និង​ឈឺ​សុដន់​។ ការឈឺចាប់​ជាប់ទាក់ទង​នឹង​ភាព​តឹងៗ​ក្នុង​សុដន់ ហើយក៏​ច្រើនតែ​កើតឡើង​នៅ​ពាក់កណ្តាល​ចុងក្រោយ​នៃ​វដ្ត​រដូវ​ដែរ​។ ការឈឺចាប់​នេះ​ច្រើនតែ​ឈឺ​បែប​ងំ និង​អាចមាន​បាត់ៗ​។ នៅពេលនេះ អ្នក​អាចមាន​អារម្មណ៍​ថា សុដន់​គឺ​រឹង​ខ្លាំង​។ រឿងនេះ​កើតឡើង​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​សុដន់​ស្ត្រី​ហើម​តឹង​បែបនេះ​។​

​មិន​មានការ​ទ្រទ្រង់​គ្រប់គ្រាន់​

​បើសិនជា​អ្នកមាន​សុដន់​ដែល​ធំ ដូច្នេះ​អាវទ្រនាប់​ប្រហែលជា​មិនអាច​ផ្តល់​ការ​ទ្រទ្រង់​គ្រប់គ្រាន់​ឡើយ​។ រឿងនេះ​ភាគច្រើន​បណ្តាលមកពី​ទម្ងន់​របស់​សុដន់​ធ្វើ​ឲ្យ​យារ​ដល់​សារស​សៃ​ចង និង​ជាលិកា​ក្នុង​សុដន់ និង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​។ ការឈឺចាប់​នេះ​មិន​ត្រឹមតែ​កើត​ឡើងលើ​សុដន់​ទេ វា​ក៏​អាចធ្វើ​ឲ្យ​ឈឺ​ដល់ក និង​ខ្នង​ទៀតផង​។ យក​ល្អ​គួរតែ​ស្វែងរក​អាវទ្រនាប់​ណា​ដែលមាន​ទំហំ​ត្រូវ​នឹង​ប្រភេទ​សុដន់​របស់​អ្នកផង​។

​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
​បើសិនជា​អ្នក​ចូលចិត្ត​ហាត់ប្រាណ មានន័យថា​អ្នក​កំពុងតែ​ធ្វើ​ឲ្យ​ខ្លួនឯង​មានការ​លំបាក​បន្តិច​ហើយ​។ ការលើក​ទម្ងន់​នឹងធ្វើ​ឲ្យ​គ្រិច​ដល់​សាច់ដុំ​នៅ​ទ្រូង ដែល​ស្ថិតនៅ​ជិត​នឹង​សុដន់​។ រាល់​ការឈឺចាប់​នៅ​សាច់ដុំ​មួយ​នេះ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ជាការ​ឈឺ​នៅ​សុដន់​ហើយ​។ ការសិក្សា​បានបង្ហាញ​ថា ការដែល​ហាត់ប្រាណ​ច្រើនពេក និង​រត់​កីឡា​ក៏​អាចធ្វើ​ឲ្យ​ឈឺចាប់​នៅ​សុដន់​បានដែរ​។

​មាន​ជំងឺ Fibrocystic Breast Disease
​បើសិនជា​អ្នក​ធ្លាប់​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺ Fibrocystic Breast Disease កុំ​បាច់​ភ្ញាក់ផ្អើល​ខ្លាំង​អី​នៅពេល​ចាប់ផ្តើម​ឈឺចាប់​ក្នុង​សុដន់ ជាពិសេស​ពេល​ជិត​មក​រដូវ​។ ថ្វីបើ​មូលហេតុ​នៃ​ជំងឺ​នេះ​មិនទាន់​ដឹង​នៅឡើយ តែ​បម្រែបម្រួល​អ័រម៉ូន​គឺជា​ដើម​ហេតុដែល​គេ​សង្ស័យ​បំផុត​។ ករណី​ជំងឺ​បែបនេះ អ្នក​នឹងមាន​អារម្មណ៍​ថា ដូច​មាន​ដុំ​សាច់​អ្វីមួយ​ក្នុង​សុដន់ ដែល​ធ្វើ​ចលនា​ចុះឡើង​នៅពេល​អ្នក​ប៉ះពាល់​វា​។ ការឈឺចាប់​នៅ​សុដន់​អាច​នឹង​កាន់តែខ្លាំង​ទៅៗ​នៅពេល​ជិត​ដល់​ថ្ងៃ​មក​រដូវ​។​

​មានការ​បង្ក​រោគ​
​ខណៈពេលដែល​វា​មិនមែនជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់ តែ​ការបង្ក​រោគ​នៅ​សុដន់​ក៏​អាចធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​ដែរ​។ ការបង្ក​រោគ​នេះ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​បំបៅ​ដោះ​កូន​។ វា​អាច​បង្កឡើង​ដោយសារ​ការស្ទះ​បំពង់​ទឹកដោះ ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​។ វា​ក៏​អាច​បង្កឡើង​ដោយសារតែ​ការចេញ​ទឹកដោះ​ច្រើនពេក និង​ការ​រលាក​ផងដែរ​។ ការបង្ក​រោគ​បែបនេះ​ក៏​អាច​បង្កឡើង​ដោយ​ការ​ប្រេះ​បែក​របស់​ក្បាល​សុដន់ ដែល​នាំ​ឲ្យ​បាក់តេរី​ងាយ​នឹង​ជ្រៀតចូល​បង្ក​រោគ​ណាស់​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
​ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឲ្យ​អាកា​រៈ​មុនពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ឈឺ​សុដន់​កាន់តែខ្លាំង​។ ការសិក្សា​បានបង្ហាញ​ថា អ្នកជំងឺ​ដែលមាន​ជំងឺ Fibrocystic Breast Disease ដែល​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ឃើញថា មានការ​ថយចុះ​ការឈឺចាប់​នៅ​សុដន់​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ ចូរ​ព្យាយាម និង​ផ្លាស់ប្តូ​រកា​រញ៉ាំ​កាហ្វេ​ជាមួយនឹង​ទឹក​ផ្លែឈើ ឬ​ទឹកសាប​ធម្មតា​ជំនួស​វិញ​បើសិនជា​អ្នក​កំពុងតែ​ឈឺ​សុដន់​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com