ជាតិ
អាជ្ញាធរ​អប្សរា​បោះ​ព្រំដី​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ​ដើម្បី​បែងចែក​ឲ្យ​ដាច់​ដី​រដ្ឋ និង​ឯកជន​
10, Jan 2018 , 4:48 pm        
រូបភាព
«លោកស្រី លី អ៊ុអេង ពេលក្រុមការងារចុះដាំបង្គោលព្រំដី»
«លោកស្រី លី អ៊ុអេង ពេលក្រុមការងារចុះដាំបង្គោលព្រំដី»
​សៀមរាប​៖ គណៈកម្មការ​ចម្រុះ ដែលមាន​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​ខេត្តសៀមរាប បាន​ចុះ​ដាំ​បង្គោល​កំណត់​ព្រំដី​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ការចុះ​ដាំ​បង្គោល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​មួយ បាន​ចាក់ដី​រំលោភ​លើដី​រដ្ឋ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។



​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា គណៈកម្មការ​ចម្រុះ រួមមាន​អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ​រៀបចំ​ដែនដី  និង​សូ​រិ​យោ​ដី​ខេត្ត រួម​និង​កងកម្លាំង​ចម្រុះ បាន​ចុះ​ធ្វើ​សកម្មភាព ដាំ​បង្គោល​កំណត់​ព្រំដី ក្រោយ​ក្រុមហ៊ុន​របស់លោក​ស្រី លី អ៊ុំ​អេង បាន​អភិវឌ្ឍ និង​ចាក់ដី​បំពេញ​លើដី​រដ្ឋ​។ តាម​ការបញ្ជាក់​ពី​មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្ទៃដី​ដែល​ត្រូវបាន​រំលោភ​នោះ មាន​ទំហំ​ប្រមាណ ជិត​២​ហិកតា​។​



​លោក ភុំ ប៊ុន​ផាន់ មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការចុះ​ដាំ​បង្គោល​កំណត់​ព្រំដី​នេះ គឺ​ដើម្បី​បែងចែក​ឲ្យ​ដាច់​រវាង​ដី​កម្មសិទ្ធិឯកជន និង​ដី​រដ្ឋ ចៀសវាង​ទំនាស់​ទៅ​ថ្ងៃក្រោយ​។ លោក​បញ្ជាក់ថា លោកស្រី លី អ៊ុំ​អេង បាន​អភិវឌ្ឍ​លើដី​ផ្ទាល់ខ្លួន ដោយបាន​ចាក់ដី​បំពេញ ដោយ​ទាំង​ដី​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ថែមទៀត​។​

​តាម​លោក​មេធាវី លោក​នៅ​មិនទាន់​អាច​កំណត់​ផ្ទៃដី​ដែល​ត្រូវគេ​ចាក់​រំលោភ​បាន​នៅឡើយ តែ​លោក​អះអាងថា មាន​ទំហំ​ប្រហាក់ប្រហែល​ជិត​២​ហិកតា​។​



​នៅពេល​ក្រុមការងារ​ចម្រុះ​កំពុង​ដាំ​បង្គោល​នោះដែរ ភ្លាមៗ​លោកស្រី លី អ៊ុំ​អេង ក៏បាន​មកដល់​កន្លែង​កើតហេតុ ដោយ​កាន់​ឯកសារ និង​បាន​អះអាងថា ជា​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ របស់លោក​ស្រី​។ លោកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រោង​នឹង​ប្តឹងទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ព្រោះថា អាជ្ញាធរ​ជាតិ​អប្សរា មិន​ព្រម​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ ១៥៨ ដែល​រាជរដ្ឋាភិបាល​សម្រេចកា​ត់​ដី​បុរី​សណ្ឋាគារ ទៅ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​វិញ​។​

​តាម​អនុក្រឹត្យ​លេខ ១៥៨ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦  រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ដី​បុរី​សណ្ឋាគារ ប្រគល់ឱ្យ​ប្រជាពលរដ្ឋ​វិញ​។ ប៉ុន្តែ​មាត្រា​២ នៃ​អនុក្រឹត្យ​បានចែង​ច្បាស់​ថា «​ការធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ ចំពោះ​ក្បាលដី​ទាំងឡាយណា ដែល​អាជ្ញាធរ​អប្សរា​មិនទាន់បាន​ដោះស្រាយ​គោលនយោបាយ ហើយ​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​»​។ ឯ​មាត្រា​៣ «​ប្រគល់ជូន​អាជ្ញាធរ​អប្សរា គ្រប់គ្រង​នូវ​ផ្ទៃដី​ទាំងឡាយណា ដែល​បាន​ដោះស្រាយ​គោលនយោបាយ​រួចហើយ​»​។​



​មេធាវី​លោក ភុំ ប៊ុន​ផាន់ បានឱ្យដឹង​ទៀតថា ភ្លាមៗ​អំឡុងពេល​លោកស្រី លី អ៊ុំ​អេង ចាក់ដី​បំពេញ​លើដី​អភិវឌ្ឍន៍​នៅ​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៧​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ទប់ស្កាត់​ដែរ ដោយមាន​ដាំ​បង្គោល បំណង​មិនឱ្យ​រថយន្ត​ដឹក​ដី​ចូល​ចាក់​បន្ត តែ​ត្រូវបាន​លោកស្រី លី អ៊ុំ​អេង ដក​បង្គោល​នោះ​ចោល​។​

​យ៉ាងណា សកម្មភាព​ដឹក​ដី​បាន​បន្តធ្វើ ក្រោយ​លោកស្រី លី អ៊ុំ​អេង បានដាក់​លិខិត​សុំ​អនុញ្ញាត​ទៅ​សាលាខេត្ត​សៀមរាប តែមាន​ភ្ជាប់​លក្ខខណ្ឌ​មុននឹង​អនុញ្ញាត គឺ​ការប្រើប្រាស់​ផ្លូវ​៦០​ម៉ែត្រ ត្រូវមាន​ស្នើសុំ​ទៅខាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុនសិន​។ ជាក់ស្តែង​មិន​ដូច្នោះ​ទេ លោកស្រី លី អ៊ុំ​អេង ថែមទាំង​ចាក់ដី ដោយ​ទាំង​ដី​រដ្ឋ​ទៀត​។ នេះ​ជាការ​ពន្យល់​របស់លោក​មេធាវី ភុំ ប៊ុន​ផាន់​។​



​តាម​ការបញ្ជាក់​របស់​លោក ភុំ ប៊ុន​ផាន់ ករណី​ដែល​លោកស្រី លី អ៊ុំ​អេង បន្ត​ដក​បង្គោល​កំណត់​ព្រំ ដែល​គណៈកម្មការ​ចម្រុះ​បាន និង​កំពុង​ធ្វើ​នេះ វា​ជា​បទល្មើស​ជាក់ស្តែង ហើយ​លោក​នឹងដាក់​ពាក្យបណ្តឹង​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕
 

Tag:
 អាជ្ញាធរ​អប្សរា​
  លី អ៊ុំ​អេង
© រក្សាសិទ្ធិដោយ thmeythmey.com