ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ ការបោះឆ្នោត​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​
18, Jan 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​សារជាថ្មី​ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ដំណើរការ​តាម​ការគ្រោងទុក​។ ប្រតិកម្ម​របស់​សម្តេច​គឺ​ដើម្បី​តបត​ទៅនឹង​អត្ថបទ​មួយ​របស់​ភ្នំពេញ​ប៉ុស្តិ៍ ។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ពី​ការរៀបចំ​ការបោះឆ្នោត​ទៅ​តាម​ពេលវេលា​ដែល​បានកំណត់​។  នា​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី មនុស្ស​វ័យចាស់​ឆ្នាំ​២0១៧-​ឆ្នាំ​២0៣0 នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ហើយ​ទោះ [​លះបង់​] ក្នុងតម្លៃ​ណាក៏ដោយ យើង​ត្រូវតែ​បោះឆ្នោត​ឲ្យ​ខាន​តែ​បាន​»​។

​ប្រសាសន៍​ផ្ទាល់​នេះ គឺ​បន្ថែម​លើ​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដែល​បាន​ប្រតិកម្ម​ទៅនឹង​អត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ក្រោម​ចំណងជើង​ថា​៖ «​លោកនាយក​រដ្ឋមន្ត្រី​ថា ការបោះឆ្នោត​អាចធ្វើ​មិ បើ​មានការ​ច្របូកច្របល់​»​។​

«​ការបោះ ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ថ្ងៃ​២៥​កុ​ម្ភះ ២០១៨ និង​ការបោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា​២០១៨ ដែល បានកំណត់​រួចហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​អ្នកកាសែត និង​អ្នកវិភាគ រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់​សម្តេច​ឲ្យ​បាន​ច្បាស់​។​
 
​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន ហាក់ដូចជា​ឆ្លើយតប​មិនផ្ទាល់​ទៅកាន់​លោក សម រង្ស៊ី ផងដែរ​។ កាលពី​ថ្ងៃទី​១៧ ខែមករា អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​នី​រទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ពី​បំណង​ចង់​ឲ្យ​មានការ​ពន្យា​ពេល​នៃ​ការបោះឆ្នោត​ដើម្បី​រង់ចាំ​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​មួយ​។​

​លោក សម រង្ស៊ី ថា លោក​នឹងដាក់​សំណើរ​ទៅ​សម្តេច ហ៊ុន សែន លើ​ករណីនេះ ដែល​អាច​ឲ្យ​កម្ពុជា​ជៀសផុត​ពី​អំពើហិង្សា និង​មិន​ក្លាយជា​ប្រទេស​ឯកោ​។​

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ទំនងជា​គ្មាន​ឱកាស​ឬ​ហេតុផល​គ្រប់គ្រាន់ ដើម្បី​ដាក់សំណើរ​នេះ ទៅកាន់​សម្តេច ហ៊ុន សែន នោះទេ ដ្បិត​សម្តេច ហ៊ុន សែន បានប្រកាស​បិទផ្លូវ​ជាមុន​រួចទៅហើយ ថា​ការបោះឆ្នោត នឹង​មិនអាច​ពន្យារពេល​ជាដាច់ខាត​។

​ថ្វីបើ​មេដឹកនាំ​កំពូលៗ រួមទាំង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល និង​គណបក្សកាន់អំណាច ប្រកាស​ក្តែ​ងៗ​ថា ការបោះឆ្នោត នឹង​ដំណើរ​ជាធម្មតា​តាម​ការគ្រោងទុក​ក្តី ប៉ុន្តែ​សាធារណជន​មួយចំនួន នៅតែ​មិនទាន់​ស្រឡះ​ក្នុង​ចិត្ត​ថា ការបោះឆ្នោត អាច​រៀបចំ​និង​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច ប្រសិនបើ​គ្មាន​ការចូលរួម​ពី​គណបក្សប្រឆាំង​។ ជាពិសេស សហគមន៍​អន្តរ​ជា​ជាតិ​នានា មានដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ថា នឹងមិន​ទទួល​សា្គ​ល់​ការបោះឆ្នោត ប្រសិនបើ អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​នេះ មិន​ត្រូវបាន​ដោះលែង​៕


Tag:
 សម្តេច ហ៊ុន សែន​
  សម រង្ស៊ី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com